Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ត្បូងឃ្មុំៈ​ អំពើ​ឃាតកម្ម​យ៉ាងសាហាវ​ព្រៃផ្សៃ​ បាន​កើតឡើង​លើ​ក្រុម​គ្រួសារ​មួយ​ បណ្ដាល​ឲ្យ​២នាក់​ប្តី​ប្រពន្ធ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ដោយ​គ្មាន​អ្នក​ណា​ម្នាក់​បាន​ដឹង​​។ ​ហេតុការណ៍​នេះ​បាន​កើតមាន​ឡើង​ កាលពីយប់ ថ្ងៃទី២០ ហើយ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២១​ ខែតុលា ឆ្នាំ២០១៧ ទើប​មាន​គេ​ប្រទះឃើញ​សាកសព​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​អ្នកភូមិទី៥ ឃុំ រកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះជាប្តីឈ្មោះ គឹម សេងគាង អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ ហួច ពៅ អាយុ៤៥ឆ្នាំ​ មុខ​របរ​លក់​ខោអាវ​ជជុះ​ ជនរងគ្រោះនៅភូមិទី៥ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​ លោក​ សាំង​ ហេង​ បាន​ប្រាប់​តាម​ទូរស័ព្ទ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​ ខែតុលា​នេះ​ ឲ្យ​ដឹង​ថា​ ករណី​ឃាតកម្ម​នេះ​ បាន​កើតមាន​ឡើង​កាល​ពី​ប្រមាណ​ជា​ម៉ោង​៨យប់​ ថ្ងៃ​ទី​២​០​ ខែ​តុលា​ ដោយ​មាន​អ្នក​ជិត​ខាង​បាន​ឮ​សម្លេង​ស្រែក​ដែរ​ តែ​គ្មាន​អ្នក​ចាប់អារម្មណ៍​នោះទេ​ ព្រោះ​ស្មាន​ថា​ រឿង​ប្តី​ប្រពន្ធ​ឈ្លោះប្រកែក​គ្នា​ជាធម្មតា​ ហើយ​រហូត​ដល់​ម៉ោង​ជាង​១០ព្រឹក ​ដោយ​បាត់​មិន​ឃើញ​ជនរងគ្រោះ​ ​ទៅ​លក់​ខោអាវ​នៅ​ផ្សារ​ ទើប​ប្អូន​ថ្លៃ​បាន​តាម​រក​ដល់​ផ្ទះ​ ហើយ​ក៏​ប្រទះឃើញ​ជនរងគ្រោះ​ទាំង​២នាក់​ប្តី​ប្រពន្ធ​ដេក​ស្លាប់​ដោយ​មាន​ឈាម​ហូរ​ស្រោច​ពេញ​ផ្ទះ​តែ​ម្ដង​។​

លោក​អធិការ​បាន​បន្ត​ថា​ បើតាមការពិនិត្យរបស់ជំនាញ ករណី​នេះ​ ក្រុម​ជនដៃដល់បានប្រដាប់ដោយកាំបិត ហើយកាប់ទៅលើជនរងគ្រោះ ជាច្រើនកន្លែង បណ្តាល​ឲ្យ​ស្លាប់ ទាំង២នាក់​ប្តី ប្រពន្ធតែម្តង។

ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើ​ការ​សើបអង្កេត​ស្រាវជ្រាវ ដើម្បី​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​ តែ​រហូត​មក​ដល់​ពេលនេះ​ សមត្ថកិច្ច​មិន​ចាប់​ខ្លួន​ជនសង្ស័យ​បាន​នៅឡើយ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor