
ថៃៈ ជនជាតិខ្មែរ ចំនួន៦នាក់ ក្នុងចំណោមបក្ខពួកប្រមាណជាង២០នាក់ ត្រូវបានក្រុមតម្រួតថៃ សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើ នៃសួនឧទ្យានជាតិប៉ាងស៊ីដា ក្នុងខេត្តស្រះកែវ ធ្វើការចាប់ខ្លួន ព្រមទាំងបានរឹបអូសនូវវត្ថុតាងជាច្រើនផងដែរ ខណៈដែលពួកគេធ្វើដំណើរចូលទៅក្នុងតំបន់ហាមឃាត់ តាមការនាំផ្លូវពីជនជាតិថៃ ដើម្បីចូលទៅស្ពាយឈើគ្រញូងចេញមកក្រៅ។ ប្រតិបត្តិការរបស់កម្លាំងជំនាញ ដែលមានក្រុមតម្រួតថៃ និងកម្លាំងមេព្រៃ ប្រចាំតំបន់ឧទ្យានជាតិប៉ាងស៊ីដា ធ្វើឡើងអស់រយៈពេលជាច្រើនម៉ោង រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ទើបចាប់ខ្លួនពួកគេបាននៅចំណុចទឹកធ្លាក់ផាតាខៀន ក្នុងភូមិ១១ ឃុំថាយ៉ែក ស្រុកមឿង ខេត្តស្រះកែវ។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោង១រសៀលថ្ងៃខែខាងលើ កម្លាំងបានចូលទៅកាន់តំបន់ខាងលើ ដោយសារតែទទួលបានព័ត៌មានពាក់ព័ន្ធនឹងករណីលួចកាប់ឈើគ្រញូងក្នុងតំបន់ហាមឃាត់។ នៅទីនោះ កម្លាំងបានរកឃើញស្នាមដានជើងជាច្រើន ព្រមទាំងមានស្នាមអូសរំកិលឈើចេញពីព្រៃថែមទៀតផង ទើបកម្លាំងតាមដានរហូតបានប្រទះឃើញមានឈើគ្រញូងជាច្រើនផ្ទាំង ដែលជនមិនស្គាល់មុខយកទៅលាក់ក្នុងគុម្ពោធព្រៃ ហើយកម្លាំងបានរៀបចំផែនការដាក់អន្ទាក់តែម្តង។

លុះនៅវេលាម៉ោង៦ល្ងាច ស្រាប់តែមានរថយន្តចំនួនពីរគ្រឿង រួមជាមួយនឹងមនុស្សប្រមាណជាង២០នាក់ បានជិះមកឈប់ត្រង់ចំណុចខាងលើ ដោយពួកគេម្នាក់ៗ បានដើរចុះសំដៅទៅលើកឈើទាំងនោះដាក់រថយន្ត តែត្រូវកម្លាំងចេញប្រតិបត្តិការស្ទាក់ចាប់បានមនុស្ស៦នាក់ ឈើគ្រញូងចំនួន២៦ផ្ទាំង រណាយន្ត១គ្រឿង និងរថយន្ត១គ្រឿង ម៉ាក តូយ៉ូតា វីហ្គូ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាងកក ៦៥៧៩។ ដោយឡែក រថយន្តមួយគ្រឿងទៀត និងមនុស្សមួយចំនួន បានបើករត់គេចខ្លួនបាត់ស្រមោល។ នៅក្នុងរថយន្តដែលចាប់បានមានប័ណ្ណបើកបរមួយសន្លឹកឈ្មោះ សនរ៉ាម ប្រាបណក។

សេចក្ដីរាយការណ៍បន្តថា ជនទាំង៦នាក់ ដែលសមត្ថកិច្ចថៃ ចាប់ខ្លួន គឺជាជនជាតិកម្ពុជា ទាំងអស់ ដោយពួកគេបានសារភាពថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ ពួកខ្លួនមានគ្នាចំនួន២៧នាក់ ត្រូវបានជនជាតិថៃ ទាក់ទងឲ្យចូលទៅលីឈើគ្រញូងចេញពីព្រៃមកខាងក្រៅ ដោយគេឲ្យតម្លៃក្នុង១គីឡូក្រាម២០០បាត ហើយពួកគេក៏បានឡើងរថយន្តចំនួន២គ្រឿង ដែលទៅទទួលនៅប៉ោយប៉ែត វេលាម៉ោង៨យប់។ ក្រោយពីបានដល់ទីតាំងខាងលើ ពួកគេបានដើរក្នុងព្រៃអស់រយៈពេល៧ថ្ងៃ ទើបបានទៅដល់កន្លែងអារឈើ ដោយនៅទីនោះ មានជនជាតិថៃ ជាអ្នកអារឈើ ហើយពួកគេត្រឹមតែជាអ្នកស្ពាយ និងជញ្ជូនមកខាងក្រៅតែប៉ុណ្ណោះ។ លុះថ្ងៃទី១៨ ខែតុលា ទើបត្រូវជញ្ជូនចេញពីព្រៃ ដោយមានថៃម្នាក់ ជាអ្នកនាំផ្លូវ ហើយក៏បានយកឈើទាំងនោះ មកលាក់ទុកបណ្តោះអាសន្ននៅត្រង់ចំណុចក្បែរទឹកធ្លាក់។ ក្រោយពីមានសភាពស្ងាត់ ទើបនៅម៉ោង៦ល្ងាច ពួកគេក៏បានវិលត្រឡប់មកវិញ បម្រុងលើកឈើទាំងនោះឡើងរថយន្ត ក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង។
បច្ចុប្បន្នជនសង្ស័យរួមជាមួយនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតប៉ាងស៊ីដា ដើម្បីសាកសួរមុននឹងបញ្ជូនទៅឲ្យកម្លាំងជំនាញ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕



