ខេត្តកំពត៖ យោងតាមសេចក្ដីរាយការណ៍(បឋម)ឲ្យដឹងថា អំពើឃាតកម្មដ៏សាហាវមួយបានបង្កឲ្យមានការតក់ស្លុតនិងភ្ញាក់ផ្អើល កាលពីវេលាព្រឹកទៀបភ្លឺថ្ងៃទី១៩ធ្នូ ២០១៦នេះ នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ តាមប្រភពឲ្យដឹងថា បុរសនោះពិតជាសាហាវឃោរឃៅមែន! បានប្រើចបវាយសម្លាប់ ប្រពន្ធនិងកូនប្រុសអាយុទើប២ឆ្នាំរបស់ខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
យោងតាមមន្រ្តីនគរបាលមូលដ្ឋានក្រុងកំពត បានឲ្យដឹងថា ជនបង្កមាន ឈ្មោះ អ៊ុំ រស្មី ហៅ ហ្សូ អាយុ៣៥ឆ្នាំ នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានសម្លាប់ប្រពន្ធ ឈ្មោះម៉ក់ សារ៉ាយ អាយុ២៤ឆ្នាំ និងកូនប្រុសឈ្មោះថា រដ្ឋពិសិដ្ឋ អាយុ២ឆ្នាំ ។
មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា ជនសង្ស័យប្រើចបវាយសម្លាប់តែម្តង ហើយមូលហេតុដោយសារជនសង្ស័យមានជំងឺប្រសៃប្រសាទ ហើយករណីនេះសមត្ថកិច្ចបានទទួលដំណឹង នៅពេលក្រុមគ្រួសារយកថ្នាំមកផ្ទះជនសង្ស័យទើបឃើញករណីនេះហើយក៏រាយការណ៍តែម្ដង។
នៅពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងតាមចាប់ជនបង្កជាប្តី ពីព្រោះក្រោយសម្លាប់ប្រពន្ធ និងកូនហើយ ជននេះបានរត់គេចខ្លួនបាត់៕ ដោយ៖ ហង្ស សុភាព
ផ្តល់សិទ្ធិដោយ៖VD7News.com
