Sponsor

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី២២ធ្នូ២០១៦ ស្ថិតនៅលើផ្លូវបេតុងចុះពីវត្តលើត្រង់ចំណុច មហោស្រពចាស់ ស្ថិតក្នុងភូមិ២ សង្កាត់២ ខេត្តព្រះសីហនុ។ ដោយមាន​ប្រជាពលរដ្ឋមួយរថយន្ត បានធ្វើដំណើរមកខេត្តព្រះសីហនុ ដើម្បីចូលរួមសប្បាយក្នុងពិធីបុណ្យសមុទ្រ និងយកប៉េងប៉ោងទៅលក់ ជាអកុសលជួបគ្រោះថ្នាក់ក្រឡាប់រថយន្ត បណ្តាលឲ្យស្លាប់ និងរបួសរហូតដល់២២នាក់។ យោងតាមលោកឧត្តមសេនីយ៍ស្នងការ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យស្លាប់ស្រ្តីម្នាក់ រងរបួសធ្ងន់ ៤នាក់ (ស្រី២នាក់) និងរងរបួសស្រាល ១៧នាក់ (ស្រី ៣នាក់)។

ប្រភពឲ្យដឹងថា ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯសាកសពត្រូវបានកម្លាំងជំនាញទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាប្រពៃណី។

ប្រភពឲ្យដឹងថា រថយន្តមានទិសដៅពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ​គោលបំណង ដើម្បីមកកម្សាន្តលេង​ និងយកប៉េងប៉ោងមកលក់ក្នុងឱកាសបុណ្យសមុទ្រ​។ លុះដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវចុះចំណោត អ្នកបើកបររថយន្តពុំស្គាល់ស្ថានភាពផ្លូវ ស្មានតែផ្លូវត្រង់ទៅមុខទៀតក៏ចុះ លុះដល់ចំណុចរបងមហោស្រពចាស់ ឃើញថាទៅមុខមិនរួច ក៏ជាន់ហ្រ្វាំងតែហ្រ្វាំងមិនស៊ីបណ្ដាលឲ្យបុករបងតែម្តង»។សម្រាប់រថយន្ត ត្រូវបានកម្លាំងជំនាញស្ទូចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បន្តតាមនីតិវិធី។

គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៤ នេះត្រូវប្រារព្វធ្វើឡើងចាប់ពីថ្ងៃទី២៣-២៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅទីរួមខេត្តព្រះសីហនុ ដោយគេរំពឹងថា នឹងមានមនុស្សចូលរួមរាប់ម៉ឺននាក់។

ជាមួយគ្នានេះទាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរជាយថាហេតុ៕

ផ្ដល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor