
សិល្បៈ ៖ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញនេះតារាចម្រៀងលោក សន វិជ្ជបុត្រ និងសិល្បករមួយចំនួនទៀតបានរួមគ្នាចែកទានដល់ជនពិកាភ្នែកច្រៀងតាមស្ដុប និងតាមផ្សារប្រមាណ១០០នាក់ក្នុងរាជធានីភ្នំពេញ។ ការចែកទានខាងលើនេះលោក សន វិជ្ជបុត្រ បានប្រាប់ថា លោកស្ទើរស្រក់ទឹកភ្នែកពេលដឹងថា ជនពិកាភ្នែកច្រៀងតាមស្តុប និងតាមផ្សាររកមួយថ្ងៃបានលុយចែកគ្នាម្នាក់ពីប្រាំពាន់ទៅជិតមួយម៉ឺនរៀល។ជាលើកទីមួយហើយដែលតារាចម្រៀងលោក សន វិជ្ជបុត្រ បានមើលឃើញទុក្ខលំបាក និងធ្វើទានដល់ជនពិកាភ្នែកច្រៀងតាមស្តុប បន្ទាប់ពីអ្នកសិល្បៈរូបនេះបានធ្វើកម្មវិធីមនុស្សធម៌ចែនទានដល់ជនក្រីក្រតាមបណ្ដាខេត្តជាច្រើនលើក។
កម្មវិធីចែកអំណោយដល់ជនពិកាភ្នែកខាងលើកនេះបានធ្វើឡើងនៅក្នុងបរិវេណវត្តនាគវ័ន្ត ក្រោមវត្តមានព្រះសង្ឃ រួមជាមួយសិល្បករមួយចំនួន ហើយអំណោយទាំងនោះមានដូចជា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ បន្លែ ក្រមា អាវយឺត...ដែលសុទ្ធសឹងតែជាផលិតផល ផលិតនៅក្នុងស្រុក។លោក សន វិជ្ជបុត្រ បានប្រាប់ Kqube.net ថា ការធ្វើទានលើកនេះ គឺបានចំណាយទឹកប្រាក់សរុប ២ពាន់ដុល្លារអាមេរិក អំណោយខាងលើនេះលោកបានចំណាយ៥០ភាគរយ និងមួយចំណែកទៀតជាការចូលរួមរបស់អ្នកនាង ថាច់ ផល្លា អតីតតារាសម្ដែងបច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក ព្រមទាំងសិល្បករ សិល្បការិនីជាច្រើនរូបទៀត ។
លោកបន្តថា កម្មវិធីនេះជនពិកាភ្នែកទាំង១០០ នាក់ស្មើនឹង១៦ក្រុម ត្រូវបានក្រុមការងាររបស់លោកប្រមូលមកពីតាមស្ដុបទាំងអស់ក្នុងរាជធានីភ្នំពេញ។តារាចម្រៀងចិត្តធម៌រូបនេះបន្តថា ការប្រមូលពួកគាត់មកទទួលអំណោយ ព្រោះតែលោកមើលឃើញជនពិកាភ្នែកច្រៀងតាមភ្លើងស្ដុប មានជីវភាពក្រីក្រលំបាកខ្លាំង ទើបលោកមានចិត្តអាណិតចង់ជួយទៅតាមលទ្ធភាពដែលអាចធ្វើបាន ។ លោកបញ្ជាក់ថា ការធ្វើអំណោយលើកនេះ ទោះជាបានតិចតួច តែលោកបានទិញកសិផល និងផលិតផលខ្មែរ មកចែកជូនពួកគាត់ គឺចង់បង្ហាញពីការគាំទ្រលើកស្ទួយផលកសិកម្ម និងផលិតផលខ្មែរ ។
ម្ចាស់បទ “គេស្រឡាញ់អូនគ្រាន់តែចង់ឡូយឆាយ” លោក សន វិជ្ជបុត្រ ប្រាប់ថា "ក្រោយពីបានជួប និងសួរសុខទុក្ខជនពិកាភ្នែក ខ្ញុំពិតជាអាណិតពួកគាត់ស្ទើរទប់ទឹកភ្នែកមិនបាន នៅពេលដែលពួកគាត់ក្នុងក្រុមនីមួយៗសុទ្ធតែបានប្រាប់ដូចៗគ្នាថា ការច្រៀងតាមភ្លើងស្តុបគាត់មិនចង់ទេ ព្រោះវាប៉ះពាល់ដល់សោភណភាពសង្គម តែគ្មានជម្រើស ព្រោះក្រពះឃ្លាន និងមិនមានលទ្ធភាពទៅធ្វើការស៊ីឈ្នួលបាន ដូច្នេះហើយទើបបង្ខំចិត្តមកច្រៀងនៅតាមស្តុបហាលក្ដៅភ្លៀងខ្យល់ ដើម្បីទទួលបានការដាក់ទានពីអ្នកធ្វើដំណើរ"។
លោក សន វិជ្ជបុត្រ បញ្ជាក់ទៀតថា "តាមព័ត៌មានដែលខ្ញុំបានសួរនាំជនពិកាភ្នែកជាច្រើននាក់ពីចំនួនប្រាក់ចំណូលប្រចាំថ្ងៃ ពួកគាត់មួយក្រុមៗបានប្រាប់ថា ក្នុងមួយថ្ងៃរកបានត្រឹមតែពី៥ទៅ៨ម៉ឺនរៀល ហើយពេលចែកគ្នា គឺម្នាក់ៗបានពី៥ពាន់ទៅ៨ពាន់រៀល គ្រាន់តែទិញបាយចិញ្ចឹមក្រពះរួចមួយថ្ងៃៗតែប៉ុណ្ណោះ ដូច្នេះហើយខ្ញុំសូមឲ្យបងប្អូនខ្មែរយើងទាំងអស់គ្នា មិនថាអ្នកក្នុង និងក្រៅស្រុកទេ គួរជួយបងប្អូនជនពិកាភ្នែកផង "៕
ផ្ដល់សិទ្ធិដោយ៖KQUBE









