
សំឡេងដែលទទួលបានពីមជ្ឈមណ្ឌលគ្រប់គ្រងការហោះហើរ បង្ហាញថា អ្នកបើកយន្តហោះដែលធ្លាក់កាលពីថ្ងៃច័ន្ទក្នុងប្រទេស កូឡុំប៊ី បានប្រកាសថា យន្តហោះអស់ប្រេង ហើយត្រូវការចុះចតបន្ទាន់ ប៉ុន្តែយន្តហោះបានធ្លាក់នៅក្បែរអាកាសយានដ្ឋានទីក្រុង មេដលីន សម្លាប់មនុស្សយ៉ាងតិច ៧១ នាក់ ជាឧបទ្ទវហេតុដែលបានសម្លាប់ក្រុមបាល់ទាត់ ប្រេស៊ីល មួយក្រុម ដែលត្រូវប្រកួតផ្ដាច់ព្រាត់ជាមួយក្រុម កូឡុំប៊ី នៅថ្ងៃពុធ ។
អ្នកបើកយន្តហោះ និយាយទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងការហោះហើរ ក្នុងអាកាសយានដ្ឋានទីក្រុង មេដេលីន ថា យន្តហោះជួបបញ្ហា ហើយបានស្នើសុំបញ្ជាពីមជ្ឈមណ្ឌលគ្រប់គ្រងការហោះហើរ ។ ចំណែកមជ្ឈមណ្ឌលគ្រប់គ្រងជើងហោះហើរ LAMIA 933 បានបញ្ជាឲ្យចុះចតចតលើអាកាសយានដ្ឋាន ទោះជាផ្លូវចុះចតរអិលដោយសារភ្លៀងយ៉ាងណាក៏ដោយ ។
ក្នុងពេលអ្នកបើកយន្តហោះ និងបុគ្គលិកមជ្ឈមណ្ឌលគ្រប់គ្រងការហោះហើរទាក់ទងគ្នានោះ យន្តហោះស្ថិតនៅចម្ងាយ ១៣ គីឡូម៉ែត្រពីអាកាសយានដ្ឋាន ចំណែកអ្នកបើកបរបានរាយការណ៍ផងដែរអំពីបញ្ហាចរន្តអគ្គិសនី នៅវិនាទីចុងក្រោយនៃការសន្ទនាមុនពេលបាត់សំឡេងរបស់អ្នកបើកយន្តហោះ ។
ផ្ដល់សិទ្ធិដោយ៖KQUBE