ភ្នំពេញ៖ កាលពីវេលាម៉ោង១រសៀលថ្ងៃទី៥ធ្នូ២០១៦នេះ ស្ថិតនៅចំណុចភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ភ្នំពេញ,ដោយមានយុវជនម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ម្តាយនារីរងគ្រោះ ព្រោះតែចោទប្រកាន់ថា បុរសរូបនេះបានធ្វើសកម្មភាពរួមភេទជាមួយកូនរបស់ខ្លួនជាអនីតិជនក្រោមអាយុ១៥ឆ្នាំ។
យោងតាមសមត្ថកិច្ចឲ្យដឹងថា បុរសសង្ស័យខាងលើមានឈ្មោះ ភ័ក្រ្ត ឆវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបុរីប៉េងហួត ផ្ទះលេខ២៥E0 ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកនារីរងគ្រោះមានឈ្មោះ ស.ញ.ស ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះលេខ៥១ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ប្រភពឲ្យដឹងថា នៅមុនពេលកើតហេតុកាលពីខែកក្កដា ឆ្នាំ២០១៦ ម៉ោង១រសៀល ជនសង្ស័យបានទាក់ទងស្រឡាញ់គ្នាជាមួយជនរងគ្រោះ រួចក៏នាំគ្នាទៅច្រៀងខារ៉ាអូខេនៅទីតាំងខារ៉ាអូខេយីហោ Brother ចំណុចកើតហេតុ ពេលនោះជនសង្ស័យនិងជនរងគ្រោះបានព្រមព្រៀងរួមភេទជាមួយគ្នាក្នុងបន្ទប់ខារ៉ាអូខេខាងលើបានសម្រេចមួយលើក។ បន្ទាប់មកជនសង្ស័យនិងជនរងគ្រោះ បានរួមភេទជាមួយគ្នានៅក្នុងបន្ទប់ខារ៉ាអូខេខាងលើ ក្នុង១សប្តាហ៍ចំនួន២ដង។ លុះដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១២និង១០នាទីយប់រំលងអាធ្រាត ជនសង្ស័យនិងជនរងគ្រោះបានឌុបដើរលេង រួចនាំគ្នាមករួមភេទនៅផ្ទះជនសង្ស័យខាងលើ រួចហើយជនរងគ្រោះបានយករឿងហេតុមកប្រាប់ម្តាយ ទើបនៅថ្ងៃទី ៥ធ្នូ២០១៦ វេលាម៉ោង១រសៀល ខណៈដែលជនសង្ស័យកំពុងនៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ក៏ត្រូវបានម្តាយឪពុកជនរងគ្រោះឃើញឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចខណ្ឌច្បារអំពៅតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕
ផ្ដល់សិទ្ធិដោយ៖VD7News.com
