
ម្ចាស់ពានកម្មវិធី Cambodian Idol កញ្ញា ឈិន ម៉ានិច្ច គឺជាតារាតាមវង់ភ្លេងធ្លាប់មានប្រវត្តិកម្សត់ជូរចត់ និងបរាជ័យការងារជាច្រើនលើក ប៉ុន្តែកញ្ញាមិនបោះបង់ការតស៊ូទាំងនោះចោលឡើយ។ ជាក់ស្ដែងមុនមានវ័យ២២ឆ្នាំនេះ កញ្ញាបានរ៉ាប់រងការងារជួយសម្រាលបន្ទុកដល់គ្រួសារ ដោយខិតខំរកលុយចិញ្ចឹមប្អូនៗតាំងពីវ័យកុមារភាពមកម្លេះ។
ឈិន ម៉ានិច្ច ប្រាប់ថា ដោយសារតែគ្រួសារស្ថិតនាងមានជីវភាពទីទាល់ក្រីក្រពេក កាលពីនាងមានអាយុប្រមាណជាង ១០ឆ្នាំ ឪពុកម្ដាយនាងបានចេញទៅរកស៊ីឆ្ងាយពីកូនៗ ដើម្បីរកប្រាក់មកផ្គត់ផ្គង់គ្រួសារ ប៉ុន្តែការរកស៊ីរបស់គាត់មិនបានគ្រប់នោះទេ គឺនៅតែស្ថិតក្នុងសភាពបានព្រឹកខ្វះល្ងាចដដែល។
កញ្ញាបន្តប្រាប់ថា ពេលដែលឪពុកម្ដាយឃ្លាយឆ្ងាយនាងត្រូវនៅមើលថែប្អូនប្រុស២នាក់ ជាមួយយាយតាមានវ័យចំណាស់ មិនអាចធ្វើការងាររកស៊ីកើតដូច្នេះហើយពេលទំនេរពីការសិក្សា កញ្ញាតែងធ្វើការស៊ីឈ្នួលដកស្ទូងអ្នកជិតខាង ដែលក្នុងមួយថ្ងៃនាងអាចរកថវិកាបានត្រឹមតែពី ពីរពាន់ប្រាំរយទៅបីពាន់រៀលតែប៉ុណ្ណោះ។
ម្ចាស់ពានកម្មវិធី Cambodian Idol ថ្មីថ្មោងរូបនេះបន្តថា អស់ពេល៤ឆ្នាំដែលនាង និងប្អូនៗបានរស់នៅដូចក្មេងកំព្រា ដែលគ្មានឪពុកម្ដាយនៅជិត ហើយពេលពួកគាត់វិលត្រឡប់មកវិញក៏មិនមានប្រាក់ជួយជ្រោមជ្រែងគ្រួសារឲ្យប្រសើរឡើងដែរ គឺស្ថានភាពក្នុងគ្រួសារនាងនៅតែដូចដើម ចំណុចនេះហើយដែលធ្វើឲ្យនាងត្រូវសម្រេចចិត្តចេញរកលុយជួយគ្រួសារ ខណៈដែលនាងកំពុងរៀនថ្នាក់ទី១២មិនទាន់បានប្រលងចប់ផង កញ្ញាក៏បានមកធ្វើការរោងចក្រ។
កញ្ញា ឈិន ម៉ានិច្ច បន្តប្រាប់ទៀតថា ក្រៅពីធ្វើការរោងចក្រនាងក៏ដើរច្រៀងតាមវង់ភ្លេងតន្ត្រីក្នុងខេត្តផងដែរហើយការងារទាំងពីរនេះនាងតស៊ូជុំនេះភាពហត់នឿយខ្លាំងណាស់ ព្រោះពេលថ្ងៃត្រូវធ្វើការនៅរោងចក្រ ពេលយប់ដើរច្រៀងបន្ថែមទៀត ព្រោះការងាររោងចក្រធ្វើការមួយខែបានប្រាក់មិនដល់មួយរយដុល្លារទេ។ កញ្ញាឲ្យដឹងទៀតថា ក្រោយពីការងារចម្រៀងនាងទទួលបានការកោតសសើរច្រើនពីសំណាក់អ្នកស្គាល់ និងមានការជំរុញពីបងៗក្នុងវង់តន្ត្រីផងនោះ នៅពាក់កណ្ដាលឆ្នាំ២០១៦ នាងក៏បានមកច្រៀងនៅភ្នំពេញ ព្រោះទីនេះនាងអាចរកលុយមួយយប់បាន ២០ដុល្លារ ។
សម្រាប់ការដាក់ពាក្យប្រលងកម្មវិធី Cambodian Idol ឈិន ម៉ានិច បានប្រាប់ដែរថា ដំបូងឡើយនាងមិនចង់ទេ ព្រោះធ្លាប់ប្រលងធ្លាក់ក្នុងកម្មវិធី The Voice Cambodia ម្ដងរួចមកហើយតែដោយសារម្ចាស់ហាងនាងច្រៀងពេលយប់ជំរុញខ្លាំងពេកនាងដាច់ចិត្តដាក់ពាក្យប្រឡងតែម្ដង ដែលនាងបានជ្រើសរើសយកបទចម្រៀងស្នាដៃនិពន្ធថ្មី "នៅទីនេះមានមនុស្សខូចចិត្ត" ម្ចាស់បទដើម អេដា មកប្រឡងក្នុងវគ្គ Judge Audition ហើយក៏បានជាប់នៅវគ្គក្រោយៗ រហូតទទួលបានជ័យលាភី ម្ចាស់ពាន Cambodian Idol រដូវកាលទី២ តែម្ដង។
គួរបញ្ជាក់ថា ម្ចាស់ពានកម្មវិធី Cambodian Idol កញ្ញា ឈិន ម៉ានិច្ច មានស្រុកកំណើតខេត្តកំពង់ស្ពឺ អាយុ២២ឆ្នាំ នាងជាកូនច្បងដែលមានបងប្អូនប្រុសពីរនាក់ ឪពុកម្ដាយប្រកបរបរធ្វើស្រែ គ្រួសារក្រីក្រ៕
ទស្សនាវគ្គ Live Show យប់មិញ
ផ្តល់សិទ្ធិដោយ៖KQUBE