
ភ្នំពេញ៖ កាលពីវេលាម៉ោង១រសៀលថ្ងៃទី៩មករា ឆ្នាំ២០១៧នេះ នៅក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ភ្នំពេញ។ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍ទួលទំពូងទី១ ធ្វើការចុះបង្ក្រាបគ្រឿងញៀននៅក្នុងសណ្ឋាគារ តាន់ថាវ័រ ជាន់ទី៥។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្ក្រាបគ្រឿងញៀនខាងលើនេះ ដឹកនាំកម្លាំងដោយលោកវរៈសេនីយ៍ត្រី ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យ ដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ជាក់ស្តែងក្នុងប្រតិបត្តិការនេះសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៤នាក់ ក្នុងនោះមានស្ត្រីជនជាតិខ្មែរចំនួន៣នាក់ និងបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ និងដកហូតបានថ្នាំញៀនចំនួន២៨កញ្ចប់ ក្នុងនោះមាន៣កញ្ចប់ធំ និង២៥កញ្ចប់តូច, ជញ្ជីងថ្លឹងគ្រឿងញៀន១ រួមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
ក្រោយពីបង្ក្រាបគ្រឿងញៀនខាងលើនេះជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគបាលខណ្ឌមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធី៕




ផ្តល់សិទ្ធិដោយ៖VD7News.com