
បាត់ដំបង៖ យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយរហែកប្រអប់ដៃម្ខាងដូចច្រៀកងៀតបន្ទាប់ពីជនរងគ្រោះរូបនេះ បានយក ផាវដែលមានរាងដូចគ្រាប់បែកមកដុតលេងក្នុងថ្ងៃសែនចិនហើយមិនព្រមបោះទៅណានោះទេដោយគេបានឈរកាន់ ផាវនោះជាប់នៅនឹងដៃបណ្ដាលអោយផ្ទុះឡើងខ្ទេចបាតដៃតែម្ដង ។
បើតាមការបញ្ជាក់ពីលោក សារ៉េត វិសេដ្ឋ អធិការរងនគរបាលស្រុកភ្នំព្រឹក បានអោយដឹងថា ហេតុការណ៍នេះបាន កើតឡើងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាចនៅចំណុចភូមិភ្នំតូចឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយសារតែមានការភ្ញាក់ផ្អើលមួយបាន កើតឡើង ព្រមទាំងបានឃើញយុវជនម្នាក់ដេកដួល និង ពោរពេញដោយឈាមពេញដីផងដែរ។
ក្រោយពីបានធ្វើការសាកសួរទើបដឹងថា ជនរងគ្រោះមានឈ្មោះ លី ទិត្យ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើដោយគេបានទិញផាវដែលមានរាវមូលដូចគ្រាប់បែកជាច្រើនគ្រាប់ យកមកអង្គុយដុតលេងក្នុងថ្ងៃសែនចិនព្រមទាំងមានសម្លេងហ៊ោកញ្ជ្រៀវផងដែរ ពី សំណាក់ក្មេងៗនៅក្នុងភូមិលាយឡំនឹងសម្លេងផ្ទុះគ្រាប់ផាវយ៉ាងខ្លាំងលាន់ឮដូចគ្រាប់បែក។
ស្របពេលជាមួយគ្នានោះដែរ ក៏ស្រាប់តែគេបានឮសម្លេងយុវជនម្នាក់នោះស្រែកឡើងយ៉ាងខ្លាំងដោយបានដួលទៅលើដី ព្រមទាំងមានស្នាមរបួសនៅត្រង់ប្រអប់ដៃខាងឆ្វេងមើលលែងយល់ ស្ទើរតែដាច់ប្រអប់ដៃទាំងស្រុងដោយសារតែ យុវជនរូបនេះគេចង់សង្ហារដោយគេបានដុតផាវរួចកាន់ជាប់ ក្នុងប្រអប់ដៃខាងឆ្វេង ដោយគេមិនព្រមបោះទៅលើដីឡើយទើបបណ្ដាលអោយរងរបួសបែបនេះ។ ភ្លាមៗនោះដែរ ទាំងកម្លាំងសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋ បាននាំគ្នាយកកន្សែងមករុំដៃព្រមទាំងបានបញ្ជូនទៅកាន់មណ្ឌលសុខភាពពេជ្រចិន្ដាដើម្បីជួយសង្គ្រោះអោយបានទាន់ពេលវេលា ទាំងនេះគឺជាការធ្វេសប្រហែសរីឯការដុតផាវក្នុងថ្ងៃសែនចិនក៏ត្រូវបានហាមឃាត់ពីសំណាក់អាជ្ញាធរ ក៏ដូចជាកម្លាំងសមត្ថកិច្ចផងដែរ ៕




