
ជីវិត៖ ដូនចាស់ម្នាក់ដែលមានអាយុជិត១០០ឆ្នាំទៅហើយ ហើយក៏ជាវ័យអាចនិយាយបានថាចាស់ជរាណាស់ហើយ តែគាត់មិនបានសោយសុខក្នុងជីវិតកម្សត់របស់គាត់នោះទេ គាត់ត្រូវរំកិលចុះពីលើផ្ទះជួលដែលមានកម្ពស់រហូតដល់ទៅបីជាន់ ដើម្បីមកសុំទានគេនៅម្តុំផ្សារទូលសង្កែរាជធានីភ្នំពេញ រាល់ព្រឹកពេលដែលលោកយាយគ្មានលុយដើម្បីទិញអង្ករនិងម្ហូបសម្រាប់ទទួលទាន។
ក្នុងទិដ្ឋភាពដៃកំពុងលើកប្រណម្យឡើងលើ យកបាវទ្រាប់គូទ ស្បែកជើងដែលមនុស្សទូទៅពាក់នៅនឹងជើង តែគាត់យកមកពាក់នៅហ្នឹងដៃរ ក្នុងផ្លាស់ទីពីកន្លែងមួយទៅកាន់កន្លែងមួយទៀត ភ្នែកសម្លឹងទៅមុខ ជាសញ្ញាប្រាប់ថាលោកយាយកំពុងតែសុំលុយ ពីអ្នកដំណើរនៅជុំវិញខ្លួនរបស់លោកយាយ ក្នុងទឹកមុខគួរឲ្យអាណិតដែលឃើញតែស្នាមជ្រួញ បាត់អស់ភាពរីករាយ ពេលខ្លះក៏ត្រូវអ្នកចិត្តបុណ្យដាក់ទានឲ្យ១រយ ប្រាំរយជាដើម តែពេលខ្លះទៀតអ្នកដំណើរមិនខ្ចីនឹងមើលមុខរបស់គាត់ផង ហើយអាចអ្នកបើកបរខ្លះក្តៅក្នុងចិត្តព្រោះតែលោកយាយកំពុងរំខានដំណើររបស់ពួកគេ។ល។
ក្នុងជីវិតបែបនេះ ស្ថិតក្នុងវ័យនេះ តើគាត់នឹងត្រូវបន្តជីវិតទៅថ្ងៃមុខយ៉ាងណាទៅ? អ្នកណាមិនចង់រស់? លោកយាយមានអាយុ៩៥ឆ្នាំទៅហើយ នៅខំប្រឹងយកគូទធ្វើជើងដើម្បីសុំទានគេរកលុយទិញបាយទទួលទាន ព្រោះតែគាត់ចង់រក្សាជីវិតរបស់គាត់។
ហើយចុះតើហេតុអ្វីមនុស្សមួយចំនួនមានផ្ទះមានលុយ មានរបស់របរ មានអ្វីៗជាច្រើនដែលលោកយាយគ្មាន បែរជាចង់ស្លាប់ តើអ្នកទាំងនោះមានបញ្ហាអី? តើជីវិតរបស់ពួកគាត់រស់នៅលំបាកខ្លាំងជាងស្ត្រីចំណាស់ម្នាក់នេះទៀតឬ? ហើយលំបាកជាងអ្នកដើរសុំទាន មនុស្សទុរគតផ្សេងទៀតឬ? ដូចនេះយើងត្រូវចេះស្រឡាញ់ជីវិតរបស់យើង។ ងាកមកលោកយាយខាងលើនេះវិញ ប្រសិនជាមានបងប្អូនណាបានជួបលោកយាយនៅទីតាំងខាងលើ សូមមេត្តាបង្ហាញក្តីអាណិតស្រលាញ់ទៅកាន់គាត់ផង សូមកុំចោលភ្នែករំលងគាត់អី ពេលនេះគាត់ទុកអ្នករាល់គ្នាដូចជាអ្នកមានបុណ្យរបស់គាត់ សូមធ្វើទានទៅកាន់មនុស្សដែលពួកគេត្រូវការ និងចាំបាច់បំផុតនូវទានរបស់អ្នកទាំងអស់គ្នា។ រូបភាព៖ Vath Na




ផ្តល់សិទ្ធិដោយ៖KQUBE