
ភ្នំពេញ៖ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧នេះ លើកំណាត់ផ្លូវសហព័ន្ធរុស្សី មុខក្រុមហ៊ុនលក់រថយន្ត NISSAN ស្ថិតក្នុងភូមិប៉ប្រ៉កខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។ ដោយមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកជិះម៉ូតូខ្វះការប្រុងប្រយ័ត្នទៅបុកនិងរថយន្តប្រមូលសំរាមស៊ីនទ្រី បណ្ដាលឲ្យ ជនរងគ្រោះដែលស្លាប់មានឈ្មោះ លី ឆាយហុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនលក់គ្រឿងបន្លាស់ទូរស័ព្ទ រីឯនារីត្រូវជាប្អូនជីដូនមួយរងរបួសបាក់ជើងឈ្មោះ តាល់ ស្រីណុច អាយុ២០ឆ្នាំ ធ្វើការជាមួយគ្នា ស្នាក់នៅភូមិតាំងកសាងខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទាំង២នាក់ជិះម៉ូតូម៉ាកស៊ុយស៊ីគី និច ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1FF-0575 ធ្វើដំណើរពីកើតទៅលិច ។ បើតាមសម្តីរបស់សាច់ញាតិប្រាប់អោយដឹងថា ជនរងគ្រោះទើបនឹងចេញពីខួបកំណើតមិត្តភក្តិ ។
ប្រភពឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុម៉ូតូបានបើកវ៉ាជែងរថយន្ត១គ្រឿងពីខាងស្ដាំដៃ តែមិនបានឃើញរថយន្តក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រីកំពុងតែឈប់ប្រមូលសំរាមនោះទេ ក៏ជ្រុលទៅបុកចំពីក្រោយរថយន្តដឹកសំរាមនោះបណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកនារីរួមដំណើរជាមួយរងរបួសបាក់កជើងខាងឆ្វេង ។
ក្រោយពេលកើតហេតុ នារីរងគ្រោះត្រូវបានរថយន្តសង្គ្រោះឯកជនមកដឹកយកទៅសង្គ្រោះ ដោយឡែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្ត និងម៉ូតូបានសមត្ថកិច្ចចរាចរណ៍ខណ្ឌសហការជាមួយជំនាញចរាចរណ៍ក្រុងវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុង រងចាំការដោះស្រាយនៅពេលក្រោយ ៕



ផ្តល់សិទ្ធិដោយ៖VD7News.com