
ភ្នំពេញ៖ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៣ខែមករាឆ្នាំ២០១៧នេះ ស្ថិតនៅក្បែរផ្សារឯករាជ្យ១ តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដោយរថយន្តមួយគ្រឿង បើកបរក្នុងល្បឿនលឿន ទាក់ដៃចង្កូតម៉ូតូដួលអូស បែកក្បាលស្លាប់ម្នាក់ របួសធ្ងន់ស្រាល០២នាក់។ អ្នកស្លាប់មានឈ្មោះធី ចន្ធូ ភេទប្រុស អាយុ១៩ឆ្នាំ ជាជាងជួសជុលម៉ូទ័រ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិគងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1D-5808 ។ ចំណែករថយន្តបង្កម៉ាក Lexus RX300 ពណ៌ស្ករ មិនចាំស្លាកលេខ បើកដោយ ជនជាតិចិន រត់បាត់ស្រមោល ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះមានគ្នា៣នាក់ ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងធ្វើដំណើរតាមផ្លូវវេងស្រេងពីលិចទៅកើតក្នុងល្បឿនលឿន ចំណែករថយន្តបង្កឡិចស៊ីស RX 300 បើកចេញពីផ្លូវបេតុងទិសដៅពីត្បូងទៅជើង ដោយសារតែផ្លូវរាងចំណោទបន្តិចធ្វើឲ្យរថយន្តបន្ថែមល្បឿនលឿនបើកចេញមកធ្វើឲ្យម៉ូតូគេចមិនទាន់បានទាក់ដៃចង្កូតរថយន្តដួលអូលអូសនឹងថ្នល់បែកក្បាលស្លាប់អ្នកបើកម៉ូតូ ចំណែកអ្នករួមដំណើរជាមួយរងរបួសធ្ងន់ម្នាក់និងម្នាក់ទៀតរបួសស្រាល រីឯម៉ូតូខ្ទាតទៅប៉ះអ្នកដើរតាមផ្លូវរងរបួសស្រាល រីឯរថយន្តបង្កបើករត់បាត់ស្រមោល ។
បន្ទាប់ពីកើតហេតុ សាច់ញាតិជនរងគ្រោះបានរករថយន្តដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ខណៈពេលរថយន្តដឹកសពមកដល់កន្លែងកើតហេតុ ស្រាប់តែមានបុរសម្នាក់ដែលគេស្គាល់ថា ជាសហជីពបានតាំងខ្លួនជានគរបាល ទៅនិយាយចរចាជាមួយរថយន្តដឹកសព បែរជាឈ្លោះប្រកែកគ្នាជាមួយខាងរថយន្តដឹកសព រហូតឈានដល់ការវាយតប់ទៅវិញទៅមក រងរបួសស្រាលរៀងខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលមួយប្រាវទៀត រវាងអ្នកបើករថយន្តដឹកសព និងខាងសហជីពនោះ ។
ឈ្លោះប្រកែកគ្នាចប់ហើយ សាច់ញាតិជនរងគ្រោះបានតថ្លៃជាមួយរថយន្តដឹកសពនិយាយចរចាគ្នាត្រូវហើយ ស្រាប់តែបុរសខាងលើរារាំងមិនចង់ឲ្យរថយន្តដឹកសពចេញទៅស្រុកកំណើតទៀត ដោយលើកហេតុផលថា ចង់ឲ្យរថយន្តដឹកសពក្នុងតម្លៃធូរថ្លៃបន្តិច ។
សមត្ថកិច្ចបានចុះទៅវាស់វែងយកម៉ុតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ ពោធិ៍សែនជ័យ ខណៈពេលសមត្ថកិច្ចកំពុងតែវាស់វែងនោះសាច់ញាតិរបស់ជនរងគ្រោះ បានលួចយកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅបាត់ ត្រូវបានសមត្ថកិច្ចប្រាប់ថាទាល់តែយកម៉ូតូមកប្រគល់ឲ្យសមត្ថកិច្ចវិញទើបអនុញ្ញាតិឲ្យដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ទើបសាច់ញាតិរបស់ជនរងគ្រោះយល់ព្រមយកម៉ូតូមកប្រគល់ឲ្យសមត្ថកិច្ចយកទៅ រក្សាទុករង់ចាំធ្វើបុណ្យសពរួចរាល់យកឯកសារគ្រប់គ្រាន់មកដល់សមត្ថកិច្ចនឹងប្រគល់ ម៉ូតូឲ្យវិញ៕
វីដេអូ៖
ផ្តល់សិទ្ធិដោយ៖VD7News.com