សត្វក្រៀលចំនួន១១៥ក្បាល បានមកដល់តំបន់ការពារទេសភាពអាងត្រពាំងថ្មដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យវិញហើយកាលពីពីពេលថ្មីៗនេះ ដើម្បីរស់នៅ និងស្វែងរកចំណី បន្ទាប់ពីរដូវកាលពងកូនរបស់ពួកវាបានបញ្ចប់។
នេះជាការចាប់ផ្តើមមកដល់របស់ហ្វូងសត្វក្រៀល ដែលយ៉ាង ហោចណាស់មានក្រៀលជាង៣០០ក្បាលបានមកដល់តំបន់ការពារទេសភាព អាងត្រពាំងថ្មជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកចំណី បន្ទាប់ពីរដូវកាលពងកូនរបស់ ពួកវាបានបញ្ចប់ដែលធ្វើឲ្យតំបន់ការពារទេសភាពអាងត្រពាំថ្មនេះ ក្លាយជា ទីជម្រកដ៏សំខាន់បំផុតសម្រាប់ការអភិរក្សសត្វក្រៀលនៅកម្ពុជា។
តាមធម្មតា ក្រៀលមកដល់តំបន់ការពារទេសភាពអាងត្រពាំងថ្ម នៅក្នុងខែមករា និងបន្តរស់ នៅតំបន់នេះរហូត ដល់ចុងខែឧសភា មុនធ្វើបម្លាស់ទីទៅកាន់តំបន់ខ្ពង់រាប ភាគខាងជើង និងតំបន់ផ្សេងទៀតដើម្បីពងកូន។ សត្វក្រៀលដែលជាប្រភេទងាយរងគ្រោះជាសាកល គឺជាសត្វស្លាបមានមាឌធំ និងមានកម្ពស់រហូតដល់១៨០សង់ទីម៉ែត្រដែលធ្វើឲ្យក្រៀលក្លាយជាសត្វស្លាបហោះហើរមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក។
ចំនួនរបស់វានៅលើសាកលលោកដែលមានប្រមាណ ១៥ពាន់ក្បាល កំពុងតែបន្តធ្លាក់ចុះដោយ សារការបាត់បង់ទីជម្រកដី សើម ការរំខានរបស់មនុស្ស និងការបំពុលជាដើម។ ចំនួនរបស់ពួកវានៅប្រទេសកម្ពុជាមានប្រមាណ៨០០ក្បាលប៉ុណ្ណោះ ដែលចំនួននេះស្មើពាក់កណ្តាលនៃចំនួនសត្វក្រៀលនៅតំបន់អាស៊ីអាគ្នេយ៍។ តំបន់ការពារទេសភាពអាងត្រពាំងថ្ម (អតីតតំបន់គ្រប់គ្រង និងអភិរក្សដែន បម្រុងសត្វក្រៀលអាងត្រពាំងថ្ម) ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០។
តំបន់នេះគ្របដណ្ដប់លើផ្ទៃដី ១២.៦៥០ ហិកតានៃតំបន់ដីសើម និងព្រៃល្បោះ និងគ្រប់គ្រងដោយក្រសួងបរិស្ថាន ក្រោមជំនួយគាំទ្រផ្នែកថវិកា និងបច្ចេកទេសពីអង្គការសមាគមអភិរក្ស សត្វព្រៃ (WCS)។ តំបន់ការពារទេសភាពអាងត្រពាំងថ្ម គាំទ្រដល់ការរស់នៅរបស់សត្វក្រៀល ពាក់កណ្តាលនៃចំនួនសត្វក្រៀលទាំងអស់នៅក្នុងប្រទេសកម្ពុជាកំឡុងពេលមិនបន្តពូជ និងសត្វស្លាបទឹកផ្សេងទៀតដូចជាត្រដក់ ទុង និងចង្កៀលខ្ចង។
តំបន់នេះ ក៏គាំទ្រដល់ការរស់នៅរបស់សត្វរមាំងដែលជាប្រភេទរងគ្រោះជិតផុតពូជផងដែរ។ លោក ងិន កំសាន្ត មន្ត្រីសម្របសម្រួលប្រចាំតំបន់ការពារទេសភាពអាង ត្រពាំងថ្ម មានប្រសាសន៍ថា៖ ក្រៀលគឺជាសត្វស្លាបដ៏សំខាន់ដែលភ្ញៀវទេសចរតែងតែចាប់អារម្មណ៍ និងចង់ទស្សនា ពេលពួកគេមកកម្សាន្តតំបន់ការពារ ទេសភាពអាងត្រពាំងថ្ម។ ដូច្នេះការមកដល់របស់ហ្វូងសត្វក្រៀល មានន័យថា ភ្ញៀវទេសចរជាច្រើននាក់ ក៏នឹងមកកំសាន្តតំបន់ការពារទេសភាព អាងត្រពាំងថ្មនេះនៅពេលដ៏ខ្លីខាងមុខដែរ។ ជាមួយគ្នានេះប្រជាសហគមន៍ ក៏នឹងអាចស្វែងរកប្រាក់ចំណូលពីការលក់ម្ហូបអាហារ ការនាំភ្ញៀវទេសចរទៅមើលសត្វព្រៃ និងថវិកាសម្រាប់អភិវឌ្ឍសហគមន៍ផងដែរ។
លោកបន្តទៀតថា៖ ដើម្បីការពារសត្វក្រៀលទាំងអស់នោះ ក្រុមសហគមន៍ និងមន្ត្រីអភិរក្សប្រចាំ តំបន់ការពារទេសភាពអាងត្រពាំងថ្ម កំពុងធ្វើការរួមគ្នាដើម្បីថែរក្សាសត្វក្រៀលទាំងអស់នោះ និងទីជម្រករបស់ពួកវា ដោយបង្កើនសកម្មភាពចុះល្បាតព្រៃ ក៏ដូចជាការអប់រំសហគមន៍ជាដើម។ ក្រៅពីផ្តល់ជាទីជម្រកដ៏សំខាន់សម្រាប់សត្វក្រៀល សត្វស្លាបទឹកដ៏ទៃទៀត និងថនិកសត្វ តំបន់ការពារទេសភាពអាងត្រពាំងថ្ម ក៏ជាតំបន់ទេសចរធម្មជាតិ ដ៏មានប្រជាប្រិយភាពមួយដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែទៅ កម្សាន្តដើម្បីទស្សនាសត្វស្លាបទឹក និងសត្វរមាំងដែលជាប្រភេទជិតផុតពូជ។
គួររំលឹកផងដែរថា នៅក្នុងឆ្នាំ២០១៦ ភ្ញៀវទេសចរអន្តរជាតិប្រមាណ៤០០នាក់ និងភ្ញៀវទេសចរ ជាតិរាប់ម៉ឺននាក់ បានមកកំសាន្តតំបន់ការពារទេសភាពអាងត្រពាំងថ្ម ដែលជួយឲ្យសហគមន៍អាចស្វែងរកប្រាក់ចំនូលដើម្បីចិញ្ចឹមគ្រួសារ និងលើកកម្ពស់ការងារអភិរក្សនៅតំបន់នេះផងដែរ៕
ផ្តល់សិទ្ធិដោយ៖KQUBE