Sponsor

សិល្បៈ ៖ សែចិន​មាន​តំណម​មួយ​គឺ​អ្នក​នៅ​លីវ​ហាម​ដាច់​ខាត​មិន​ឲ្យ​ជូន​ អាំង​ប៉ាវ​ ទៅ​ណា​ម្នាក់​ទេ ​មិន​ថា​អ្នក​នោះ​ជា​សាច់ញាតិ ​ឬ​អ្នក​រាប់អាន​គ្នា​ឡើយ​ ព្រោះ​មាន​ជំនឿ​ថា ​ធ្វើ​ឲ្យ​កាត់​លាភ​សំណាង​របស់​ខ្លួន​ទៅ​ឲ្យ​អ្នក​ផ្សេង​។ បញ្ហា​នេះ​ក៏​មាន​អ្នក​សិល្បៈ​កូនចៅ​ចិន​ខ្លះ​តម​ តែ​ក៏​មាន​អ្នក​ខ្លះ​មិន​ជឿ​លើ​តំណម​នេះ​ដែរ​។ ខាងក្រោម​នេះ​គឺ​ជា​បទ​សម្ភាស​តារា​ល្បី​ៗ​ជា​ច្រើន​រូប​និយាយ​ពី​ការ​ជូន​អាំង​ប៉ាវ​ទៅ​ឲ្យ​អ្នក​ដទៃ​។ ​

សុខ ពិសី​ ​៖​ សម្រាប់​តារា​ចម្រៀង​ សុខ ពិសី​ បាន​ប្រាប់​ថា​ នាង​ក៏​ជាប់​សែស្រឡាយ​ចិន​ ហើយ​ក៏​បាន​រៀបចំ​សែន​ជូន​ជីដូន​ជីតា​កុងម៉ា​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​ ប៉ុន្តែ​សម្រាប់​ជំនឿ​ថា ​កូន​ចៅ​ចិន​អ្នក​នៅ​លីវ​ហាម​មិន​ឲ្យ​ជូន​អាំង​ប៉ាវ​ទៅ​អ្នកដទៃ​ ព្រោះ​ខ្លាច​កាត់​លាភ​សំណាង​នោះ ​នាង​មិន​ជឿ​ទាំង​ស្រុង​ទេ​ ព្រោះ​ជា​រៀង​រាល់​ឆ្នាំ​នាង​បាន​ជូន​អាំង​ប៉ាវ​ទៅ​ប្អូន​ៗ ​និង​សាច់​ញាតិ​មិន​ដែល​ខាន​ឡើយ​ ហើយ​ទង្វើ​ដ៏​ល្អ​នេះ​នាង​មិន​ដែល​ឃើញ​មាន​លទ្ធផល​មិនល្អ​ធ្វើ​ឲ្យ​នាង​បរាជ័យ​លើ​ការងារ​អ្វី​មួយ​នោះ​ទេ ​គឺ​ក្នុង​មួយ​ឆ្នាំ​ៗ​ភាព​ជោគជ័យ​របស់​នាង​បាន​កើត​ឡើង​ជា​បន្តបន្ទាប់​។

​អេនីហ្សាម៖ ​បញ្ជាក់​ប្រាប់​លោក​ តាន់ ចន្ថា​ អ្នក​ផលិត​ព័ត៌មាន​ Kqube.net​ កញ្ញា ​អេនីហ្សាម​ បាន​និយាយ​ថា ​នាង​ក៏​ជាប់​សែ​ចិន​តិចតួច​ដែរ​ ហើយ​គ្រួសារ​នាង​បាន​ធ្វើ​ពិធី​សែនព្រេន​គ្រប់​កម្មវិធី​ទាំងអស់​មិន​ថា ​ចូល​ឆ្នាំ ​ឆេង​ម៉េង​ សែន​ក្បាល​ទឹក​... គឺ​នាង​តែង​ចូល​រួម​ដុត​ភូប​សុំ​ក្ដី​សុខ​មិន​ដែល​ខាន​ទេ​។ ប៉ុន្តែ​សម្រាប់​តំណម​គេ​ថា ​អ្នក​នៅ​លីវ​ហាម​មិន​ឲ្យ​ជូន​អាំងប៉ាវ​ទៅ​អ្នក​ដទៃ​នាំ​ឲ្យ​កាត់​លាភ​សំណាង​នោះ​ នាង​មិន​ដែល​គិត​ហើយ​ក៏​មិន​ដែល​តម​ដែរ​ គឺ​នាង​ជូន​ប្អូន​ៗ​តែ​រហូត​ តែ​នាង​ក៏​មិន​បាន​កត់​ចំណាំ​មើល​ពី​លាភ​សំណាង​របស់​ខ្លួន​ដែរ​ គឺ​ការ​រស់​នៅ​តែង​មាន​ការងារ​ខ្លះ​ជោគជ័យ​ និង​ការ​ខ្លះ​មិន​ជោគជ័យ​ជា​រឿង​គេច​មិន​ផុត​ឡើយ​។

យូរី៖​ សម្រាប់​តារា​ចម្រៀង​សម្បូរ​ស្តាយ​កញ្ញា​ យូរី ​បាន​ប្រាប់​ថា​ ចំពោះ​បញ្ហា​តំណម​កូន​ចៅ​ចិន​នៅ​លីវ​ហាម​ជូន​អាំងប៉ាវ​គេ​ គឺ​នាង​ធ្លាប់​ឮ​ប៉ាម៉ាក់​ និង​កុង​ម៉ា​និយាយ​ពិត​មែន​ ប៉ុន្តែ​នាង​មិន​បាន​ធ្វើ​តាម​ទេ​ ព្រោះ​ជា​រៀង​រាល់​ឆ្នាំ​នាង​តែង​ឲ្យ​អាំងប៉ាវ​ទៅ​ក្មួយ​ៗ​មិន​ដែល​ខាន​ទេ​ ហើយ​នាង​ក៏​មិន​ជឿ​ថា ​ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​ដាច់​លាភ​សំណាង​ដែរ​ ព្រោះ​ការ​មាន​បាន​ និង​ភាព​ជោគជ័យ​លើក​ការងារ​អ្វី​មួយ​គឺ​ទទួល​បាន​មក​ពី​ការ​ខិតខំ​តស៊ូ ​និង​ភាព​វ័យ​ឆ្លាត​របស់​យើង​ម្នាក់​ៗ​ទៅ​វិញ​ទេ​។ 

អេនឌី៖ ​តារា​ចម្រៀង ​និង​សម្តែង​លោក​ អេនឌី ​បាន​ប្រាប់​ Kqube.net​ ដែរ​ថា​ រឿង​តំណម​អ្នក​នៅ​លីវ​ជូន​អាំងប៉ាវ​ទៅ​អ្នក​ដទៃ​នោះ​ មក​ដល់​អាយុ​ប៉ុន​នេះ​លោក​មិនទាន់​ហ៊ាន​​ជូន​ទៅ​អ្នក​ម្នាក់​ទេ ​ព្រោះ​ចំណុច​នេះ​ប៉ាម៉ាក់​របស់​លោក​ បាន​ណែនាំ​ត​គ្នា​មក​កូន​ចៅ​គឺ​ហាម​ជូន​អាំងប៉ាវ​ដាច់​ខាត់​។ លោក អេនឌី ​បន្ត​ថា​ ប៉ុន្តែ​សម្រាប់​ការ​ជូន​លុយ​ទៅ​អ្នក​ផ្សេង​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ ដោយ​មិន​ដាក់​ក្នុង​អាំងប៉ាវ​ គឺ​លោក​បាន​ធ្វើ​ជារៀង​រាល់​ឆ្នាំ​ ព្រោះ​នេះ​ជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ​សម្រាប់​ការ​ធ្វើ​ទឹក​ចិត្ត​សប្បុរស​។ 

សុគន្ធ ថេរ៉ាយុ​៖ ក៏​បាន​ប្រាប់​ដែរ​ថា​ចំពោះ​ជំនឿថា​ កូន​ចៅ​ចិន​នៅ​លីវ​ហាម​មិន​ឲ្យ​អាំងប៉ាវ​គេ​នោះ​លោក​ធ្លាប់​ឮ ​ប៉ុន្តែ​លោក​មិន​ដែល​បាន​តំណម​ទេ​ គឹ​ជា​រៀង​រាល់​ឆ្នាំ​លោក​ជូន​អាំងប៉ាវ​ប្អូន​ៗ​ ម៉ាក់ ​កុង ​និង​ម៉ា​តែ​រហូត​មិន​ឃើញ​មាន​បញ្ហា​អ្វី​ទេ​ គឺ​ការងារ​របស់​លោក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កាន់​តែ​ជោគជ័យ៕

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor