
កុមារប្រុសស្រីចំនួន២នាក់ ដែលរស់នៅដោយគ្មានសាច់ញាតិ រង់ចាំម្តាយត្រឡប់ពីថៃវិញទាំងគ្មានដំណឹងអស់រយៈពេល២ឆ្នាំ ដោយមានអ្នកខ្លះទៅដល់ផ្ទាល់យកទាំងគ្រឿងហូបចុកមួយចំនួនជួយក្មេងតស៊ូទាំងពីរនាក់នោះ នៅពេលនេះឯកឧត្ដម បណ្ឌិត ម៉ុង ឫទ្ធី បានសម្រេចនាំយកកុមារកម្សត់ទាំងពីរ ទៅនៅមណ្ឌលថែទាំអង្គការមនុស្សធម៌មួយនៅខេត្តបន្ទាយមានជ័យ។ នេះបើយោងតាម ហ្វេសប៊ុក ឈ្មោះ Norngdy Nara ដែលសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ។
គណនីហ្វេសប៊ុកមួយនេះបានសរសេរយ៉ាងថា "ជាដំណឹងដ៏ពិសេសមួយ កុមារពីរនាក់ដែលម្តាយបានទុកចោល ហើយកំពុងរស់នៅដោយគ្មានទីពឹងនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនោះ ឥឡូវត្រូវបាន ឯកឧត្ដម បណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ សម្រេចចិត្តយកទៅផ្ញើនៅអង្គការមនុស្សធម៌មួយនៅប៉ោយប៉ែត ក្រោមការគ្រប់គ្រងដោយផ្ទាល់ពីសំណាក់លោក ស្ទីវ ហាយ ជាប្រធានអង្គការ។
ដូច្នេះ ដើម្បីឲ្យកុមារទាំងពីរ បានមកកាន់មណ្ឌលថែទាំបានដោយសុវត្ថិភាព និងស្របច្បាប់ សូមអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនានា ជួយសហការអស់ពីកម្លាំងកាយចិត្ត បង្ការក្រែងមានការកេញចំណេញពីជនខិលខួចមួយចំនួន ដែលបាននឹងកំពុងធ្វើការរារាំងដល់ការយកចិត្តទុកដាក់ដល់កុមារទាំងពីរ ពីសំណាក់ ឯ.ឧ បណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ"៕

ផ្តល់សិទ្ធិដោយ៖KQUBE