
ខេត្តកំពង់ឆ្នាំ៖ ប្រធានបទ ក្មេងកំព្រាទាំងពីរនាក់ កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីគ្រប់មជ្ឈដ្ឋាន ក្រោយពីមានសារព័ត៌មានចុះផ្សាយពីជីវិតកម្សត់ តស៊ូ របស់ក្មេងប្រុសស្រីចំនួន២នាក់ ដែលរស់នៅដោយគ្មានសាច់ញាតិ រងចាំម្តាយត្រឡប់ពីថៃវិញទាំងគ្មានដំណឹងអស់រយៈពេល២ឆ្នាំ ដោយមានអ្នកខ្លះទៅដល់ផ្ទាល់យកទាំងគ្រឿងហូបចុកមួយចំនួនជួយក្មេងតស៊ូទាំងពីរនាក់។
តែអ្វីដែលធ្វើអោយយើងកាន់តែស្រក់ទឹកភ្នែកទៀតនោះ ក្រោយពីបានអានសាររបស់ តារាចម្រៀង អ៊ាម វន្នី ដែលសរសេរពីជីវិតកាន់តែពិតរបស់ក្មេងទាំងពីរ ក្រោយពីលោកបានចុះទៅដោយផ្ទាល់ ធ្វើអោយយើងកាន់តែស្រក់ទឹកភ្នែកស្រណោះអាណិត។
នេះជាសាររបស់ លោក អ៊ាម វន្នី ដែលបានចុះផ្សាយនៅមុននេះបន្តិច ក្នុងទំព័រហ្វេសប៊ុករបស់លោក នាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ៖
"ថ្ងៃនេះខ្ញុំបានទៅមើលដល់ផ្ទះក្មេងតូចទាំងពីរនាក់ផ្ទាល់ ហើយក៏បានសាកសួរពត៍មានមួយចំនួនពីអ្នកជិតខាង និងចាស់ៗក្នុងភូមិបានដឹងថា ប្អូនទាំងពីររស់នៅតែពីរនាក់បងប្អូន ក្រោយពេលម្តាយទៅថៃ បាត់ដំណឹងសូន្យអស់រយៈពេលពីរឆ្នាំមកហើយ ហើយឪពុកបានលែងលះជាមួយម្តាយតាំងពីប្អូនស្រីនៅក្នុងពោះម្លេះ តែធ្លាប់មកលេងប្អូនទាំងពីរបានម្តងហើយ ក្រោយមកក៏ទទួលដំណឹងថាមានគ្រោះថ្នាក់ចរាចរណ៍ មិនដឹងជាស្លាប់រឺរស់ទេ តាំងពីពេលនោះមកក៏បាត់ដំណឹងរហូត"
"ផ្ទះរបស់ប្អូនទាំងពីរនៅជាប់ផ្ទះអ្នកជិតខាងម្នាក់ដែលគាត់ជា មនុស្សចាស់ជរាដែលតែងតែ ជួយយកអាសារប្អូនទាំងពីររហូតមក តែដោយគាត់ចាស់ហើយ មិនមានលទ្ធភាពចិញ្ចឹមក្មេងទាំងពីរទេ ហើយម្យ៉ាងក៏ជាអ្នកដ៏ទៃផង"
"ក្មេងទាំងពីរជាញឹកញាប់គឺទៅសុំបាយលោកញ៉ាំពេលឃ្លានម្តងៗ ក្មេងទាំងពីរនេះសព្វថ្ងៃដើរទៅរៀននៅសាលាបឋមសិក្សា ជើងគ្រាវ ដោយដើរចម្ងាយប្រមាណប្រហែល ៥គីឡូម៉ែត្រ ប្អូនទាំងពីរចេះធ្វើអំបោសលក់រកកម្រៃទិញអង្ករ ដោយអំបោស ដែលគាត់លក់គឺតែងតែមានចាស់ៗ ក្នុងភូមិជួយទិញដើម្បីបានប្រាក់ទិញអង្ករ"
អ្នកនិពន្ធ និងតារាចម្រៀងខាងលើបានបន្ថែមថា "ខ្ញុំបានដំណឹងថាមានអ្នកចង់យកក្មេងទាំងពីរ ទៅចិញ្ចឹមទាំងក្នុងស្រុកនិងក្រៅស្រុក តែក្មេងទាំងពីរបានឆ្លើយថាមិនទៅទេ ហើយពេលនោះ ខ្ញុំក៏បានសួរថាហេតុអ្វី? ទាំងខ្ញុំនិងអ្នកយកអំណោយផ្សេងទៀតសួរក៏គាត់ឆ្លើយដូច្នេះ រឿងមួយដែលសែនខ្លោចផ្សា គឺអោយតែមាននរណាសួរគាត់ពី រឿងម្តាយគាត់មិននិយាយអ្វីទេ គឺគិតតែពីយំៗលួងមិនងាយបាត់ទេ គ្រប់គ្នាឃើញគាត់យំហើយ គ្មាននរណាទប់ទឹកភ្នែកបានទេ"។
លោកបញ្ជាក់ថា "ទាំងនេះជាព័ត៌មានដែលខ្ញុំបានមកពេលចុះទៅផ្ទាល់"៕
ដោយឡែកទាក់ទងនិងជំនួយរបស់ម្ចាស់ឧបត្ថម្ភនានា លោកអ៊ាម វន្នី បានបញ្ជាក់ជាមួយ ខេឃ្យូបថា គឺមានលោកមេភូមិជាអ្នកទុកដាក់អោយក្មេងៗទាំងពីរ ដើម្បីរក្សាបាននូវសុវត្ថិភាពរបស់ពួកគេ៕ ចុចអាន៖ កុមារកម្សត់ពីរនាក់បងប្អូនទទួលបានការសន្ដោសពីព្រះសង្ឃ
ផ្តល់សិទ្ធិដោយ៖KQUBE