
ភ្នំពេញ៖ តារាកំប្លែងក្រុមនាយ កុយ តាចេក ស្ថិតក្នុងវ័យ៦៣ ឆ្នាំ បានទួញថ្ងូរទាំងអស់សង្ឃឹមពីជីវភាពហួសការស្មាន មិនសមនឹងជាសិល្បៈ រកមិនទាន់មាត់សមាជិកក្នុងបន្ទុកគ្រួសារដល់ទៅ១២នាក់។ អ្នកកំប្លែងចូលវ័យជរារូបនេះក៏ប្រាប់ថា ក្រៅពីរកប្រាក់ទិញអង្ករច្រកឆ្នាំងមិនទាន់មាត់ផង ពេលនេះជីវិតខ្ញុំ ជួបទុក្ខហើយជាន់លើទុក្ខទៀត។ ប្រពន្ធនិងម្តាយក្មេកចូលពេទ្យសង្គ្រោះបន្ទាន់ដូចគ្នា។
អ្នកកំប្លែងដែលមុននោះមហាជនក៏ផ្ទុះក្តីសង្វេគណាស់ទៅហើយជាមួយដំណឹងជីវភាពខ្សត់ខ្សោយ ទាំងអូសរទេះលក់ទឹកសុទ្ធនៅតាមចិញ្ចើមផ្លូវជាតិលេខ ២ ក្បែរទីជម្រកជួបជុំសមាជិកគ្រួសារ១២នាក់ នោះ លោកតា ចេក បានឲ្យដឹងបន្តថា កាលពីថ្ងៃទី១៥ មករា២០១៧កន្លងទៅនេះ ប្រពន្ធខ្ញុំគាត់ឈឺចុកពោះវៀនដុះខ្នែងហើយត្រូវវះកាត់បន្ទាន់ ក៏នាំមកវះកាត់នៅមន្ទីរពេទ្យជ័យជម្នះនៅក្រុងតាខ្មៅ ក៏ទើបនឹងវះកាត់គាត់ហើយ ពេលនេះក៏មានទុក្ខផ្ទួនមួយទៀត ម្តាយក្មេកខ្ញុំ ជំងឺបេះដូងរីកគាត់ក៏ធ្វើទុក្ខខ្លាំងក៏ត្រូវនាំមកសង្គ្រោះបន្ទាន់ម្នាក់ទៀត។ ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជម្នះនេះជាមួយនឹងប្រពន្ធខ្ញុំតែម្ដង។
លោកតា ចេក ក៏បានរៀបរបទៀតថា ពេលនេះប្រពន្ធខ្ញុំបានផុតពីការបារម្ភហើយ តែនៅធ្ងន់ម្តាយក្មេក។ មុននេះគ្រូពេទ្យប្រាប់ថា ទាល់តែបញ្ជូនគាត់ទៅវះកាត់ ជំងឺបេះដូងរីកនៅពេទ្យកាល់ម៉ែត តែខ្ញុំប្រាប់ពេទ្យថា អត់មានលុយ ពេទ្យក៏ថា បើអ៊ីចឹងមានតែទុកព្យាបាលនៅពេទ្យហ្នឹងហើយអ៊ីចឹង មើលព្យាបាលតាមដំណើរ ពួកគេនឹងជួយព្យាបាលឲ្យ។
អ្នកកំប្លែងដែលកំពុងពើបទុក្ខជាន់លើទុក្ខក្នុងគ្រួសាររូបនេះ ក៏រៀបរាប់បន្តទៀតថា ចំណូលមកផ្គត់ផ្គង់គ្រួសារសព្វថ្ងៃ ដ្បិតតែសមាជិកគ្រួសារមានដល់ទៅ ១២ នាក់ ដែលមានទាំងកូនប្រសាផង ចំណូលហាក់រំពឹងលើតែពីសិល្បៈខ្ញុំម្នាក់ឯងហ្នឹង។ ពេលនេះចំណូលពីសិល្បៈក៏ថមថយទៀត កំប្លែងក៏មិនសូវបានមួយសប្តាហ៍បានតែបីដង ហើយលេងភ្លេងក៏មិនសូវមានគេហៅ អ៊ីចឹងហើយពេលនេះមានទុក្ខអ៊ីចឹងទៀត មិនដឹងថាទៅរកប្រាក់ឯណាបានព្យាបាលជំងឺពួកគាត់ទេ។
អ្នកកំប្លែងកំពុងជួបទុក្ខផ្ទួនៗ តាចេក ក៏សូមអំពាវនាវតាម ភ្នំពេញ ប៉ុស្តិ៍ ផងដែរថា ដែលអាចយោងអាត្មា និងសង្គ្រោះជីវិតប្រពន្ធ និងម្តាយក្មេកបាននោះមានតែសង្ឃឹមលើសទ្ធាសប្បុរសជន និងទឹកចិត្តគ្រួពេទ្យទេ បើខ្ញុំសព្វថ្ងៃចំណូលរកតែច្រកឆ្នាំងបាយមិនទាន់មាត់គ្រួសារសមាជិកមួយឡូផងនោះ៕

វិដេអូ៖
ផ្តល់សិទ្ធិដោយ៖VD7News.com