Sponsor

​ខេត្ត​កំពត​៖ ​ជីវិត​ស្ត្រី​ចំណាស់​ដ៏​អភព្វ​ម្នាក់​ធ្លាប់​ប្តី​ស្លាប់​ចោល​តាំង​ពី​ឆ្នាំ​១៩៩១ ​ក្រោម​ក្រញាំ​ពួក​បី​សាច​ខ្មែរ​ក្រហម​ជា​អ្នក​សម្លាប់ ​បន្ទាប់​មក​រស់​នៅ​ជា​ស្ត្រី​មេម៉ាយ​ចិញ្ចឹម​កូន​បី​នាក់​យ៉ាង​ទុក្ខ​វេទនា​ ដោយ​មាន​កូន​ស្រី​ពីរ​នាក់ ​និង​កូន​ប្រុស​ពៅ​ម្នាក់ ​ប៉ុន្តែ​មួយ​ឆ្នាំ​កន្លង​ទៅ ​កូន​ប្រុស​ពៅ​ត្រូវ​បាន​​ឡាន​បុក​ស្លាប់ ​លុះ​មក​ដល់​ឆ្នាំ​នេះ​កូន​ស្រី​ទី​២ ​ត្រូវ​បាន​ស្លាប់​ទៀត ​ហើយ​បាន​បន្សល់​ទុក​នៅ​កូន​ពីរ​នាក់ ​ស្ថិត​នៅ​លើ​ការ​ទទួល​​ខុសត្រូវ​របស់​​ជីដូន​ទាំង​ស្រុង​ ព្រោះ​ឪពុក​ពួក​គេ​បាន​លះលែង​គ្នា​តាំង​ពី​៦​ឆ្នាំ​មុន​ម្ល៉េះ​។

លោក​យាយ​ ឯក ស៊ីន ​បច្ចុប្បន្ន​មាន​អាយុ​៧២​ឆ្នាំ ត្រូវ​ជា​ជីដូន​របស់​ក្មេង​ៗ​ដែល​ត្រូវ​បាន​ម្ដាយ​ស្លាប់​ចោល​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​បាន​ឲ្យ​ដឹង​ថា កូន​ស្រី​របស់​គាត់​មាន​ឈ្មោះ ស៊ិន កប ស្លាប់​ក្នុង​អាយុ​៤២​ឆ្នាំ​ ដោយ​ជំងឺ​ដួល​ដាច់​សរសៃ​ឈាម ខណៈ​ដែល​រូប​គេ​បាន​មក​ធ្វើ​ការ​ជា​កម្មករ​តាម​ផ្ទះ​គេ​នៅ​ទី​ក្រុង​ភ្នំពេញ។ ស្ត្រី​រូប​នេះ​បាន​បន្ត​ថា ​ពី​ដើម​ឡើយ​ជីវភាព​គាត់​ត្រូវ​បាន​កូន​មួយ​នេះ​ជា​អ្នក​ទទួល​ខុស​ត្រូវ ដោយ​កូន​គាត់​តែង​ខិតខំ​ធ្វើ​ការ​ ដើម្បី​បាន​លុយ​ផ្ញើ​ឲ្យ​គាត់​ចិញ្ចឹម​ចៅ​ ដែល​ជា​កូន​របស់​គេ​​ជា​រៀងរាល់​ខែ ប៉ុន្តែ​ឥឡូវ​នេះ​កូន​ស្រី​ដែល​ធ្លាប់​ជួយ​គាត់​ គេ​បាន​ស្លាប់​ទៅ​ហើយ ​ដូច្នេះ​ជីវិត​គាត់ និង​ចៅៗ​ពីរ​នាក់​ទៀត​ មិន​ដឹង​រស់នៅ​ពឹង​ផ្អែក​ទៅ​អ្វី​ទេ ​ព្រោះ​ដី​ស្រែ​ក៏​លក់​ធ្វើ​បុណ្យ​សព​កូន​ជិត​អស់​ នៅ​សល់​តែ​ដី​ស្រែ​៨​ផ្លូន ​ឥឡូវ​ពេល​កូន​ស្លាប់​គ្មាន​លុយ​ធ្វើ​បុណ្យ​ក៏​យក​ទៅ​បញ្ចាំ​គេ​អស់​ទៀត​។

ជីដូន​ដ៏​កម្សត់​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ជីវិត​គាត់​មិន​ដឹង​កម្មពៀរ​អ្វី​ទេ ​ដំបូង​មាន​ក្មួយ​ម្នាក់​​មក​ពី​ថ្ម​ស​មក​ដេក​មើល​ជំងឺ​នៅ​ផ្ទះ​គាត់ ​មិន​យូរ​ប៉ុន្មាន​ក្មួយ​នោះ​ក៏​បាន​ស្លាប់​​ទៅ​ ក្រោយ​គ្នា​មួយ​ឆ្នាំ​ក៏​កូន​ប្រុស​ពៅ​របស់​គាត់​ត្រូវ​ឡាន​បុក​ស្លាប់​ទៀត លុះ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ត្រូវ​កូន​​ស្រី​ដែល​ជា​អ្នក​ទទួល​បន្ទុក​គ្រួសារ​ធំ​ជាង​គេ​បាន​ឈឺ​មក​មើល​ជំងឺ​នៅ​ផ្ទះ​បាន​៣​ថ្ងៃ រួច​ទៅ​ពេទ្យ​ក្រមួន​ស​(វៀតណាម)​ចំនួន​ថ្ងៃ៣ និង​ត្រលប់​មក​ផ្ទះ​វិញ​បាន​៣​ថ្ងៃ​ទៀត ក៏​បាន​ស្លាប់​តែ​ម្ដង​។ លោក​យាយ​បាន​បញ្ជាក់​ថា សព្វថ្ងៃ​គ្មាន​អ្វី​ពឹង​ទៀត​ទេ គឺ​ចៅ​នៅ​តូចៗ​ណាស់ ចៅ​ទី​១​ឈ្មោះ បូ គីម​អេង ​ភេទ​ស្រី អាយុ ១១​ឆ្នាំ ទី២​ ឈ្មោះ បូ ម៉េងហ៊ាង ​ភេទ​ប្រុស​ អាយុ ៦ឆ្នាំ។

ពួក​គេ​គាត់​ជា​អ្នក​មើល​ថែ​តាំង​ពី​តូច​ៗ​មក​ម្ល៉េះ ដោយ​ម្ដាយ​គេ​ជា​អ្នក​ផ្ដល់​ថវិកា​មក​ចិញ្ចឹម​។ ប៉ុន្តែ​ពេល​នេះ​គ្មាន​ទៀត​ទេ ​មាន​តែ​អំពាវនាវ​ដល់​សប្បុរសជន​ជួយ​ដល់​រូប​គាត់​ និង​ចៅ​ៗ​ផង គាត់​នៅ​សល់​កូន​ស្រី​ច្បង​ម្នាក់​ទៀត​ដែរ ​តែ​កូន​មួយ​នេះ​​មាន​ជីវភាព​ក្រីក្រ​ណាស់ ចិញ្ចឹម​តែ​កូន​ៗ​គេ​ស្ទើរ​មិន​ចង់​រស់​ផង។ ​សូម​បញ្ជាក់​ថា ​គ្រួសារ​ទី​ទាល់​ក្រ​នេះ ​ស្ថិត​នៅ​ភូមិ​ភ្នំ​ក្ងាប​ខាង​លិច ​ដែល​ជា​ដែន​រដ្ឋបាល​ភូមិ​បាយ​ទា​ពី​មុន ប៉ុន្តែ​ប្រជាជន​៤-៦​គ្រួសារ​នោះ​បាន​សុំ​ចូល​ទៅ​ក្នុង​សមាជិក​ភូមិ​ភ្នំ​ក្ងាប​វិញ។

នេះ​បើ​តាម​ការ​បញ្ជាក់​កន្លង​មក​របស់​លោក ថៃ ជីវ មេឃុំ​ស្វាយ​ទង​ខាង​ជើង​។​ ដោយ​ឡែក​ចំពោះ​ស្ថាន​ភាព​ផ្ទះ​លោក​យាយ​ ឯក ស៊ីន ​គឺ​មាន​ដូច​រូប​ខាង​ក្រោយ​គាត់​ឈរ​ស្រាប់ ​ហើយ​ដំបូល​លើ​ក៏​បាន​លេច​ជា​បណ្ដើរ​ៗ​ហើយ​ដែរ ​ដូច្នេះ​បើ​សប្បុរសជន​ណា​មាន​សទ្ធា​ជ្រះ​ថ្លា​ចង់​ជួយ​ដល់​គាត់​​នោះ​ អាច​ចុះ​ទៅ​ដល់​មូលដ្ឋាន​ខាង​លើ​ដោយ​ផ្ទាល់ ​ឬ​សាកសួរ​ព័ត៌មាន​បន្ថែម​តាម​រយៈ​លោក​ ថៃ​ ជីវ ​មេ​ឃុំ​ស្វាយ​ទង​ខាង​ជើង 012 773 176 ឬ​លោក​ ចេង ចំរើន ភ្នាក់ងារ​ព័ត៌មាន Kqube.net 015 673 331៕ សូម​អរ​ព្រះគុណ ​និង​អរគុណ!

ផ្តល់សិទ្ធិដោយ៖KQUBE

ជីដូន និងចៅ
ផ្ទះលោកយាយ
ផ្ទះលោកយាយ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor