
ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកានឹងធ្វើការផ្ទេរទៅលេងនៅក្លឹប Fujieda MYFC ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។ ប្រភពពី លោក បែ មករា អ្នកចាត់ការក្លឹបបឹងកេតអង្គរបានបង្ហើបថា តម្លៃខ្លួន និងប្រាក់ឈ្នួលវិញទទួលបានខ្ទង់ម៉ឺនដុល្លារ។
ក្រៅពីប្រាក់ឈ្នួលខ្ទង់ម៉ឺនដុល្លារនេះ ខាងភាគីក្លឹប Fujieda MYFC បានផ្ដល់ឲ្យខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ នូវរថយន្តស្ព័រមួយគ្រឿង Apartment មួយល្វែងមាន២បន្ទប់ និងលក្ខខណ្ឌពិសេសបន្ទាប់បន្សំទៀត។ វឌ្ឍនាកានឹងចាកចេញពីប្រទេសកម្ពុជា នៅពាក់កណ្ដាលខែកុម្ភៈឆ្នាំ ២០១៧ ពេលការប្រកួតជម្រុះ AFC CUP ចប់រួចរាល់។
ព័ត៌មានស្រដៀងគ្នា ព័ត៌មានបន្ថែម! ចាន់ វឌ្ឍនាកា នឹងទៅលេងនៅជប៉ុនពេញមួយរដូវកាល
កីឡា៖ កីឡាករ ចាន់ វឌ្ឍនាកា ខ្សែប្រយុទ្ធក្លឹបបឹងកេតអង្គរនឹងទៅលេងនៅក្លឹបលីគទី៣ជប៉ុន ឈ្មោះ Fujieda MYFC ក្នុងក្របខ័ណ្ឌខ្ចីជើងពេញមួយរដូវកាលឆ្នាំថ្មីនេះ។ នេះបើតាមព័ត៌មាននៅរសៀលម៉ោង៣និង៣០នាទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ ដែលខេឃ្យូបទទួលបាននៅក្នុងសន្និសីទរួមមួយរវាងក្លឹបបឹងកេតនិងក្លឹបជប៉ុននៅសណ្ឋាគារភ្នំពេញ។
ទាក់ទងនឹងតម្លៃខ្លួនខ្សែប្រយុទ្ធឆ្នើមរូបនេះដែលនឹងទៅលេងជប៉ុនក្នុងក្របខ័ណ្ឌខ្ចីជើង គេមិនទាន់ដឹងនៅឡើយទេ? ដូច្នេះសូមរង់ចាំព័ត៌មានលម្អិត នៅបន្តទៀតនេះ។ សូមបញ្ជាក់ថាយោងតាមពីទំព័រ Wikipedia របស់ក្លឹបលេងក្នុងលីគលំដាប់ទី៣របស់ជប៉ុន ឈ្មោះថា Fujieda MYFC បានបញ្ចូលឈ្មោះខ្សែប្រយុទ្ធបឹងកេត ចាន់ វឌ្ឍនាកា ទៅក្នុងបញ្ជីឈ្មោះកីឡាកររបស់ខ្លួនរួចហើយ៕

ផ្តល់សិទ្ធិដោយ៖KQUBE