
អ្នកស្រី Katie Rich ដែលជាអ្នកនិពន្ធកម្មវិធីកំប្លែងរបស់ទូរទស្សន៍ NBC ដែលជាទូរទស្សន៍មួយនៅ សហរដ្ឋអាមេរិក បានសរសេរនៅលើគណនី Tweeter របស់ខ្លួនថា ការឡើងកាន់ដំណែងរបស់លោក ដូណាល់ ត្រាំ ចូលរួមដោយក្មេងប្រុសម្នាក់ ក្មេងប្រុសនោះគឺ “Barron ជាអ្នកដែលនឹងរៀនបាញ់កាំភ្លើងក្នុងផ្ទះដំបូងនៅ សហរដ្ឋអាមេរិក” ។
Donald Barron គឺជាកូនប្រុសពៅរបស់លោក Donald Trump ហើយ អ្នករៀនបាញ់កាំភ្លើងក្នុងផ្ទះ សម្រាប់ភាសាអង់គ្លេស មានន័យថា អ្នកនោះនឹងក្លាយជាអ្នកបាញ់ឪពុកខ្លួនឯង ។ អ្នកស្រី Katie Rich ជាអ្នកនិពន្ធការសម្ដែង Weekend Update សម្រាប់កម្មវិធី Saturday Night Live របស់ស្ថានីយ៍ទូរទស្សន៍ NBC តាំងពីឆ្នាំ ២០១៣ តែងតែនិពន្ធការសម្ដែងដោយយកត្រាប់តាមលោក Donald Trump ក្នុងន័យបន្តុះបង្អាប់ និងវាយប្រហារ ។
លោក Donald Trump ធ្លាប់បាននិយាយថា កម្មវិធីនោះ មិនមែនជាកម្មវិធីដែលគួរឲ្យទស្សនាឡើយ និងគ្មានអ្វីកំប្លែង ប៉ុន្តែជាកម្មវិធីដែលគួរឲ្យខ្លាច ។ មនុស្សរាប់លាននាក់ បានរិះគន់ចំពោះពាក្យសម្ដីអ្នកស្រី Katie Rich ព្រមទាំងទាមទារឲ្យអ្នកស្រីសុំទោស ដោយអ្នកខ្លះសរសេរថា Barron ទើបតែអាយុ ១០ ឆ្នាំ មិនគួរមានអ្នកវាយប្រហារដូច្នេះឡើយ ។
អ្នកស្រី Katie Rich បានលុបចោលពាក្យសម្ដីដែលសរសេរលើ Tweeter ហើយបិទគណនីជាច្រើនថ្ងៃ ។ អ្នកខ្លះសន្យាថានឹងឈប់មើលកម្មវិធី Saturday Night Live របស់ទូរទស្សន៍ NBC តទៅទៀត ដោយរិះគន់ចំពោះការវាយប្រហារកុមារ ដោយសារតែនិន្នាការនយោបាយដែលខ្លួនមិនពេញចិត្ត ។
"ខ្ញុំសូមអភ័យទោសដោយស្មោះ ចំពោះពាក្យសម្ដីដែលខ្ញុំបានសរសេរ ។ ខ្ញុំសោកស្ដាយជាទីបំផុតចំពោះទង្វើរបស់ខ្ញុំ ព្រមទាំងពាក្យសម្ដីមិនល្អ ដែលជាទង្វើមិនគួរអត់ឱនបាន ហើយខ្ញុំសោកស្ដាយជាទីបំផុត" ។ អ្នកស្រី Katie Rich បានបើកគណនីឡើងវិញ និងបានសូមអភ័យទោសដូច្នេះ ចំពោះអ្វីដែលខ្លួនបានសរសេរ ។ ចំណែកទូរទស្សន៍ NBC បានព្យួរតួនាទីអ្នកស្រី ដោយគ្មានពេលកំណត់ ។ ប្រភពៈ deadline
ផ្តល់សិទ្ធិដោយ៖KQUBE


