
កម្សត់លើសពីកម្សត់! ជីវិតទុរគត ដ៏កម្សត់រកអ្វីថ្លែងមិនបាន! បុរសប្តីប្រពន្ធមួយគូ រស់នៅក្រោមដំបូលផ្ទះអង្គការធ្វើឲ្យ ប្រពន្ធកើតឫសដូងបាតលក្ខណៈធ្ងន់ធ្ងរ ត្រូវគ្រូពេទ្យចោះរន្ធត្រង់ពោះសម្រាប់បន្ទោរបង់ តែអ្វីដែលកាន់តែយ៉ាប់ខ្លាំងនោះ ពួកគាត់ត្រូវទទួលថ្មបាក់ ពីកូនស្រីចិញ្ចឹម ដែលទៅធ្វើផ្តេសផ្តាសនៅខាងក្រៅ រហូតបានកូនតូចមួយរូចយកមកទម្លាក់ អោយពួកគាត់ជាអ្នករ៉ាប់រង តែក្រោយមកដំណឹងនេះបានលឺដល់ ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លោកបានចាត់ឲ្យក្រុមការងារយកអំណោយតិចតូចជូនពួកគាត់។
យោងតាមការចុះផ្សាយរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញបានសរសេរថា "ស្ត្រីឈ្មោះ កែវ សំអិត អាយុ៥៣ឆ្នាំ រស់នៅជាមួយស្វាមីកម្សត់ក្រោមដំបូលផ្ទះទុរគត ដែលបានមកពីជំនួយអង្គការសាងសង់ឲ្យជ្រកកោន បានធ្លាក់ខ្លួនមានជំងឺឫសដូងបាត ធ្លាប់បានទៅធ្វើការវះកាត់នៅមន្ទីរពេទ្យ តែក្រោយមកដោយភាពទីទាល់ក្រមិនមានលទ្ធភាពទៅទទួលការព្យាបាលឲ្យបានដិតដល់ជាបន្តទៀត បណ្ដាលអោយស្នាមរបួសវះកាត់ប្រែក្លាយជាដំបៅរលួយហើមធំ បន្ទោរបង់លែងកើតរហូតដល់គ្រូពេទ្យចោះរន្ធត្រង់ពោះឲ្យបន្ទោរបង់ជំនួសទ្វារធំវិញ។
រឹតតែកម្សត់ទៅទៀតនោះ ទាំងពីរនាក់ប្តីប្រពន្ធពុំមានកូនបង្កើតខ្លួនឯង បានទទួលយកកូនស្រីអ្នកដទៃមកចិញ្ចឹមរហូតដល់ធំពេញវ័យ តែកូនស្រីមិនដោយគន្លងធម៌ បានចេញចោលផ្ទះទៅប្រព្រឹត្តផ្ដេសផ្ដាស រហូតដល់មានកូនតូចមួយមកទម្លាក់អោយពួកគាត់ចិញ្ចឹមបីបាច់រក្សា។ ណាមួយប្រពន្ធឈឺ ណាមួយចៅនៅតូច ណាមួយប្តីមិនអាចចេញទៅធ្វើការចោលគ្រួសារបាន ធ្វើអោយជីវិតគ្រួសារពួកគាត់ធ្លាក់ខ្លួនដុនដាប លំបាកទុរគតកំសត់តោកយ៉ាកក្រៃលែង ជីវិតរស់បានអាស្រ័យដោយការអាណិតអាសូរ ពីអ្នកជិតខាងអោយអង្ករ ១កំប៉ុង ២កំប៉ុង គ្រាន់ដាំបបរ បាយ ចិញ្ចឹមខ្លួននិងចៅ។
ដំណឹងនេះលឺដល់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទើបនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ឯកឧត្ដមបានចាត់លោកវរសេនីយ៍ឯក ឈុន ប៊ុនទី និងលោកវរសេនីយ៍ឯក ច័ន្ទ វាសនា ជាជំនួយការចុះទៅពិនិត្យមើលជាក់ស្ដែងដល់ផ្ទះពួកគាត់។
គេហដ្ឋានដ៏កម្សត់ខាងលើ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងនាំយកថវិកា ៥០ម៉ឺនរៀល អង្ករ២ ការ៉ុង ទឹកក្រូច២កេះ ទឹកសុទ្ធ២កេះ ទឹកត្រីទឹកស៊ីអ៊ីវ ៤យួរ ទៅជូនពួកគាត់ទុកគ្រាន់ដោះស្រាយជីវភាពមួយរយៈ ព្រមទាំងបានចាត់ក្រុមគ្រូពេទ្យអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅយកចិត្តទុកដាក់ពិនិត្យតាមដានជំងឺ និងទំនាក់ទំនងរកគ្រូពេទ្យជំនាញដើម្បីជួយព្យាបាលគាត់ផងដែរ"៕


ផ្តល់សិទ្ធិដោយ៖KQUBE