
សិល្បៈ ៖ ការលាតត្រដាងជីវិតទីទាល់ជាងអ្នកសុំទានរបស់លោកតា សួន សាន បន្ទាប់ពីធ្លាក់ខ្លួនឈឺរយៈពេល៣ឆ្នាំ ធ្វើឲ្យលោកធ្លាក់ខ្លួនដុនដាប រហូតគ្មានលុយ១ពាន់រៀលក្នុងហោប៉ៅក្តី តែទឹកចិត្តស្រឡាញ់សិល្បៈចាប៉ីនៅតែមាន ដូច្នេះហើយលោកតាបានប្រាប់ Kqube.net ល្ងាចមិញថា ពេលនេះលោកតាអាចដេញចាប៉ី និងច្រៀងបានរយៈពេល៥នាទី ដើម្បីរកលុយទិញថ្នាំព្យាបាលជំងឺ និងទិញអាហារចម្អែតក្រពះ។
លោកតា សួន សាន បន្តថា លោកពិតជាមានការសោកស្ដាយណាស់ ការដែលខ្លួនធ្លាក់ខ្លួនឈឺ ខណៈដែលគាត់នៅស្រឡាញ់ចម្រៀង ចាប៉ី និងចង់ផ្សព្វផ្សាយសិល្បៈបុរាណរបស់ខ្មែរមួយនេះឲ្យបរទេសបានស្គាល់កាន់តែច្រើន។ លោកតាបន្តថា មុនពេលធ្លាក់ខ្លួនឈឺលោកធ្លាប់បានចេញសម្ដែងនៅក្រៅប្រទេសច្រើនលើក ហើយជនជាតិបរទេសដែលបានស្ដាប់ចម្រៀងចាប៉ីភាគច្រើន គឺឲ្យតម្លៃដល់សិល្បៈមួយនេះខ្លាំងណាស់ ព្រោះបរទេសគេគ្មានសិល្បៈចម្រៀងប្រភេទនេះទេ។
ម្ចាស់ជយលាភីលេខពីរទូទាំងប្រទេសលោកតា សួន សាន បញ្ជាក់មក Kqube.net បន្តថា ពេលនេះលោកបានបាក់ទឹកចិត្តចំពោះជំងឺក្នុងខ្លួនព្យាបាលមិនធូរស្រាល ព្រោះពេទ្យគេថាលោកគ្មានជំងឺអី តែអាការៈជាក់ស្ដែងដៃជើងរបស់គាត់ចុកចាប់ និងស្ពឹកវេទនាខ្លួនជាទីបំផុត។ លោកតាបន្តថា ពេលនេះទោះជាខ្លួនប្រាណលោកមានសភាពដូច្នេះក្ដី ប៉ុន្តែលោកនៅតែចង់ឡើងច្រៀងចាប៉ីបន្តទៀត ដើម្បីបានកម្រៃខ្លះមកទិញថ្នាំខ្មែរ និងទិញអាហារបរិភោគប្រចាំថ្ងៃ។
លោកតា សួន សាន បន្តថា ពេលនេះទោះជាលោកមានជំងឺ តែលោកនៅអាចដេញចាប៉ី និងច្រៀងបានតិចៗក្នុងរយៈពេលប្រមាណជិត៥នាទី តែបើលើសពីនេះ លោកមិនអាចសម្ដែងបានទេ ព្រោះពេលអង្គុយ និងខំដេញចាប៉ីច្រៀង បើយូរជាងនេះអាការៈជំងឺនឹងធ្វើទុក្ខតែម្ដង ម្ល៉ោះហើយបើសិនជាមានកម្មវិធីណាគេចង់ហៅលោកឡើងសម្ដែង ហើយចង់ឲ្យលោកច្រៀងយូរជាងនេះ គឺដូចសម្លាប់លោកអ៊ីចឹង៕
ផ្តល់សិទ្ធិដោយ៖KQUBE



