Sponsor

បន្ទាប់​ពី​ក្រសួង​ព័ត៌មាន​បាន​ចេញ​​លិខិត​បញ្ឈប់ កម្មវិធី​ ABC 3 ស្ព្រីង​​ ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ​និង​ជា​ទីប្រឹក្សា ​ជាន់ខ្ពស់​របស់​ស្ថានីយ​ទូរទស្សន៍​​ CTN,​ CNC​,​ MyTV ​  លោក ហ៊ុយ វណ្ណៈ​ បាន​បញ្ចេញ​សារ​គាំទ្រ​​​ចំពោះ​ចំណាត់​ការ​របស់​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ ទៅ​លើ​វិទ្យុ​ ABC កម្ពុជា​ FM ១០៧.៥ ហើយ​​លោក​បាន​លើក​ឡើងលើគណនី​ហ្វេសហ៊ុក​ផ្ទាល់ខ្លួន​​ថា ​​អ្នក​សារព័ត៌មាន​​និង​​​​អ្នក​ឃោសនា​លក់​ទឹក​ផ្លែឈើ​​​ គឺ​ខុសគ្នា​ដាច់​ស្រឡះ​។​

បន្ថែម​ពី​ក្នុង​សំណេរ​​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​​​ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជារូបនេះ​បាន​បញ្ជាក់យ៉ាង​ដូច្នេះ​ថា​៖​ ​"ពិតជា​មាន​ការ​យល់​ច្រឡំ​​ដោយ​ខុសឆ្គង​ រវាង​ "​អ្នកសារព័ត៌មាន​"​ និង អ្នក​បម្រើ​ការងារ​ក្នុង​ឧស្សាហកម្ម​ផ្សព្វផ្សាយ​។​ មិនមែន​រាល់​អ្នក​ធ្វើការ​ទាំងអស់​នៅ​ក្នុង​ វិទ្យុ ​និង​ ទូរទស្សន៍​ គឺ​សុទ្ធ​តែ​ជា​អ្នកសារព័ត៌មាន​នោះ​ទេ​។​ អ្នក​សារព័ត៌មាន​ តិច​ឬ​ច្រើន​ត្រូវ​តែ​ទទួល​ការ​ហ្វឹកហ្វឺន​ឱ្យ​ចេះដឹង​ និង​អនុវត្ត​ក្រឹត្យ​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ឲ្យ​ខ្ជាប់ខ្ជួន​។​

ដោយសារ​មាន​ការ​យល់​ច្រឡំ​តួនាទី​នេះ​ហើយ ​ទើប​បាន​មួយ​រយៈ​នេះ ​ច្របូក​ច្របល់​ប៉ាត​​ណា​ប៉ាត​ណី​គ្មាន​សណ្ដាប់ធ្នាប់​ ហើយ​វា​ទៅ​ជា​ចេញ​ត្លុក​ពេញ​ វិទ្យុ ​ទូរទស្សន៍ ​អស់​ទៅ។​ បើ​មិន​ទាន់​ដឹង​ ស្តាប់​រៀម​ច្បង​។ កុំ​ដើរ​ចាក់​ថ្នាំ​ពេញ​ភូមិ​ ពេល​ខ្លួន​មិន​បាន​ឆ្លង​កាត់​ការ​បណ្ដុះបណ្ដាល​សាលា​ពេទ្យ​។ គ្រោះថ្នាក់​ណាស់​។ ​បើ​អ្នកណា​ធ្វើ​អី​ក៏​បាន​ ចាំ​បាច់​មាន​សាលារៀន​ធ្វើ​អី​!​?​”។​

ជុំ​វិញ​សង្គ្រាម​ពាក្យ​សម្ដី​និង​ចំណាត់​ការ​យ៉ាង​ក្តៅ​គគុក​​ទៅ​វិទ្យុ ABC កម្ពុជា​ FM 107.5 ​ដែល​ត្រូវ​បាន​ផ្សាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ពិសេស​នៅ​បណ្ដាញ​សង្គម​នោះ គេ​ក៏​សង្កេត​ឃើញ​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​​​បន្ត​គាំទ្រ​វិទ្យុ ​ABC កម្ពុជា​ ​ដោយ​ចង់​ឲ្យ​ក្រុម​ការងារ​ឬ​ម្ចាស់​វិទ្យុ​មួយ​នេះ បន្ទន់​ឥរិយាបថ​បន្តិច ​មក​សុំ​ការ​អភ័យ​ទោស ចរចារ​​ជាមួយ​ក្រសួង​​ ដើម្បី​អាច​បន្ត​ការងារ​មនុស្ស​ធម៌​ជួយ​ដល់​បងប្អូន​ខ្មែរ​ដែល​ជួប​ការ​លំបាក​ត​ទៅ​ទៀត​។យ៉ាង​ណា​មិញ​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​តប​ត ឬ​ប្រតិកម្ម​របស់​គណៈ​គ្រប់គ្រង​វិទ្យុ​ខាងលើ​នៅ​ឡើយទេ​​ គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​មករា​ ឆ្នាំ​២០១៧​នេះ​ ប៉ុន្តែ​បើ​ងាក​ទៅ​មើល​ ហ្វេសប៊ុក​ផេក​របស់​វិទ្យុ​មួយ​នេះ​ ឃើញ​ថា​ បាន​ប្តូរ ​Profile និង ​Coverរបស់​ខ្លូន ពី​រូបភាព​ថត​ជុំ​គ្នា​ និង​មាន​ពាក្យ​ABC Cambodia  Family ​នោះ​ទៅ​ជា​​ ផ្ទៃ​ពណ៌ប៉ៃតងខ្ចីទាំងអស់៕​​​​​​​​​​​​​​​​​​​​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor