
ខេត្តរតនគីរី៖ ក្មេងស្រីដែលមានជម្ងឺរ៉ាំរៃប្រចាំកាយ២ឆ្នាំ ឪពុកគ្មានលទ្ធភាពព្យាបាលនោះ ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេ្តរតនគិរី បញ្ជូនទៅរាជធានីភ្នំពេញ នៅវេលាម៉ោង១១.០០នាទី ព្រឹកថ្ងៃទី០៥ ខែកម្ភៈ ឆ្នាំ២០១៧ នេះហើយ តាមសំណើររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ស្នើសុំអាជ្ញាធរមូលដ្ឋាន បន្ទាប់ពីឯកឧត្ដមបណ្ឌិត បានជ្រាបតាមរយៈបណ្ដាញសារព័ត៌មានផ្សព្វផ្សាយ។
នៅព្រឹកថ្ងៃទី៥នេះ មុនពេលបញ្ជូនក្មេងស្រីទៅភ្នំពេញ អាជ្ញាធរស្រុកកូនមុំ ខេត្តរតនគិរី បាននាំយកអំណោយ ចំនួន៣៥ម៉ឺនរៀល ព្រមទាំងអង្ក ត្រីខ មី មួយចំនួនទៅជូនដល់ក្មេងស្រីឈ្មោះ ហំ ស្រីលីន ដល់ចំការកៅស៊ូដែលឪពុកក្មេងជៀជ័រ។ ដោយឡែកលោក សារិទ្ធិ រស់នៅប្រទេសកូរ៉េ បានជួយឧបត្ថមថវិការចំនួណ៥០ដុល្លាសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃដដែលនេះផងដែរ ប៉ុន្តែថវិការនេះ ភ្នាកងារយកព័ត៌មានប្រចាំខេត្តរតនគិរី មិនទាន់បានបញ្ជូនដល់ដៃក្មួយស្រីនៅឡើយទេ ដោយរងចាំឲ្យសហការីនៅទីក្រុងភ្នំពេញជាអ្នកផ្ដលថវិការនេះតែម្ដង។ បន្ទាប់មក អាជ្ញាធរស្រុកក៏បានហៅរថយន្តសង្គ្រោះមណ្ឌលសុខភាពស្រុកកូន ជូនយកមកមន្ទីពេទ្យបង្អែកខេត្ត ដើម្បីរៀបចំឯកសារបញ្ជូនបន្តទៅរាជធានីភ្នំពេញ តាមសំណើបន្ទាន់របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត។ (ស្ដាប់សំដីដើមលោក ស៊ិន សំ អាជ្ញាធរស្រុកកូនមុំ)

បើតាមការសន្និដ្ឋានជំហ៊ានដំបូង លោកវិជ្ជបណ្ឌិត ជុំ សុភក្ដិ មន្ទីរពេទ្យងង្អែកខេត្តថា អាការៈហើមពេញដងខ្លួន ដកដង្ហើមហត់ មានភាពស្លេកស្លាំងនេះ អាចជាជម្ងឺទឹកនោមប្រៃ និងជម្ងឺថ្លើម តែពេលនេះលោកមិនបានពិនិត្យតាមបច្ចេកទេសពេទ្យនៅឡើយទេ ដោយលោកប្រញាប់រៀបចំបញ្ជូនបន្តទៅភ្នំពេញតាមសំណើរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត។ (ស្ដាប់ការបញ្ជាក់ពីលោកវិជ្ជបណ្ឌិត) ដោយឡែកលោក ពៅ តឿ ឪពុកក្មេងស្រី មានក្ដីរំភើបនិងត្រេករកអ្វីប្រៀបផ្ទឹមពុំបាន បន្ទាប់ពីឃើញសកម្មភាពថ្នាក់ដឹកនាំ និងសប្បុរសជន ទាំងក្នុងប្រទេស ក្រៅប្រទេស មានការជ្រមជ្រែង ជួយជាបន្តបន្ទាប់ ជាពិសេសថ្លែងអំណរគុណដល់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ។
សូមជម្រាបថា បន្ទាប់ពីបានផ្សព្វផ្សាយ មានសប្បុរសជនជាច្រើនទំនាក់ទំនងមកបណ្តាញសារព័តមានក្នុងខេត្តរតនគិរី ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងនោះមានទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស ត្រៀមនឹងជួយឧបត្ថមជាបន្តបន្ទាប់ផងដែរ។
ដោយ៖ ភួង ផុន le.05.02.2017
ផ្តល់សិទ្ធិដោយ៖VD7News.com