Sponsor

ខេត្ត​កែប៖ ​យុវជន​​មួយ​ក្រុម​មាន​សមាជិក​ប្រមាណ​៣២​នាក់​ ​បាន​មូល​មតិ​​រួម​​ បង្កើត​​មូលនិធិ​មួយ​ ​ដែល​មាន​ឈ្មោះ​ថា​​ មួយ​ថ្ងៃ​១០០០​​រៀល ដើម្បី​យក​ថវិកា​ដែល​សន្សំ​បាន​ទាំង​នោះ​​ទៅ​ជួយ​បណ្ដា​សាលា​រៀន​ណា ​ដែល​ខ្វះ​ខាត​នៅ​តាម​ទី​ជនបទ។ ទោះ​បី​ជា​មូលនិធិ​នេះ​ទើប​តែ​បង្កើត​ឡើង​ថ្មោង​ថ្មី​ក៏​ពិត​មែន​ តែ​សមាជិក​ក្រុម​មាន​ឆន្ទៈ​ក្នុង​ការ​ជួយ​សង្គម​តាម​រយៈ​ការ​ចែក​រំលែក​។

តួយ៉ាង​កាល​ពី​ពេល​ថ្មីៗ​នេះ​ មូលនិធិ​បាន​ទិញ​​សម្ភារៈ​សិក្សា​មួយ​ចំនួន​ ​និង​​ថវិកា​ដែល​ខំ​សន្សំ​បាន​តិចតួច​ ទៅ​ចែក​ជួន​លោក​គ្រូ អ្នកគ្រូ និង​ក្មេង​ៗ​ដែល​ជា​សិស្ស​សាលា​ប្រមាណ​ជាង​១០០​នាក់ ​សរុប​ថវិកា​អស់​​ជាង​១​លាន​រៀល ទៅ​ជួយ​សាលា​បឋម​សិក្សា តាពីង​ ដែល​ស្ថិត​នៅ​ចុង​កាត់​មាត់​ញក​ មាន​ទីតាំង​នៅ​​ភូមិ​តា​ពីង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប។  

ប្រាប់​អ្នកសារព័ត៌មាន​ របស់​គេហទំព័រ​ ខេ​ឃ្យូប​ ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក យុវជន​ភឿន បូអ៊ី ដែល​ជា​អតីត​សិស្ស​រៀន​នៅ​សាលា​នេះ​ផ្ទាល់ ហើយ​ជា​សមាជិក​មួយ​រូប​របស់​មូលនិធិ​ខាងលើ​ បាន​អោយ​ដឹង​ថា​ ​ការ​ដែល​ផ្តើម​បង្កើត​មូលនិធិ​នេះ​ឡើង​​ គឺ​ដើម្បី​ចូល​រួម​ជួយ​សង្គម​តាម​រយៈ​មូលនិធិ​មួយ​​ខាងលើ​​​ ក៏​ដូចជា​ជួយ​អោយ​សិស្សានុសិស្ស​មាន​សម្ភារៈ​សិក្សា​ និង​ជួយ​ជន​ខ្វះខាត​ រួម​ទាំង​ជន​ទុរគត​ផង​ដែរ។  យុវជន​រូប​​នេះ​បន្ត​ថា នេះ​ជា​សកម្មភាព​មនុស្ស​ធម៌​លើក​ទី​១​របស់​ក្រុម​ខ្លួន​ បើ​តាម​គម្រោង​និង​មាន​ជា​បន្ត​ទៀត តែ​រង​ចាំ​ប្រាក់​សន្សំ​របស់​ក្រុម​ខ្លួន​បាន​គ្រាន់បើ​ជាង​នេះ​សិន។

 ​គួរ​បញ្ជាក់​ថា ​ការ​ដែល​ក្រុម​មូលនិធិ​​ខាង​លើ​ ជ្រើស​យក​សាលា​បឋម​សិក្សា​តាពីង​ សម្រាប់​ដំណើរការ​គម្រោង​របស់​ខ្លួន​នេះ​ ក៏​ព្រោះ​តែ​ពួកគេ​យល់​ឃើញ​ថា សាលា​កំពុង​ខ្វះ​ខាត​ច្រើន​ទៅលើ​សម្ភារៈ​សិក្សា ជាពិសេស​គឺ​បណ្ណាល័យ​តែ​ម្តង។  ​ជា​សាលា​មួយ​ដែល​ហ៊ុមព័ទ្ធ​ដោយ​ទឹក​ប្រៃ​ យោង​តាម​អ្នកគ្រូ​ម្នាក់​ ដែល​បង្រៀន​នៅ​ទី​នោះ​ធ្លាប់​ប្រាប់ អ្នក​សារព័ត៌មាន​យើង​ថា​ សព្វថ្ងៃ​សាលា មិន​មាន​បណ្ណាល័យ​នោះ​ទេ ហើយ​សៀវភៅ​រឿង​និទាន​ខ្លីៗ មាន​មិន​ដល់​​១០​​ក្បាល​ផង ដោយ​​សៀវភៅ​ទាំង​នោះ​គឺ​ នាយក​ខ្ចី​ពី​សាលា​គេ​ដទៃ​ទៀត​។

សាលា​ធ្លាប់​បាន​ស្នើ​ទៅ​មន្ទីរ​អប់រំ​ខេត្ត​ដែរ​ តែ​មិន​ទាន់​ទទួល​បាន​ចម្លើយ​។ ដោយ​ឡែក​អាគារ​សិក្សា​ គឺ​សាលា​ទើប​ទទួល​ការ​ជួយ​ពី​ជន​បរទេស​មួយ​ក្រុម​ ដែល​បាន​សាង​សង់​ឲ្យ​ ហើយ​ទើប​តែ​អាច​​ប្រើ​ប្រាស់​បាន​ប្រហែល​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ៕

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor