
សិល្បៈ ៖ ភាពយន្តរឿង "កំពូលស៊យឆ្លងភព" គឺជាវណ្ណកម្មកំប្លែងបែប Action និងបញ្ចូល Special Effects ប្រមាណជា៦០ភាគរយ និងប្រើរយៈពេលផលិតប្រមាណជិតមួយឆ្នាំទើបបញ្ចប់ និងបានចាយទុនខ្ពស់ជាភាពយន្តធម្មតាបីដងធៀបនឹងភាពយន្តធម្មតា ដូច្នេះហើយទើបផលិតកររឿងនេះ កំពុងដេកភ័យ ដោយសារទុនផលិតពាក់កណ្ដាលបានមកពីការបញ្ចាំដីស្រែឲ្យធនាគារមកបង្គ្រប់ការផលិត នឹងត្រូវធនាគារព្រមានរឹបអូសជាច្រើនលើក ។
លោក តន់ វុទ្ធី ចាងហ្វាងផលិតកម្ម អូហ្វីម បានប្រាប់លោក តាន់ ចន្ថា អ្នកផលិតព័ត៌មាន Kqube.net ថា ភាពយន្តរឿង "កំពូលស៊យឆ្លងភព" និពន្ធ និងដឹកនាំដោយលោក ឃុន ប៉ាលី ហើយរឿងនេះបានចំណាយពេលផលិតជិតមួយឆ្នាំ ទើបតែបញ្ចប់ជាស្ថាពរនៅខែកុម្ភៈនេះ និងត្រៀមចាក់បញ្ចាំងនៅគ្រប់រោងកុនទូទាំងប្រទេសនៅថ្ងៃទី១៦ ខែមីនា ខាងមុខ។
ចាងហ្វាងដដែលនេះបន្តថា ការផលិតខ្សែភាពយន្តមួយនេះ គឺចំណាយខ្ពស់រហូតដល់ទៅបីដង បើធៀបទៅនឹងភាពយន្តធម្មតាគ្រាន់តែថតហើយកាត់ត និងបុក Sound ទម្លាក់ Master តែសម្រាប់រឿងលោកជារឿងបែប Action និងមានរៀបចំឆាក សំលៀកបំពាក់ច្រើនឈុត និងមានបញ្ចូល Special Effects ប្រមាណជា៦០ភាគរយបន្ថែមទៀត ហើយខ្សែភាពយន្តប្រភេទនេះ ផលិតករក្នុងស្រុកយើងមិនទាន់មានអ្នកហ៊ានធ្វើនៅឡើយ ដូច្នេះហើយទើបចំណាយខ្ពស់លើសពីការកំណត់។
លោក តន់ វុទ្ធី បន្តទៀតថា ព្រោះតែលោកមានដើមទុនតិចទើបការផលិតត្រូវអស់ប្រាក់កណ្ដាលទី ដែលតម្រូវឲ្យលោកត្រូវរត់ខ្ចីបងប្អូន មិត្តភ័ក្ដិ និងធនាគារ យកមកផលិតបញ្ចប់ ដោយសង្ឃឹមថា ពេលចាក់បញ្ចាំងទើបប្រមូលលុយសងគេ និងបង់ធនាគារយកប្លង់ដីស្រែមកវិញ។
លោកបន្តថា ព្រោះតែរឿង "កំពូលស៊យឆ្លងភព" ជាភាពយន្តពិបាកផលិត គឺត្រូវចំណាយពេលយូរខែ រហូតមកដល់ពេលនេះមិនទាន់បានចាក់បញ្ចាំងនៅឡើយ ដូច្នេះហើយការប្រាក់ធនាគារត្រូវបង់ទៀងទាត់រាល់ខែ តែដោយសារមួយរយៈនេះលោកខិតខំផលិតរឿងមិនបានធ្វើការងារផ្សេងចំណូលក៏គ្មាន ទើបជំពាក់ធនាគារ ហើយត្រូវគេបានមកទារ និងព្រមានរឹបអូសដីស្រែច្រើនលើកមកហើយ។
ផលិតកររូបនេះបន្តថា លុយជំពាក់បងប្អូន មិត្តភ័ក្ដិ អាចនិយាយពន្យារគេបាន ប៉ុន្តែសម្រាប់ធនាគារ គឺគេមិនអនុគ្រោះឲ្យច្រើនលើកទេ គេបានបោះពាក្យសម្ដីថា រឹបអូសយកដីស្រែលក់យកប្រាក់គេវិញ ដូច្នេះហើយទើបលោកដេកព្រួយ ព្រោះរឿង "កំពូលស៊យឆ្លងភព" ត្រូវបញ្ចាំងនៅថ្ងៃទី១៦ មីនា ខាងមុខ ហើយក៏មិនទាន់ហ៊ានកំណត់ថា ជោគជ័យកម្រិតណានោះទេ។
ម្ចាស់កុនខាងលើបន្តថា ថ្មីៗនេះលោកទើបតែសុំពន្យារពេលធនាគារមួយខែទៀត ទើបមានលុយសងទាំងការទាំងដើម គឺនៅពេលរឿងរបស់លោកចាក់បញ្ចាំងអាចរកចំណូលបានមកវិញ ហើយការស្នើសុំរបស់លោកលើកនេះគេក៏អនុគ្រោះទៀតដែរ ប៉ុន្តែលោកនៅតែដេកភ័យ ព្រោះមិនដឹងថា ពេលបញ្ចាំងរឿងនេះអាចស្រង់ដើមបាន ឬអត់ ដូច្នេះហើយមានតែការគាំទ្រពីសំណាក់ទស្សនិកជនទេ ដែលអាចជួយលោកកុំឲ្យបាត់បង់ដីស្រែ ដោយសារធនាគាររឹបអូស។
ទន្ទឹមនឹងការបញ្ជាក់ពីរឿងរ៉ាវពិតពីក្រោយការងារផលិតរឿង "កំពូលស៊យឆ្លងភព" នេះដែរលោក តន់ វុទ្ធី ក៏បានបញ្ជាក់ថា លោកគឺជាកូនខ្មែរមួយរូបស្រឡាញ់ភាពយន្ត និងមានស្នាដៃអាចធ្វើភាពយន្តឲ្យមានភាពខុសប្លែកពីរឿងមុនៗ ដូច្នេះហើយសូមកូនខ្មែរជួយគាំទ្រស្នាដៃលោកផង៕









ផ្តល់សិទ្ធិដោយ៖KQUBE