
មេទ័ព ចិន ឈ្មោះ ស៊ុន ជឺ (Sun Tzu) សម័យរាជវង្ស ចូវ ៤៩៦ មុនគ្រិស្តសករាជ បានសរសេរតម្រាពិជ័យសង្គ្រាមមួយ ហើយសាលាបង្រៀនក្នុងប្រទេស ចិន នៅតែយកគម្ពីរនោះមកបង្រៀនដល់សព្វថ្ងៃនេះ ។ “បើសត្រូវខ្លាំង អ្នកត្រូវធ្វើឲ្យពួកគេជ្រួលច្របល់ និងភ្ញាក់ផ្អើល” ។ “វិធីមួយក្នុងចំណោមវិធីជាច្រើនគឺ អ្នកត្រូវបង្ហាញខ្លួនកន្លែងដែលសត្រូវនឹកស្មានមិនដល់” ។
ឆ្នាំ ២០០៦ ប្រទេស ចិន បានយកក្បួនសឹកនោះមកអនុវត្ត ។ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០០៦ នាវាផ្ទុកយន្តហោះ សហរដ្ឋអាមេរិក USS Kitty Hawk កំពុងធ្វើដំណើរឆ្លងកាត់សមុទ្រលឿង លើដែនទឹកអន្តរជាតិ ប៉ុន្តែនាវាចាប់បានសញ្ញានៃការធ្វើដំណើររបស់នាវាមួយនៅក្បែរនោះ ។ កាពីតែន USS Kitty Hawk បានបញ្ជូនយន្តហោះប្រឆាំងនាវាមុជទឹកជាច្រើនគ្រឿង ដើម្បីទម្លាក់ឧបករណ៍តាមដានក្រោមសមុទ្រ ។
នៅទីបំផុត USS Kitty Hawk បានរកឃើញថា អ្នកលបដើរតាមគឺជានាវាមុជទឹកប្រយុទ្ធដើរដោយថាមពលនុយក្លេអ៊ែរ របស់ ចិន។ អំឡុងសម័យសង្គ្រាមត្រជាក់ អាមេរិក និង សហភាពសូវៀត បានបង្កើតពិធីសារមួយ មិនឲ្យនាវាប្រយុទ្ធធ្វើដំណើរទៅក្បែរគ្នា ប៉ុន្តែពិធីសារនោះ អាមេរិក មិនធ្លាប់បានធ្វើជាមួយប្រទេស ចិន ឡើយ ។ ថ្ងៃទី ២៨ តុលា ឆ្នាំ ២០០៦ យន្តហោះចម្បាំង ចិន ជាច្រើនគ្រឿង ហោះហើរឆ្វែល USS Kitty Hawk ហើយទីក្រុង ប៉េកាំង គំរាមចេញបញ្ជាឲ្យបាញ់ទៀផង ។
ថ្ងៃទី ២៩ តុលា មានគេប្រាប់ អាមេរិក ថានាវាមុជទឹក ចិន មិនមែនលបតាមក្រោយនាវាផ្ទុកយន្តហោះ USS Kitty Hawk នោះទេ គឺគេធ្វើដំណើរត្រឡប់ទៅកាន់មូលដ្ឋានទីក្រុង ជីងដាវ ។ បញ្ហាត្រូវបានដោះស្រាយ ចំណែក USS Kitty Hawk ក៏បានចាកចេញពីសមុទ្រលឿង ប៉ុន្តែហេតុការណ៍នោះបង្ហាញអំពីកម្រិតនៃបច្ចេកវិទ្យារបស់ ចិន ។
ឧទាហរណ៍ ថ្ងៃទី ២១ កក្កដា ឆ្នាំ ១៩៩៥ ចិន សាកល្បងមីស៊ីលក្បែរឆ្នេរទប់មុខកោះតៃវ៉ាន់ នាំឲ្យមានវិបត្តិឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់លើកទី៣ ។ មួយឆ្នាំក្រោយមក អាមេរិក ធ្វើអន្តរាគមន៍ វិបត្តិបានបញ្ចប់ ប៉ុន្តែមេដឹកនាំ ចិន ដឹងខ្លួនឯងថា បច្ចេកវិទ្យារបស់ខ្លួនមិនទាន់គ្រប់គ្រាន់នៅឡើយ ។ ស៊ុន ជឺ សរសេរក្នុងតម្រាពិជ័យសង្គ្រាមថា សង្គ្រាមត្រូវមានកត្តា ៥ យ៉ាង ទំហំ បរិមាណ ការវាយតម្លៃ ការប្រៀបធៀប និងជ័យជម្នះ ។
នៅពេល អាមេរិក ផ្ដាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ក្នុងឆ្នាំ ១៩៧៩ ដើម្បីកុំឲ្យ ចិន អាក់អន់ចិត្ត កងទ័ព ចិន គត់គូរឃើញថា ពួកគេត្រូវរង់ចាំរហូតដល់ឆ្នាំ ១៩៩៥ ទើបអាចធ្វើឲ្យកោះតៃវ៉ាន់ មានការភ័យខ្លាច ។ ប្រសិនបើ អាមេរិក ធ្វើអន្តរាគមន៍នៅពេល ចិន គំរាមកោះតៃវ៉ាន់ ទីក្រុង ប៉េកាំង អាចបង្ហាញអំណាចមួយ គឺបរិមាណកងទ័ព ។
អ្នកជំនាញខាងយុទ្ធសាស្ត្រផែនការជឿថា អំណាចរបស់ អាមេរិក ពឹងផ្អែកច្រើនទៅលើនាវាផ្ទុកយន្តហោះទាំងឡាយរបស់ខ្លួន ។ បើតាមទស្សនរបស់ ស៊ុន ជឺ “អ្វីដែលធ្វើឲ្យខ្លួនឯងខ្លាំង អ្វីនោះហើយដែលធ្វើឲ្យសត្រូវចុះខ្សោយ” ។
ប្រសិនបើ អាមេរិក ខ្លាំង ចិន មិនអាចការពារដែនទឹករបស់ខ្លួនបានឡើយ ដូច្នេះ អ្វីដែលត្រូវធ្វើគឺ វាយឲ្យចំចំណុចសំខាន់ ។ ប្រភពៈ warhistoryonline

ផ្តល់សិទ្ធិដោយ៖KQUBE