
សិល្បៈ៖ ដោយក្តីនឹករលឹកជាមួយតាចេកដែលធ្លាប់តែជាដៃគូ មិនថានៅក្នុងការងារសិល្បៈ ឬការងារផ្សេងទៀត ថ្ងៃនេះតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ងួន ចាន់ដេវីត ហៅ G-Devith បានមកជួបជជែកលេងជាមួយ តារាកំប្លែងនាយចេក ក្នុងនោះដែរតារាវ័យក្មេងខាងលើក៏បានជួយជាថវិកាខ្លះៗ សម្រាប់អោយតាចេកដោះទាល់បានមួយគ្រា។
សំណេរក្នុងទំព័រហ្វេសប៊ុក ដែលបានផ្សព្វផ្សាយនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ងួន ចាន់ដេវីតបានសរសេរថា "ជម្រាបសួរបាទ!! ដូចដែលបានសន្យាជាមួយអ៊ុំអញ្ចឹង ថ្ងៃនេះខ្ញុំបានមកជួបអ៊ុំហើយ ទម្រាំតែឆ្លៀតពេលបាន... ថ្ងៃនេះមានអារម្មណ៍ថាសប្បាយដែលបានមកអង្គុយជជែកលេងជាមួយអ៊ុំបាន 1h-2h ដែរ!!
ហ៊ើយ... និយាយទៅអនុស្សាវរីយ៍ច្រើនណាស់រាប់មិនអស់ទេ ហើយក៏សូមអរគុណដល់អ៊ុំដែលនៅតែនឹករលឹកដល់ខ្ញុំ ហើយក៏អរគុណដល់អ៊ុំដែលបានចូលរួមចំណែកការងារជាមួយខ្ញុំកន្លងមក"។
"ហើយក្មួយក៏មិនមានអីច្រើនដែរ ក្មួយមានតែទឹកប្រាក់បន្តិចបន្តួច ដែលជាទឹកចិត្តរបស់ក្មួយសម្រាប់ជូនអ៊ុំទុកគ្រាន់ដោះស្រាយជីវភាព។ ជាចុងក្រោយក៏សូមជូនពរដល់អ៊ុំ និងក្រុមគ្រួសារជួបប្រទះតែនឹងសេចក្ដីសុខ និងជៀសផុតពីជំងឺទាំងពួង"។
"ដោយក្ដីគោរពពីខ្ញុំបាទ: ងួន ចាន់ ដេវីត" ៕



ផ្តល់សិទ្ធិដោយ៖KQUBE