
សេអ៊ូល៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍ឲ្យដឹងថា ការស្លាប់របស់លោក Kim Jong-nam កូនប្រុសច្បងរបស់អតីតប្រធានាធិបតីកូរ៉េខាងជើង Kim Jon-il និងជាបងប្រុសម្ដាយផ្សេងគ្នា របស់ប្រធានាធិបតីកូរ៉េខាងជើងបច្ចុប្បន្ន លោក Kim Jong-un កាលពីថ្ងៃចន្ទ នៅមន្ទីរពេទ្យ ប្រទេសម៉ាឡេស៊ី បន្ទាប់ពីរូបលោកទទួលរងនៅការវាយប្រហារមួយនៅឯអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុង គូឡាឡាំពួ ពេលនេះត្រូវបានគេសង្ស័យលើស្ត្រី២នាក់ដែលជាអ្នកលួចធ្វើឃាតនៅកន្លែងកើតហេតុ។
យោងតាម លោក Lee Byung-ho ប្រធានភ្នាក់ងារស៊ើបអង្កេតសម្ងាត់បានឲ្យដឹងថា ស្ត្រី២នាក់កំពុងសង្ស័យថា ជាឃាតករដាក់ថ្នាំបំពុលសម្លាប់លោក Kim Jong-nam ដោយប្រភពមកពីនគរបាលបានឲ្យដឹងថា ស្ត្រីម្នាក់ជាអ្នកដាក់ថ្នាំបំពុល និងម្នាក់ទៀតជាអ្នកយកក្រណាត់គ្របមុខរូបលោក ប៉ុន្តែការសន្និដ្ឋាននេះពុំទាន់មានភស្តុតាងគ្រប់គ្រាន់ ដែលអាចឈានទៅរកការឃាត់ខ្លួនបាននៅឡើយទេ។
គួរបញ្ជាក់ផងដែរថា ក្រុមនគរបាលស៊ើបអង្កេតប្រទេសម៉ាឡេស៊ី កំពុងតាមដានជនសង្ស័យពីររូបខាងលើយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងប្រមូលយកឯកសារដែលជាប់ពាក់ព័ន្ធទាំងឡាយពីសំណាក់សាក្សីនៅកន្លែងកើតហេតុ ដើម្បីចុះចាប់ខ្លួន ម្យ៉ាងទៀតរដ្ឋាភិបាលម៉ាឡេស៊ីពេលនេះក៏កំពុងអន្ទះអន្ទែង និងព្រមបារម្ភយ៉ាងខ្លាំងផងដែរ៕
ផ្តល់សិទ្ធិដោយ៖KQUBE