
គ្រូបង្វឹកក្លឹបបាល់ទាត់ Manchester United លោក Jose Mourinho បានទទូចថា លោកមិនដែលមានបំណងចង់លក់ Juan Mata នោះទេ ព្រោះខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ ជាកីឡាករសំខាន់មួយរូបក្នុងការពង្រឹងក្លឹបក្នុងទឹកដី Old Trafford។
មានការរំពឹងទុកជាច្រើនថា Mata នឹងត្រូវគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Jose ដែលមកដឹកនាំជំនួសលោកLouis van Gaal លក់ចេញក្នុងរដូវកាល២០១៦-២០១៧ បន្ទាប់ពីកីឡាកររូបនេះ ត្រូវបាន Mourinho អនុញ្ញាតលក់ចេញកាលពីឆ្នាំ២០១៤នៅ Chelsea ម្ដងរួចទៅហើយ។ ទោះបីជាមានការគិតយ៉ាងនេះក្ដី Mata បានក្លាយជាតួសំខាន់សម្រាប់ Mourinho និង Man Utd ដោយរកគ្រាប់បាល់បាន៦គ្រាប់ក្នុងរដូវកាលនេះ ខណៈគ្រាប់ចុងក្រោយរកបានពេល Man Utd ឈ្នះ Watford ២ទល់០។
“ ពេលដែលខ្ញុំមកពីនេះ (Old Trafford)មានមនុស្សជាច្រើនគិតថាខ្ញុំមានបញ្ហាជាមួយ Mata។ ខ្ញុំបានដឹងថាគាត់មិនគួរជាបញ្ហានោះទេ ដោយសាររឿងមួយគឺវាជាបាល់ទាត់។ ខ្ញុំចង់ឲ្យ Chelsea លេងដ៏ល្អមួយហើយរឿងមួយទៀតគឺខ្ញុំចង់ឲ្យ Manchester United លេងល្អដូចគ្នាហើយ Mata ត្រូវតែសម្របខ្លួនទៅតាមបាល់ទាត់នៅពេលដែលគាត់ត្រូវការលេង"សម្ដី Mourinho។
គ្រូបង្វឹករូបនេះបានបន្តទៀតថា៖" ខ្ញុំបានដឹងកាលពីដំបូងមកម្លេះ គាត់គួរតែជាកីឡាករសំខាន់ ហើយខ្ញុំគិតថាគាត់មានអារម្មណ៍មានទំនុកចិត្តជាមួយខ្ញុំ ហើយក៏មានទំនុកចិត្តជាមួយការលេងក្នុងទីលានផងដែរ។ ពេលគាត់ព្យាយាមលេង ដូច្នេះគាត់ពិតជាសប្បាយហើយរីករាយនៅលើទីលានដូចដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹង"៕

ផ្តល់សិទ្ធិដោយ៖KQUBE

