ជារៀលថ្ងៃ ១៤កុម្ភៈ ឬហៅម្យ៉ាងទៀតថា ទិវានៃក្តីស្រឡាញ់ម្តងៗ គេសង្កេតឃើញមិត្តយុវវ័យជាមួយចំនួន តែងតែមានគម្រោងជាច្រើន ក្នុងការដើរហើរឬណាត់ជួបជុំមិត្តភក្តិដើម្បីញ៉ាំអាហារជុំគ្នា ហើយខ្លះទៀតបានទិញកាដូជូនមិត្តស្រីដែលខ្លួនស្រឡាញ់ផងដែរ។
ចុះបើងាកមកអ្នកសារព័ត៌មានជានារីៗវិញ ពួកគាត់នឹងធ្វើអ្វីខ្លះនៅថ្ងៃទិវានៃក្តីស្រឡាញ់ឆ្នាំ២០១៧នេះ? កញ្ញា លឹម សុនា ជាអ្នកយកព័ត៌មានគេហទំព័រ Sabay បានប្រាប់ Kqube News ថា សម្រាប់មនុស្សទូទៅនៅថ្ងៃ ១៤ កុម្ភៈប្រហែលជាទៅញ៉ាំអាហារជួបជុំមិត្តភ័ក្ត ប៉ាម៉ាក់ និងបងប្អូន ប៉ុន្តែកញ្ញាវិញមិនបានដូច្នោះឡើយ គឺត្រូវទៅបំពេញបេសកកម្មនៅប្រទេសថៃ។
ហើយបើទោះបីជាមិនជាប់រវល់នឹងការងារក្រៅប្រទេសក៏ដោយ កញ្ញាក៏មិនមានផែនការទៅណាដែរ ពីព្រោះក្នុងនាមជាអ្នកសារព័ត៌មាន អនឡាញមិនសូវមានពេលគ្រប់គ្រាន់ទេ ដូច្នេះរូបគេត្រូវនៅគិតរិះរកនូវប្រធានបទថ្មីៗ ដើម្បីសរសេរផ្សាយជូនមិត្តអ្នកអាន។
ដោយឡែក កញ្ញា ថុន សុកេតុមាលា ពិធីការិនីស្ថានីយទូរទស្សន៍ CTN បានឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំកញ្ញាមិនបានទៅណាទេក្រោយចេញពីធ្វើការ ប៉ុន្តែឆ្នាំនេះ កញ្ញាមានគម្រោងទៅញ៉ាំអាហារជាមួយមិត្តភ័ក្ដិក្រោមពន្លឺភ្លើងទាន បន្ទាប់មកនឹងចេញទៅមើលកុន ឬស្ដាប់ភ្លេងជាមួយមនុស្សជាទីស្រឡាញ់អមនឹងការទទួលបាច់ផ្កាដ៏ស្រស់ស្អាតមួយផងដែរ។ នៅត្រង់ចំណុចការទទួលកាដូផ្កាកុលាបមួយបាច់នេះ កញ្ញាបញ្ជាក់ថា ចំពោះនារីណាក៏ចង់បានពីមនុស្សដែលខ្លួនស្រឡាញ់ ដែរ ប៉ុន្តែសូមគិតថា តើការជូនផ្កាកុលាបមួយបាច់នេះក្នុងន័យអ្វី?

ហើយក៏មិនមែនទទួលយកកាដូរួច ប្តូរត្រឡប់មកវិញនូវការលះបង់ខ្លួនប្រាណដែរ។ នេះសារខ្លីមួយរបស់កញ្ញាសម្រាប់ផ្ញើរជូនមិត្តយុវវ័យ។ ពិធីការិនីរូបនេះបានបន្ថែមថា ក្រោយពីចេញកន្លែងកម្សាន្តដ៏រ៉ូមែនទិកខាងលើ រូបគេក៏នឹងទិញផ្កាមួយបាច់ យកទៅជូនអ្នកម្តាយរបស់ខ្លួន ដើម្បីបង្ហាញពីក្តីស្រឡាញ់និងឲ្យតម្លៃចំពោះអ្នកមានគុណ ហើយបន្ទាប់មកអាចញ៉ាំអាហារជាមួយគ្នាផងដែរ ដែលសកម្មភាពនេះ កញ្ញាតែងធ្វើចំពោះម្តាយខ្លួនជារៀងរាល់ឆ្នាំ ពិសេសនៅពេលប្រគល់ជូនបាច់ផ្កានោះ គឺយំទាំងពីរនាក់ ដោយសារតែអារម្មណ៍រំភើបនិងរំជួលចិត្តខ្លាំងពេក។
ចំណែកឯកញ្ញា សយ ចាន់លក្ខិណា អ្នកសារព័ត៌មាន Freshnews និយាយថា សម្រាប់មិត្តយុវវ័យទូទៅតែងមានគម្រោងធ្វើសកម្មភាពផ្សេងៗសម្រាប់សង្សាររបស់ខ្លួន ដែលជាការយល់ឃើញអត្ថន័យនៃទិវានៃក្តីស្រឡាញ់នេះតែមួយជ្រុងប៉ុណ្ណោះ។ ដោយឡែកសម្រាប់កញ្ញាជាអ្នកសារព័ត៌មាន មិនសូវមានពេលដូចមិត្តយុវវ័យនោះទេ គឺទិវានៃស្រឡាញ់នេះ រូបគេនៅបំពេញកិច្ចការងារជាធម្មតា ដោយចុះទៅយកព័ត៌មានដោយផ្ទាល់តាមកម្មវិធីផ្សេង។

ប៉ុន្តែនៅថ្ងៃ១៤ កុម្ភៈ រូបគេនឹងខលហៅលោកឪពុកអ្នកម្តាយជាទីស្រឡាញ់ឲ្យច្រើនជាងពេលធម្មតា ដើម្បីបង្ហាញពីការស្រឡាញ់និងអរគុណចំពោះលោកទាំងពីរ ដែលបានផ្តល់កំណើត ឬតាំងពីមិនទាន់ឃើញពន្លឺថ្ងៃ រហូតធំពេញវ័យមកទល់ពេញនេះ ហើយកញ្ញាក៏មានការសោកស្តាយដែរ ដែលមិនអាចជូនកាដូដោយផ្ទាល់ដៃ ដោយខ្លួនត្រូវមកសិក្សានិងធ្វើការនៅភ្នំពេញ ខណៈអ្នកមានគុណរបស់កញ្ញានៅឯខេត្តពោធិ៍សាត់។ ចុះមិត្តអ្នកអានវិញមានគម្រោងទៅណាដែរ? ឬយល់យ៉ាងម៉េចដែរសម្រាប់ថ្ងៃទិវានៃក្តីស្រឡាញ់នេះ?

ផ្តល់សិទ្ធិដោយ KQUBE

