
នៅពេលនេះខ្សែការពារស្លាបឆ្វេងវ័យក្មេង សឿត បារាំង កំពុងតែអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករជម្រើសដំបូងរបស់ជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់ AFC Asain Cup បន្ទាប់ពីជាប់ជម្រើសដំបូង ហើយលេង៩០នាទីពេញក្នុងការប្រកួតដែលកម្ពុជា ចាញ់ឥណ្ឌាក្នុងមិត្តភាពកាលពីថ្ងៃទី២២។
រូបគេបំពេញតួនាទីបានល្អ លេងដោយទំនុកចិត្ត មិនខ្លាចកីឡាករមាឌធំ ទោះបីជាមានវ័យក្មេង និងមាឌតូចជាងគេក្ដី។ រូបគេទទួលបានការទុកចិត្តពីលោក Leonardo Vitorino ក្នុងការដាក់ឲ្យលេងជម្រើសដំបូងទល់នឹងឥណ្ឌា។ ហេតុផលនេះគ្រូបង្វឹកសញ្ជាតិប្រេស៊ីលបាននិយាយថា៖
" ខ្ញុំមិនផ្ដោតទៅលើរូបរាង និងអាយុរបស់កីឡាករឲ្យលេងជម្រើសដំបូងនោះទេ។ ខ្ញុំសម្លឹងមើលទៅតិកនិករបស់គាត់ ហើយគាត់ពិតជាធ្វើបានល្អ"។ ក្រៅពី សឿត បារាំង គ្រូបង្វឹកក៏បានដាក់កីឡាករវ័យក្មេងខ្លះទៀត ឲ្យចូលលេងទល់នឹងឥណ្ឌាដោយលោកបានលើកឡើងថា៖
" ការសំខាន់ដែលយើងត្រូវបង្វឹកកីឡាករ គឺឲ្យពួកគេឲ្យលេងបាល់ទាត់ ។ វាឆាប់រហ័សពេកសម្រាប់ខ្ញុំ ប៉ុន្តែដើរមួយជំហានគិតមួយជំហាន។"
សូមបញ្ជាក់ផងដែរថា ការចូលលេងក្នុងជម្រើសដំបូងទល់នឹងឥណ្ឌា មិនមែនជាលើកដំបូងរបស់ខ្សែការពារភ្នំពេញក្រោននេះឡើយ តែនេះជាលើកទី២ហើយ ខណៈលើកដំបូងបំផុតគឺជំនាន់លោកគ្រូលី តែហ៊ុន ដាក់ឲ្យលេងពេលកម្ពុជា ចាញ់អារ៉ាប៊ីសាអ៊ូឌីត៧ទល់២កាល ពីដើមខែមករា។ ចំណែកនៅក្លឹបភ្នំពេញក្រោនវិញ គ្មានខ្សែការពារស្លាបឆ្វេងណាមួយអាចដណ្ដើមជម្រើសដំបូងពីគេបានឡើយ៕


ផ្ដល់សិទ្ធិដោយ៖KQUBE