
ប្រទេស កូរ៉េខាងត្បូង បានលើកនាវាទម្ងន់ ៦៨០០ តោន ឡើងលើនាវាចម្លងពីរគ្រឿង ដើម្បីនាំយកទៅកាន់ឆ្នេរ ជានាវាដែលបានលិចកាពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៤ សម្លាប់មនុស្ស ៣០៤ នាក់ ៩នាក់កំពុងបាត់ខ្លួន ក្នុងនោះ ២៥០ នាក់ គឺជាសិស្សក្មេងៗ ដែលធ្វើដំណើរក្រោមកម្មវិធីរបស់សាលារៀន ហើយពួកគេស្ដាប់តាមការណែនាំរបស់អ្នកគ្រប់គ្រងនាវាឲ្យស្ថិតនៅក្នុងនាវា ក្នុងពេលដែលនាវិករត់គេចចេញពីនាវាដែលកំពុងលិច ។
ក្រសួងមហាសមុទ្រ និងនេសាទ កូរ៉េខាងត្បូង បញ្ជាក់ថា ប្រតិបត្តិការស្រង់នាវាត្រូវបានសម្រេចឲ្យចាប់ផ្ដើមកាលពីថ្ងៃពុធទី ២២ ក្រោយពីការសាកល្បងស្រង់នាវាដំណើរការល្អ ។ នាវានេះបានលិចនៅក្បែរកោះ ជីនដូ (Jindo) ភាគនិរតីប្រទេស កូរ៉េខាងត្បូង ដោយសារផ្ទុកលើសចំណុះ និងបត់ខ្លាំងហួសនៅពេលកំពុងបើកបរក្នុងល្បឿនលឿន ។
អ្នកគ្រប់គ្រងនាវាឈ្មោះ លី ជុនស៊ុក (Lee Joon-seok) ត្រូវបានតុលាការកាត់ទោសក្នុងឆ្នាំ ២០១៥ ឲ្យជាប់ពន្ធនាគារមួយជីវិតពីបទឃាតកម្ម ចំណែកនាវិកផ្សេងៗទៀត ជាប់ពន្ធនាគារចាប់ពី ៥ ឆ្នាំទៅ ៣៦ ឆ្នាំ ។
មនុស្សត្រឹមតែ ១៧២ នាក់ប៉ុណ្ណោះត្រូវបានជួយសង្គ្រោះក្នុងចំណោមមនុស្សទាំង ៤៧៦ នាក់នៅលើនាវា ដូច្នេះមានន័យថា មនុស្ស ៣០៤ នាក់ស្លាប់ ក្នុងនោះ ៩ នាក់បាត់ខ្លួនរហូតមកដល់ពេលនេះ ។ ប្រភពៈ belfasttelegraph
ផ្ដល់សិទ្ធិដោយ៖KQUBE