
ភ្នាក់ងារស៊ើបអង្កេតសព័ន្ធកំពុងស្រាវជ្រាវបន្ថែមដើម្បីឲ្យប្រាកដថាតើប្រទេស កូរ៉េខាងជើង ពិតជាបានលួចយកប្រាក់ ៨១ លានដុល្លារពីគណនីធានាគារទីក្រុង ញីវយ៉ក ឬយ៉ាងណា ព្រោះភ្នាក់ងារស៊ើបអង្កេតរកឃើញថា កូដដែលប្រើប្រាស់ដើម្បីលួចលុយពីធនាគារទីក្រុង ញីវយ៉ក ដូចទៅនឹងកូដដែលប្រើប្រាស់ដើម្បីវាយប្រហារទៅលើក្រុមហ៊ុន Sony កាលពីខែ ធ្នូ ឆ្នាំ ២០១៤ ។ នេះគឺជាការលួចប្រាក់ពីធនាគារដោយប្រើប្រាស់លេខកូដ ដែលជាវិធីលួចប្រាក់ទំនើបបំផុត ។
ភ្នាក់ងារស៊ើបអង្កេតបញ្ជាក់ថាមានការប្រើប្រាស់ប្រព័ន្ធផ្ញើសារបង់ប្រាក់ដែលគេស្គាល់ថា Swift ដើម្បីឲ្យធនាគារកណ្ដាលរបស់ទីក្រុង ញីវយ៉ក ផ្ទេរប្រាក់ចេញពីធនាគារ ដោយប្រើប្រាស់គណនីរបស់ធនាគាររបស់ប្រទេស បង់ក្លាដេស ។
មានការបញ្ជូនសារតាមប្រព័ន្ធផ្ញើសារបង់ប្រាក់ Swift ជាច្រើនទៅកាន់ធនាគារកណ្ដាល ប៉ុន្តែមន្ត្រីធនាគារមិនបានផ្ទេរប្រាក់ឲ្យឡើយ ដោយសារពិនិត្យឃើញមានភាពមិនប្រក្រតីច្រើន ប៉ុន្តែមានការផ្ទេរប្រាក់ ៨១ លានដុល្លារ សម្រាប់ប្រព័ន្ធផ្ញើសារបង់ប្រាក់ Swift ដែលធនាគារពិនិត្យឃើញថាត្រឹមត្រូវ ។
ចំណែកធនាគារជាច្រើនក្នុងប្រទេស វៀតណាម និង អេក្វាឌ័រ ក៏ត្រូវបានគេលួចយកប្រាក់តាមរយៈប្រព័ន្ធផ្ញើសារបង់ប្រាក់ Swift នេះផងដែរ បន្ទាប់ពីធនាគារ បង់ក្លាដេស ។ ទោះយ៉ាងណា ប្រាក់ទាំងនោះត្រូវបានគេលួចក្នុងឆ្នាំ ២០១៦ ប៉ុន្តែព័ត៌មាន ត្រូវបានគេផ្សព្វផ្សាយច្រើនខែក្រោយការលួចប្រាក់ ។ ប្រភពៈ nytimes
ផ្ដល់សិទ្ធិដោយ៖KQUBE