Sponsor

រាជធានី​ភ្នំពេញ​៖ នា​ពេល​ខាង​មុខ​នេះ​គ្រប់​ម្ចាស់​យានយន្ត​ទាំងអស់​ ដែល​មិន​ទាន់​កាត់​ឈ្មោះ​កម្មសិទ្ធិ​នឹង​ត្រូវ​ផាក​ពិន័យ​ ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ បើ​មិន​ទាន់​កាត់​ឈ្មោះ​ នេះ​ជា​ការ​លើក​ឡើង​របស់​ឯក​ឧត្ដម​ឧត្ដមសេនីយ៍ឯក​ ហ៊ឹម​ យ៉ាន​ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ នា​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​មីនា​ ឆ្នាំ​២០១៧​ ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ស្ដី​ពី​បច្ចេកទេស​ត្រួត​ពិនិត្យ​រឹត​បន្តឹង​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ ការ​បើកបរ​ល្មើស​ល្បឿន​កំណត់​ និង​ប្រព័ន្ធ​កត់​ត្រា​បទ​ល្មើស​ចរាចរណ៍​ ។

ឯក​ឧត្ដម​ឧត្ដមសេនីយ៍ឯក​ ហ៊ឹម​ យ៉ាន​ អគ្គ​ស្នងការ​រង​បាន​លើក​ឡើង​បន្ត​ដែរ​ថា​ នា​ពេល​ខាង​មុខ​នេះ​ការ​ផាក​ពិន័យ​បទ​ល្មើស​ចរាចរណ៍​គឺ​ទៅ​តាម​ស្លាក​លេខ​យានយន្ត​ ហើយ​វិក្កយបត្រ​នឹង​ផ្ញើ​ទៅ​អាសយដ្ឋាន​តាម​ស្លាក​លេខ​យានយន្ត​ ។ ឯកឧត្ដម​បាន​បញ្ជាក់​ដែរ​ថា​ រាល់​ម្ចាស់​យានយន្ត​ដែល​មិនទាន់​កាត់​ឈ្មោះ​ត្រូវ​យក​លិខិត​ទិញ​-លក់​ ពេល​មក​ទទួល​ការ​ផាក​ពិន័យ​ ហើយ​តម្រូវ​កាត់​ឈ្មោះ​ម្ចាស់​យានយន្ត​ បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​មាន​ការ​ផាក​ពិន័យ​ ឬ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​លើ​ការ​មិន​កាត់​ឈ្មោះ​នៅ​ពេល​មាន​ច្បាប់​អនុម័ត​ពី​អន្តរក្រសួង​ ។

ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​នោះ​ដែរ​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ ហ៊ឹម​ យ៉ាន​ បាន​បន្ត​ទៀត​ថា​ រាល់​ការ​អនុវត្ត​រឹត​បន្តឹង​បទ​ល្មើស​ចរាចរណ៍​ត្រូវ​បាន​អនុវត្ត​នៅ​តាម​តំបន់​ដើម​ទី​ និង​ចុង​ទី​ ហើយ​ចំពោះ​ការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ត្រូវ​ការ​អនុវត្ត​រៀងរាល់​យប់​ទៅ​តាម​គោលដៅ​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្ដម​បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​ដែល​ចូលរួម​ក្នុង​វគ្គ​បំប៉ន​នេះ​គោរព​វិន័យ​របស់​នគរបាល​ និង​ត្រូវ​មាន​ក្រម​សីលធម៌​ល្អ​ក្នុង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ​ ព្រោះ​ថា​រាល់​មន្ត្រី​នគរបាល​ណា​ដែល​បាន​ប្រព្រឹត្ត​ខុស​ នឹង​ត្រូវ​ទទួល​វិន័យ​កង​កម្លាំង​ ឬ​ក៏​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​របស់​តុលាការ​។

គួរ​បញ្ជាក់​ដែរ​ថា​ វគ្គ​បំប៉ន​នេះ​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​ ចាប់​ថ្ងៃ​ទី​២៩​ ដល់​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧​ ក្រោម​ការ​គាំទ្រ​ជំនួយ​បច្ចេកទេស​ និង​ថវិកា​ពី​អង្គការ​សម្ព័ន្ធ​អន្តរជាតិ​ទប់​ស្កាត់​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​(IARD) ដោយ​មាន​មន្ត្រី​នគរបាល​ចរាចរណ៍​មក​ពី​គ្រប់​បណ្ដាល​ស្នងការដ្ឋាន​នគរបាល​ ២៥​រាជធានី​-ខេត្ត​ រួម​ទាំង​មន្ត្រី​ជំនាញ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់​ធ្នាប់​ ៕

ប្រភព៖ ​ អគ្គស្នងការដ្ឋាននរបាលជាតិ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor