រាជធានីភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះឆែកឆេរទីតាំងស្តុកនិងចែកចាយមួកសុវត្ថិភាព ចម្លងម៉ូតរបស់ក្រុមហ៊ុនមួកសុវត្ថិភាព"SPC” មួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលធ្វើឲ្យពលរដ្ឋមានការភ័ន្តច្រឡំ និងបានរំលោភទៅលើច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែង មិនស្មោះត្រង់ នៃច្បាប់កម្មសិទ្ធិបញ្ញា។
ការចុះប្រតិបត្តិការក្រោមការដឹកនាំដោយឧត្ដមសេនីយ៍ត្រី មាស រ៉ាវុធ អនុប្រធាននាយកដ្ឋានទទួលបន្ទុក ការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា កាលពីថ្ងៃទី២៨ ខែមីនាម្សិលមិញនេះ បានដកហូតវត្ថុតាង មួកសុវត្ថិភាព៦១មួក និងបាននាំខ្លួនម្ចាស់ទីតាំងផ្ទះលេខ៩៧P ផ្លូវវេងស្រេង សង្កាត់ចោមចៅ ឈ្មោះ គង់ ណារិទ្ឋ ភេទប្រុស ទៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ផងដែរ ដើម្បីសាកសួរបំភ្លឺករណីនេះ។
សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការចុះឆែកឆេរនេះ ធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីដោយលោក លី សុផាណា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងក្រោយពីមានពាក្យបណ្ដឹងរបស់លោក លុយ គាត ម្ចាស់ម៉ាកមួកសុវត្ថិភាព SPC ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម៕
ផ្ដល់សិទ្ធិដោយ៖KQUBE