
រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះ អ្នកដំណើរឧស្សាហ៍ប្រទះឃើញយក្សល្ខោនបាសាក់មកឈរនៅម្ដុំភ្លើងស្ដុប់ ឬតាមកន្លែងតាមទីសាធារណៈនានាញឹកញយណាស់ ខណៈដែលជាទូទៅអ្នកដែលគ្រង់នៅសំលៀកបំពាក់យក្សល្ខោនបាសាក់បែបនេះ ច្រើនតែឃើញនៅលើកញ្ចក់ទូរទស្សន៍ ឬ កម្មវិធីបុណ្យធំៗផ្សេងៗ ដែលត្រូវបានម្ចាស់កម្មវិធីជាអ្នកជួលទៅលេងប៉ុណ្ណោះ។
បើយោងតាមការបញ្ជាក់ពីបុរសម្នាក់មានឈ្មោះថា សន គា អាយុ ៤៨ឆ្នាំ មានមុខរបរសព្វថ្ងៃជាយក្សល្ខោនបាសាក់ប្រចាំនៅភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញនោះបានឲ្យដឹងថា ការដែលមកឈរតាមស្ដប់ និងទីសាធារណៈនេះ គឺជាការចុះមកធ្វើការងាររបស់លោក ដោយចែកខិត្តប័ណ្ណអំពីសេវាកម្មមុខម្ហូបក្នុងហាង ដែលរូបគេកំពុងធ្វើការសព្វថ្ងៃ។
ប្រភពដដែលបានបន្តថា ការងារសព្វថ្ងៃ លោកមិនត្រឹមតែជាអ្នកចែកខិត្តប័ណ្ណនៅតាមទីសាធារណៈតែប៉ុណ្ណោះនោះទេ គឺលោកសម្ដែងជាល្ខោនបាសាក់តួអង្គយក្ស នឹងលេងឧបករណ៍ភ្លេង ដូចជាស្គរ ទ្រ ជាដើម ដើម្បីភ្ញៀវចូលពិសាអាហារនៅក្នុងហាងនោះកាន់តែភាពសប្បាយរីករាយបន្ថែមពីលើការទទួលទានផងដែរ។

លោកបានលើកឡើងថា មានសាធារណៈមតិខ្លះនិយាយអំពីលោក ដោយយកនៅការស្លៀកពាក់បែបសិល្បៈបុរាណខ្មែរ យកមកលេងសើច ហើយអាចទំនងជាមិនចេះអំពីសិល្បៈផ្នែកល្ខោនបាសាក់នោះទេ ក៏មិនដឹង? ចំណុចនេះលោកបញ្ជាក់ថា ពីមុនឆ្នាំអំឡុងឆ្នាំ២០០០ លោកគឺជាសិល្បករក្នុងក្រុមសិល្បៈល្ខោនបាសាក់ ប្រចាំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម។
បច្ចុប្បន្នលោកធ្វើការនៅក្រុមសិល្បល្ខោនបាសាក់មន្ទីរវប្បធម៌ និងវិចិត្រសិល្បរាជធានីភ្នំពេញ ពេលមានកម្មវិធីបុណ្យធំៗ តួយក្ស តួអង្គស្តេច គឺជារូបលោកនោះហើយ។ សិល្បល្ខោនបាសាក់លោកបានសិក្សា មានក្បួនខ្នាត់ត្រឹមត្រូវ ដោយបានរៀនសូត្រពីគ្រូធំៗជាច្រើននាក់ ដូចជាលោកគ្រូ អូ កាលូញ លោកគ្រូ ចាន់ ផល លោកគ្រូ អ៊ុំ សាមិត និងលោកគ្រូ ជ័យ វិយាន ជាដើម។ល។
អ្វីដែលទស្សនិកជនធ្លាប់បានឃើញវត្តមានយក្សឈរនៅតាមទីសាធារណៈនេះ គឺលោកបានឲ្យដឹងថា ការពិតណាស់ គឺធ្វើដើម្បីរកកម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាពបន្ថែម ប៉ុន្តែគោលបំណងដ៏ធំមួយទៀត ព្រោះចង់បង្ហាញដល់យុវជនជំនាន់ក្រោយឲ្យបានស្គាល់អំពីសិល្បៈបុរាណខ្មែរ តួយក្សក្នុងល្ខោនបាសាក់ ហើយក្នុងទិដ្ឋភាពដែលលោកចុះធ្វើផ្ទាល់នោះ ក៏ទទួលបានការគាំទ្រពីមហាជនផងដែរ ដោយមានអ្នកខ្លះមិនសូវសប្បាយចិត្ត លុះឃើញយក្សក៏សើចដាក់ ឬសុំថតរូបទៀតផង ជាពិសេសគ្មានអ្នកខ្លាចយក្សនោះទេ។
គួររម្លឹកថា ល្ខោនបាសាក់ ជាសិល្បៈបុរាណដ៏ពេញនិយមមួយនៅមុនសម័យនេះបន្តិច ហើយតួអង្គយក្ស គឺជាតួអង្គក្នុងរឿងដ៏សំខាន់មួយផងដែរ ដើម្បីញ៉ាំងឲ្យការសម្ដែងល្ខោនបាសាក់ប្រកបដោយសាច់រឿងល្អមើល តាមរយៈការសម្ដែងជាតួអង្កកាចឃោរឃៅ ចាប់ ឬស៊ីសាច់មនុស្ស ធ្វើឲ្យអ្នកទស្សនាចូលអារម្មណ៍រហូតស្រក់ទឹកភ្នែក ហើយពេលខ្លះក៏ចេះកំភ្លក់កំប្លែងលេង ធ្វើឲ្យទស្សនិកជនសើចចុកពោះ តាមរយៈភាពប៉ិនប្រសប់នៃការបញ្ចេញមុខយក្សរបស់គេទៀតផង៕

ផ្ដល់សិទ្ធិដោយ៖KQUBE