
រាជធានីភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា គ្រប់ទូATMរបស់ធនាគារឯកជន ដែលដាក់នៅតាមទីសាធារណៈទាំងអស់ អាចនឹងប្រឈមនូវការដកចេញមិនអោយមានទាំងស្រុង ប្រសិនណាជាមិនមានសន្តិសុខនៅការពារ និងមើលថែឲ្យមានសុវត្ថិភាពនោះ។
ការថ្លែងបែបនេះរបស់ឯកឧត្តម ប៉ា សុជាតិវង្ស នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៧ ក្នុងប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ដើម្បីពិភាក្សាស្ដីពី វិធានការបង្ការទប់ស្កាត់សកម្មភាពភេរវកម្ម និងពិនិត្យលើការងារអនុវត្តន៍ ភូមិ-សង្កាត់មានសុវត្ថិភាព និងធ្វើឡើងក្រោយពីមានករណីបំផ្ទុះទូATMរបស់ធនាគារកាណាឌីយ៉ានៅមានទីតាំងជាប់របងមន្ទីរ ពេទ្យកុមារជាតិ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ឯកឧត្តមបានមានប្រសាសន៍ថា ចំពោះទូATM នៅតាមទីសាធារណៈណា ដែលគ្មានមានអ្នកការពារ អ្នកមើលថែ ដែលអាចបង្កឲ្យមានបទល្មើសប៉ះពាល់ដល់សន្តិសុខសង្គមនោះ គួរតែលុបចោលមិនឲ្យទៀតទេ តែបើទូដកលុយATM ទាំងនេះអាចចល័តបាននោះរដ្ឋបាលរាជធានីនឹងអនុញ្ញាត បើមិនដូច្នេះទេមន្ត្រីក្រោមឱវាទពាក់ព័ន្ធត្រូវតែសិក្សារួមគ្នា ដើម្បីលុបបំបាត់ចោល កុំឲ្យមានដូចករណី ផ្ទុះទូATMនៅមុខពេទ្យកុមារជាតិ។
គួររំឭកផងដែរថា ករណីផ្ទុះទូ ATM មួយរបស់ធនាគារកាណាឌីយ៉ាជាប់របងមន្ទីរ ពេទ្យកុមារជាតិ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ត្រូវជនសង្ស័យបំផ្ទុះកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ដែលបណ្តាលឲ្យមានការខូចខាតទូATM ប្រមាណ ៨០ភាគរយ ហើយកម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងដោះមីនស៊ីម៉ាក់ បានសន្និដ្ឋានថាការបំផ្ទុះនេះក្នុងគោលបំណងយកលុយក្នុងទូ៕
ផ្ដល់សិទ្ធិដោយ៖KQUBE