
សិល្បៈ ៖ កូនខ្មែរមិនតិចទេ បានហៅលោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា ជាទេវតាមានចិត្តធម៌ជួយដល់កូនខ្មែរក្រីក្រ។ គុណបំណាច់ និងការលះបង់យ៉ាងធំធេងនេះធ្វើឲ្យកូនខ្មែរស្ទើរតែគ្រប់រូបស្រឡាញ់ និងគោរពលោកដូចជាឪពុកម្ដាយ។ យ៉ាងណាមិញតារាចម្រៀង សុខ ពិសី ដែលអតីតជាក្មេងស្រីម្នាក់ធ្លាប់មានការជួយសង្គ្រោះព្យាបាលជំងឺពីមន្ទីរពេទ្យនេះ បានប្រាប់ថា នាងស្ទើរស្រក់ទឹកភ្នែកពេលដែលបានដឹងព័ត៌មានលោកវេជ្ជបណ្ឌិត Beat Richner ធ្លាក់ខ្លួនឈឺជាទម្ងន់។
គួរបញ្ជាក់ថា កញ្ញា សុខ ពិសី គឺជាតារាចម្រៀងម្នាក់ធ្លាប់បានចូលរួមសកម្មភាពប្រគំតន្ត្រីរកថវិកាឧបត្ថម្ភមន្ទីរពេទ្យ គន្ធបុប្ផា ច្រើនលើកមកហើយ។ វត្តមានច្រៀងដើម្បីអំពាវនាវរកការជួយពីសប្បុរសជននេះ សុខ ពិសី បញ្ជាក់ថា តាំងពីចូលប្រឡូកអាជីពសិល្បៈជាង១០ឆ្នាំមក នាងបានចូលរួមច្រៀងក្នុងកម្មវិធីតន្ត្រីសប្បុរសធម៌ជួយមន្ទីរពេទ្យនេះច្រើនលើកមកហើយ ។តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម សាន់ដេ រូបនេះបន្តថា ពេលដែលនាងដឹងព័ត៌មានលោកវេជ្ជបណ្ឌិត Beat Richner
កំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យប្រទេសស្វីស នាងរន្ធត់ចិត្តខ្លាំងណាស់ ព្រោះនាងមានការស្រឡាញ់ និងគោរពលោកដូចជាសាច់ញាតិក្នុងគ្រួសារ ព្រោះលោកមិនត្រឹមតែបានជួយដល់កុមារខ្មែរក្រីក្រទេ សូម្បីតែរូបនាងផ្ទាល់ក៏ធ្លាប់ទទួលបានការជួយសង្គ្រោះពីលោកផងដែរ ដូច្នេះហើយនាងស្ទើរតែទប់ទឹកភ្នែកមិនជាប់ ពេលដឹងថា លោកកំពុងធ្លាក់ខ្លួនឈឺជាទម្ងន់។
សុខ ពិសី បន្តថា សម្រាប់អារម្មណ៍នាងផ្ទាល់គឺសូមបួងសួងសុំឲ្យវត្ថុសក្ដិសិទ្ធិ និងអំណាចនៃទឹកចិត្តដ៏សប្បុរសលោកតាមថែមរក្សាលោកវេជ្ជបណ្ឌិត Beat Richner ឲ្យគាត់បានជាពីជំងឺឆាប់ៗ ដើម្បីឲ្យកូនខ្មែរបានឃើញស្នាមញញឹមរបស់លោកបន្តទៀត៕

ផ្ដល់សិទ្ធិដោយ៖KQUBE