
ប្រពៃណីដុតលុយខ្មោចក្នុងពិធីបុណ្យសែនអ្នកតា ឬសាច់ញាតិស្លាប់ ទីបំផុតត្រូវបានគេចាត់ទុកជារឿងខុសច្បាប់នៅទីក្រុង Harbin ភាគឦសានប្រទេសចិន ដោយអាជ្ញាធរបានដាក់បម្រាមប្រឆាំងនឹងប្រពៃណីចិនដ៏ធំមួយនេះ ទោះបីជាជនជាតិចិនទាំងអស់ធ្លាប់បានអនុវត្តអស់រយៈពេលជាង ៣ពាន់ឆ្នាំកន្លងមកហើយក៏ដោយ។
អាជ្ញាធរទីក្រុងខាងលើថែមទាំងប្រកាស ដាក់ពិន័យពី៧៣ ទៅ ១៤៥ដុល្លារ ចំពោះអ្នកផលិតក្រដាសប្រាក់នេះ រីឯអ្នកទិញយកមកដុតនឹងត្រូវពិន័យពី ២៩ ទៅ ១៤៥ដុល្លារ ដោយទីក្រុង Harbin ចង់លប់បំបាត់ប្រពៃណីអាក្រក់នេះ ហើយបែរទៅគាំទ្រការគោរពដូនតាតាមបែបស៊ីវិល័យវិញ ដើម្បីធ្វើឲ្យបរិស្ថានស្អាត និងគ្មានផ្សេងហ៊ុយនៅបរិវេណទីក្រុងតទៅទៀត។

គួរបញ្ជាក់ផងដែរថា បម្រាមខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១៤ មីនា ពីរ ទៅ បីសប្ដាហ៍ មុនពិធីបុណ្យឆេងម៉េងមកដល់ ដោយអាជ្ញាធរបានអះអាងថា ការដុតក្រដាសសែនម្ដងៗ បានបង្កើតជាតិពុលប្រមាណ PM2.5 ត្រូវសាយភាយពេញទីក្រុង។ យ៉ាងណាមិញប្រភពសារព័ត៌មានចិនជាច្រើនបានរាយការណ៍ថា ក្រុមអ្នកផលិតលុយខ្មោចទាំងអស់បានបញ្ឈប់ការផលិត និងលក់ចែកចាយទៀតហើយ៕ ប្រភព៖ DailyMail

ផ្ដល់សិទ្ធិដោយ៖KQUBE