Sponsor

ភ្នំពេញ៖ មានហេតុការណ៍រថយន្តបុកម៉ូតូបានកើតឡើងនៅវេលាម៉ោង២និង១០នាទី អធ្រាត្រឆ្លងចូលថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧ តាម​បណ្ដោយ​ផ្លូវសុធារស ស្ថិតក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។ប្រភពបានឲ្យដឹងថា ស្ថិតក្នុងសភាពស្រវឹងស្រឿងៗទាំងសងខាង កញ្ញា ពេជ្រ អាវីហ្សា តារាសម្ដែងល្បីស្រីស្អាត បានបើករថយន្តទំនើបទៅបុកជាមួយម៉ូតូជិះដោយបុរស២នាក់ បណ្ដាលឲ្យម៉ូតូ និងមនុស្ស ត្រូវរងរបួសធ្ងន់ និងខូចខាតយ៉ាងដំណំក្រោមកង់រថយន្ត។

សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងភាគីកញ្ញា ពេជ្រ អាវីហ្សា អាយុ២៥ឆ្នាំ មុខរបរជាតារាសិល្បៈ ស្នាក់នៅផ្សារអូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលជិះរថយន្តម៉ាក ឡិចស៊ីស GS300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-2141 និងភាគីម៉ូតូជិះដោយបុរស២នាក់ ម៉ាក Today ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 1FL-3864។

ប្រជាពលរដ្ឋឃើញហេតុការណ៍ ប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុនោះ គឺយុវជនពីរនាក់ ជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវសុធារស ពីត្បូងទៅជើងក្នុងសភាពស្រវឹងស្រឿងៗរ៉េពេញផ្លូវលឿនល្មម។ ខណៈមកដល់កន្លែងកើតហេតុដែលក្បែរប៉ុស្ដិ៍ប៉ូលិសសង្កាត់ទន្លេបាសាក់នោះ ស្រាប់តែទៅបុកជាមួយរថយន្តរបស់កញ្ញា ពេជ្រ អាវីហ្សា ដែលបើកបរពីត្បូងទៅជើង(បញ្ច្រាស) ក្នុងល្បឿនលឿនដូចគ្នា ធ្វើឲ្យរថយន្តអូសម៉ូតូនៅពីក្រោមជាង២០ម៉ែត្រ បណ្ដាលឲ្យបុរសទាំងពីរ រងរបួសធ្ងន់ធ្ងរ រីឯម៉ូតូខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ តារាសម្ដែងស្រីស្អាតមិនបានទៅណាទេ គឺនៅទទួលខុសត្រូវតាមផ្លូវច្បាប់ ពោល គឺកញ្ញា អាវីហ្សា បានចុះពីរថយន្តក្នុងសភាពស្រវឹងស្រឿងៗដូចគ្នា រង់ចាំការដោះស្រាយ។ ប៉ុន្តែដោយភាគីម៉ូតូរងរបួសធ្ងន់ សមត្ថកិច្ចក៏ហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូ និងរថយន្ត ត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីដោះស្រាយពេលក្រោយ៕ ដោយ៖ (សុវណ្ណ​)

ផ្ដល់សិទ្ធិដោយ៖VD7news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor