
ខេត្តព្រះសីហនុ៖ មន្ត្រីបរិស្ថានឩទ្យានជាតិប្រចាំការនៅស្រុកកំពង់សិលាខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រជាពលរដ្ឋ(អ្នកចាំចំការធុរេន លោកឩកញ៉ា ឡាំងលី)បានប្រទះឃើញដំរី១ក្បាលដ៏ធំបានងាប់នៅសាច់ក្តៅៗ ដោយសង្សយ័ថាឆក់ចរន្តអគ្គីសនី ព្រោះនៅកន្លែងកើតហេតុមានការបាក់ដួលបង្គោលខ្សែរភ្លើង១ដើមផងដែរ។

សាកសពដំរី១ក្បាលនេះអ្នកស្រុកប្រទះឃើញនៅជិតចំការធុរេន លោកឩកញ៉ា ឡាំងលី មានទីតាំងនៅក្នុងភូមិស្ទឹងច្រាល ឃុំអូបាក់រទេះ ស្រុកកំពង់សិលាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ខែមិនាឆ្នាំ២០១៧នេះ។
មន្ត្រីបរិស្ថាន ឩទ្យានជាតិ ស្រុកកំពង់សិលាម្នាក់សុំមិនប្រាប់ឈ្មោះបាននិយាយថា នៅកន្លែងកើតហេតុបង្គោលភ្លើង១ដើមបានបាក់ដួលរលំ ខ្សែរភ្លើងធា្លក់រាយប៉ាយ ជុំវិញសាកសពដំរីនោះ នេះជាហេតុសង្សយ័ថា ដំរី១ក្បាលនេះអាចងាប់ដោយសារឆក់ចរន្តអគ្គីសនី កាលពីអំឡុងពាក់កណ្តាលអាធ្រាតយប់មិញនេះ យ៉ាងប្រាកដ ។

សាកសពដំរី១ក្បាលនេះប្រជាពលរដ្ឋបានរាយការណ៍មកថា សមត្ថកិច្ច អនុញ្ញាតិឲ្យពលរដ្ឋភ្លាស់យកសាច់ រីឯគ្រោងឆ្អឹងជំនាញ រៀបចំដឹកជញ្ជូនយកទៅរក្សាទុក នៅមន្ទីរពិសោធន៍ជាតិ៕ ដោយ៖ (អើង នី)

ផ្ដល់សិទ្ធិដោយ៖VD7