Sponsor

ប្រិយមិត្ត​អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​ ប្រហែល​ជា​ទន្ទឹង​រង់ចាំ​ការ​ប្រកួត​នៅ​ល្ងាច​​ថ្ងៃ​ទី​ ២២​ ខែ ​មីនា ​ឆ្នាំ​ ២០១៧​ វេលា​ម៉ោង​​៦​ និង​៣០​នាទី​នេះ​ ដែល​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា​ ត្រូវ​ធ្វើ​ដំណើរ​មក​ប្រកួត​ជាមួយ​ជម្រើស​ជាតិ​កម្ពុជា​។ អាច​និយាយ​បាន​ថា ​ជា​ការ​ប្រកួត​ទី​២​របស់​ជម្រើស​ជាតិ​កម្ពុជា ​ក្នុង​ឆ្នាំ ២០១៧​ ក្រោយ​ចាញ់​ជម្រើស​ជាតិ​ជើង​ខ្លាំង​លំដាប់​អាស៊ី​អារ៉ាប៊ីសាអូឌីត ៧-២​ កាល​ពី​ខែ​មករា​។

គេហទំព័រ Goal បាន​ជ្រើសរើស​កីឡាករ​កម្ពុជា​២​រូប​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ​ទម្រង់​លេង​បំផុត​ ក្រោយ​ពី​ពួក​គេ​ប្ដូរ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​។ អ្នក​ទាំង​ពីរ​គឺ៖ ចាន់​ វឌ្ឍនាកា និង​ធារី​ ចន្ថា​ប៊ីន​។

ចាន់​ វឌ្ឍនាកា ៖ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​ កំពុង​ឡើង​ជើង​ខ្លាំង​ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​សញ្ជាតិ​កម្ពុជា​ល្អ​បំផុត​ បន្ទាប់​ពី​អតីត​ខ្សែ​ប្រយុទ្ធ​ ហុក សុចិត្រា បាន​ចូល​និវត្តន៍។ កីឡាករ​អាច​លេង​បាន​គ្រប់​តំបន់​ក្នុង​តួនាទី​ប្រយុទ្ធ​​បាន​ទៅ​លេង​នៅ​ក្លឹប Fujieda MYFC ​​លីក​លំដាប់​ទី​៣​ ជប៉ុន​នឹង​ត្រូវ​បាន​គេ​រំពឹង​ទុក​បង្ហាញ​ទម្រង់​លេង​ល្អ​ជាង​មុន​ ក្រោយ​ពេល​​ទៅ​ហ្វឹក​ហាត់ ​និង​យក​បទពិសោធន៍​ពី​ជប៉ុន​ មក​ជួយ​ជម្រើស​ជាតិ​និង​អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន។

រូប​គេ​អាច​លេង​ក្នុង​ដំណែង​ ស្លាប​ឆ្វេង​ស្ដាំ ប្រយុទ្ធ​កណ្ដាល និង​បម្រើ​ប្រយុទ្ធ​(​ជំនាញ​ពី​កំណើត​) ជំនាញ​ញាក់​ អូស​ និង​គ្រប់​គ្រង់​បាល់​របស់​គេ​ល្អ​រួម​ជាមួយ​កាយសម្បទា ​បទ​បែន​លឿន ​​នោះ​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ។ វឌ្ឍនាកា រក​គ្រាប់​បាល់​បាន​១០​គ្រាប់​ហើយ​ក្នុង​ការ​ចូល​លេង​២៨​ប្រកួត​ឲ្យ​ជម្រើស​ជាតិ។

ធារី ចន្ថាប៊ីន៖ ឈ្មោះ​ស្រដៀង​ទៅ​នឹង​អតីត​វីរបុរស​ក្លឹប​កាំភ្លើង​ធំ ​Arsenal កីឡាករ Thierry Henry មាន​ដើម​កំណើត​នៅ​ប្រទេស​បារាំង​ និង​មាន​ឪពុកម្ដាយ​ជា​ជន​ជាតិ​ខ្មែរ​ ដែល​សម្រេច​ចិត្ត​មក​ប្រកប​អាជីព​បាល់​ទាត់​នៅ​កម្ពុជា​វិញ។ ក្នុង​ពេល​ជាមួយ​ចាន់​វឌ្ឍនាកា​ដែរ ​ធារី គឺ​ជា​កីឡាករ​កម្ពុជា​ម្នាក់​ទៀត​ ដែល​លេង​នៅ​ក្រៅ​ទឹក​ដី​កម្ពុជា​គឺ​ប្រទេស​ថៃ​​ក្នុង​ក្លឹប ​Krabi FC នៃ​លីក​ទី​២​របស់​ថៃ។

កីឡាករ​វ័យ​២៥​ឆ្នាំ រូប​នេះ​ជា​យុវជន​ថ្នាល​របស់​ក្លឹប​ RC Strasbourg ​ដែល​ជា​កន្លែង​កីឡាករ​ល្បី​ៗ​លំដាប់​ពិភពលោក​ហ្វឹក​ហាត់​ដែល​មាន​ដូច​ជា​ Morgan Schneiderlin និង​ អតីត​កីឡាករ​ការពារ​បារាំង ​Raymond Domenech ។ ចំណុច​ដែល​គេ​ចង់​ឃើញ​គឺ​ទម្រង់​លេង​ប្លែក​ជាង​ពី​មុន ​ដែល​បាន​មក​ពី​ការ​ហ្វឹក​ហាត់​និង​លេង​នៅ​ប្រទេស​ថៃ។ ចាំ​មើល​ថា​តើ​រូប​គេ​ទាំង​ពីរ​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា​បាន​កម្រិត​ណា​ក្រោយ​ទទួល​បាន​បទពិសោធន៍​លេង​នៅ​ក្រៅ​ប្រទេស​។

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor