
(ព្រៃវែង) ៖ អគ្គីភ័យបានលេបត្របាក់យកផ្ទះចំនួន២ខ្នង និងទ្រព្យសម្បត្តិអស់ សរុបជាង៤០០០ ០០០រៀល បន្ទាប់ពីម្ចាស់ផ្ទះខាងលើ ផលិតកាំជ្រូចភ្លាត់ស្នៀត ផ្ទុះចេញអណ្ដាតភ្លើងឆាបឆេះ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២៤ខែមីនាឆ្នាំ២០១៧ វេលាម៉ោង២និង២០នាទីរសៀល នៅចំនុចភូមិតាហ៊ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
លោក សួន សំអឿន អធិការស្រុកកំពង់ត្របែក បានប្រាប់ឲ្យដឹងថា ករណីអគ្គីភ័យខាងលើគឺឆេះផ្ទះទាំងស្រុង អស់ចំនួន០២ខ្នង និងទ្រព្យសម្បត្តិ ជាច្រើនទៀត ដែលសរុបជាទឹកប្រាក់ អស់ចំនួន៤១០០០ ០០០រៀល។ លោកបន្តថា ម្ចាស់ផ្ទះទី១ឈ្មោះ ពៅ រឹម ភេទប្រុស អាយុ៤៦ឆ្នាំ ផ្ទះទំហំ៦×១០ម៉ែត្រ។ ម៉ូតូចំនួន២គ្រឿង ម៉ាកHONDA និងកង់០១គ្រឿង លុយដុល្លារ២៥០០ លុយខ្មែរ២៥០០ ០០០រៀល ស្រូវ៥តោន និងសម្ភារៈខោអាវ ជាច្រើនទៀត។
ផ្ទះទី២ឈ្មោះ ឃឹម ហ៊ុន ភេទស្រី អាយុ៧៨ឆ្នាំ ជាផ្ទះទៀម ដែលមានទំហំ៥×៨ម៉ែត្រ ម៉ាស៊ីនដេរ ចំនួន០២គ្រឿង ស្រូវ២តោន និងសម្ភារៈមួយចំនួនទៀត។ លោកបន្ថែមថា ក្នុងករណីនេះ មនុស្សមិនមានរងគ្រោះទេ ហើយមូលហេតុ ដែលបណ្ដាលឲ្យ មានអគ្គីភ័យឆាបឆេះបែបនេះ គឺមកពីម្ចាស់ផ្ទះខាងលើ ផលិតកាំជ្រូចភ្លាត់ស្នៀត ហើយភ្លាមៗនោះ ក៏ផ្ទុះឆាបឆេះផ្ទះរបស់ខ្លួន និងរាលដាលដល់ផ្ទះមួយទៀត ដែលនៅជាប់គ្នា បណ្ដាលឲ្យឆេះទាំង២ខ្នង បែបនេះទៅ។
ចំពោះម្ចាស់ផ្ទះធ្វើកាំជ្រូចភ្លាត់ស្នៀត បណ្ដាលឲ្យឆេះផ្ទះខ្លួនឯង ហើយរាលដាល មកឆេះផ្ទះមួយទៀត ដែលនៅជាប់គ្នានេះ រឿងសំណងយ៉ាងណានោះ លោកមិនទាន់ដឹងទេ។

លោក ឧត្ដមសេនីយ៍ទោស្រេង ជា ស្នងការខេត្តព្រៃវែង បានឲ្យដឹងដែរថា ក្នុងករណីខាងលើនេះ កំលាំងរបស់លោក បានប្រើឡានទឹក សម្រាប់បាញ់ពន្លត់ចំនួន២គ្រឿង ទើបអាចបាញ់ទឹកកាត់ បានការពារផ្ទះផ្សេងៗទៀត កុំអីឆេះផ្ទះអស់ច្រើនខ្នង ខណៈផ្ទះនៅទីនោះជាប់ៗគ្នា ហើយមូលហេតុដែលបណ្ដាលឲ្យឆាបឆេះបែបនេះគឺមកពីម្ចាស់ផ្ទះខាងលើដែលជាអ្នកធ្វើកាំជ្រូចលក់នោះធ្វើភ្លាត់ស្នៀតបណ្ដាលឲ្យ ផ្ទុះកាំជ្រូច ហើយក៏មានអណ្ដាតភ្លើង ឆាបឆេះតែម្ដងទៅ៕ ដោយ ឆវ័ន្ន





ផ្ដល់សិទ្ធិដោយ៖VD7News