Sponsor

ខេត្តកណ្តាល៖ ស្នងការ​នគរបាល​ខេត្តកណ្តាល លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៉ី​វ ចំរើន បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ​ថា លោក​កំពុងតែ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​បន្តទៀត ចំពោះ​ករណី​អធិការរង​នគរបាល​ស្រុក​កណ្តាលស្ទឹង លោក យង់ គង់ បាន​បាញ់ប្រហារ​ទៅលើ​យុវជន​ម្នាក់​បណ្តាល ឲ្យ​ចំ​ស្មា​រងរបួស។

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «សំណុំរឿង​ខ្ញុំ​បានរៀបចំ​បញ្ជូនទៅ​តុលាការ​ហើយ។ ដំណើរការ​របស់​មន្ត្រី​យុត្តិធម៌​ខ្ញុំ​នេះ បាន និង​កំពុង​បង្ក​សំណុំរឿង... និង​ចាត់ការ​តាម​នីតិវិធី នៃ​ច្បាប់​ដែល​បានកំណត់។ បើ​ទោះ​ភាគី​ទាំងសងខាង បាន​សម្របសម្រួល​គ្នា​រួចហើយ​ក្តី និង​ខាង​រងគ្រោះ បាន​ដក​ពាក្យបណ្តឹង​ពី​ស្ថាប​ន័​មាន​សមត្ថកិច្ច​រួចហើយ​ក្តី តែ​នៅជាប់​បណ្តឹងអាជ្ញា​ដដែល....នេះ​គឺជា​ច្បាប់...»។

សូមបញ្ជាក់ថា យុវជន​ម្នាក់​ត្រូវ​អធិការរង​នគរបាល​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល លោក​វរសេនីយ៍ត្រី យង់ គង់ បាញ់ប្រហារ​ចំ​ស្មា​ខាងស្តាំ បណ្តាល​ឲ្យ​រងរបួស ពេលដែល​កម្លាំង​នគរបាល ចុះបង្ក្រាប​បទល្មើស​នេសាទ (ឆក់​ត្រី) ស្ថិតនៅ​ស្ថិតនៅ​ភូមិ​ប៊ុណ្ណា ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តា​ស្ទឹង។

ហេតុការណ៍​បាញ់ប្រហារ​ខាងលើនេះ បាន​កើតឡើង​តាំងពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ប៉ុន្តែ​ទើប​បែកធ្លាយ​ នៅ​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ហើយ​ករណីនេះ​ត្រូវបាន​បញ្ចប់​នៅ​ថ្នាក់មូលដ្ឋាន ដោយ​ជនរងគ្រោះ​បាន​ដក​ពាក្យបណ្តឹង។

 កាលពី​ថ្ងៃទី១៧ ខែមីនា​ឆ្នាំ២០១៧ មាន​ករណី​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ (ឆក់) ត្រី ក្រោម​ការដឹក​របស់លោក​វរសេនីយ៍ យង់ គង់ អធិការរង​នគរបាល​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។ ពេល​លោក យន់ គង់ និង​កម្លាំង​បាន​ទៅដល់​កន្លែងកើតហេតុ ស្រាប់តែ​អ្នកនេសាទ និង​យុវជន​រងគ្រោះ​នាំគ្នា​រត់ តែ​យុវជន​គ្រោះ​រត់​មិនទាន់បាន​ប៉ុន្មាន​ផង ស្រាប់តែ​លោក​អធិការរង​រូបនោះ ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បាញ់​តំរង់​បណ្តាល​ឲ្យ​ចំ​ស្មា ខាងស្តាំ​ធ្លាយ​ម្ខាង​មក​ម្ខាង។

បន្ទាប់ពី​បាញ់​ឲ្យ​របួស​ហើយ កម្លាំង​នគរបាល​បាន​ចាប់បញ្ជូន​យុវជន​រងគ្រោះ​មកកាន់ អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង ដោយ​លើក​ហេតុផល​ថា ជននេះ​មាន​គ្រឿងញៀន​ជាប់​ខ្លួន៕ ដោយ ហង្ស សុភាព

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor