
ខេត្តព្រះសីហនុ៖ រហូតមកដល់ថ្ងៃទី២៤មិនា២០១៧នេះ ស្ត្រីជាប្រពន្ធម្នាក់មានឈ្មោះ អ៊ង ខ្មៅ អស់សង្ឃឹមក្នុងឆាកជីវិត ខណៈដាក់ពាក្យបណ្ដឹង រយៈពេល៤ថ្ងៃមកហើយនៅ នៅសាលាសង្កាត់លេខ១ ខេត្តព្រះសីហនុ មិនទាន់មានដំណឹងពីកាកោះហៅប្ដីរបស់ខ្លួន ឈ្មោះ ស៊ន ធារី ដែលមានស្រីរត់ចោលប្រពន្ធ កូនដល់ទៅ០២នាក់ ចុងក្រោយនេះទើបតែឆ្លងទន្លេបានជិត១០ថ្ងៃប៉ុណ្ណោះជាកូនស្រី។
ស្ត្រីវ័យក្មេងបានប្រាប់អង្គភាព VD7NEWS យើងនៅព្រឹកថ្ងៃទី២៤មិនា២០១៧នេះថា ខ្លួនពិតជាអស់សង្ឃឹមណាស់ កើតមកបានតែ ០៣ខែ ម្ដាយក៏ស្លាប់ចោលបានជីដូនជាអ្នកចិញ្ចឹម មកដល់សព្វថ្ងៃ ជីដូនបានស្លាប់ចោលទៀតហើយ ឥឡូវបានរស់នៅជាមួយឪពុក និង អ៊ំស្រី។ស្ត្រីខាងលើបន្តថា គាត់មានបងប្អូន០២នាក់ បងស្រីទៅធ្វើជាកម្មករនៅប្រទេសថៃតាមប្ដីគាត់ ខ្លួននាងផ្ទាល់បានរៀបការមានមួយប្ដីបានតែ០៣ខែប៉ុណ្ណោះ ត្រូវប្ដីរូបនេះរត់ចោលទៅមានស្រីថ្មីទាំងមានផ្ទៃពោះ៣ខែទៀតផង។ ក្រោយមកទៀតទ្រាំពពោះម្នាក់ឯងរហូតសម្រាល, ដោយបានការជួយបម្រើទឹកក្ដៅទឹកត្រជាក់ពីអ៊ំស្រី បានកូនប្រុសម្នាក់ពេលនេះអាយុ២ឆ្នាំហើយ។

ដោយសារជីវភាពខ្វះខាតពេកនាងសម្រេចចិត្តមកធ្វើជាកម្មការិនីរោងចក្រ(ញូវស្តារ) ដែលមានទីតាំងជាប់ផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ បានមួយឆ្នាំស្រាប់តែលេចមុខប្ដីរបស់គាត់មកលួងលោមតាមទូរស័ព្ទផងមកជួបផង សុំរួមរស់ដោយប្រាប់ថា «គេនិងសម្រេចចិត្តលែងទាក់ទងស្រីនោះទៀតហើយនិងត្រឡប់មក ចិញ្ចឹមកូនសាងគ្រួសារវិញ» គាត់ក៏ចិត្តមិនដាច់ព្រោះធ្លាប់ជាប្ដីប្រពន្ធរៀបការពេញច្បាប់៣ខែដែរ សុខចិត្តយកវិញ ដោយប្ដីនោះនៅទៅមកៗ ប្រពន្ធនិងស្រីម្នាក់នោះ ក្រោយមក គាត់ក៏មានផ្ទៃពោះបាន០៧ខែ ស្រាប់តែប្ដីអប្រីយ៍នោះទៅបាត់ទៀត ទូរស័ព្ទក៏លែងចូលគ្មានដំណឹង ឮគេនិយាយថា បុរសនោះធ្វើការនៅរោងចក្រ(ស្រាបៀអង្គរ) មានគេឃើញនៅទីនោះ។
រហូតមកដល់ថ្ងៃទី១៦មិនា២០១៧ កន្លងទៅនេះ គាត់បានសម្រាលកូនស្រីដោយគ្មានពេទ្យ មានតែបងប្អូនជីដូនមួយ២-៣នាក់ គ្មានទាំងលុយទៀតផងនៅបន្ទប់ផ្ទះជួល ខណៈនោះ ម៉ោងជាង១យប់ បងប្អូនរបស់គាត់បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកគាត់ទៅមន្ទីរពេទ្យបង្អែក(ចំកាចេក) ខេត្តព្រះសីហនុ។ ប៉ុន្តែបានលោកប្រធាន ពេទ្យសម្រេចមិនយកថ្លៃសេវាពេទ្យ និងរថយន្ត សង្គ្រោះនោះទេ។
មកដល់ម៉ោង០៩ព្រឹកថ្ងៃទី២១មិនា២០១៧ គាត់បានសម្រេចចិត្តធ្វើលិខិតបណ្ដឹងមួយទៅសាលាសង្កាត់លេខ១ ដើម្បីឲ្យច្បាប់ជួយដោះស្រាយជាមួយប្ដីនោះ (ជួយចិញ្ចឹមកូន) ពេលនេះគាត់ពិតជាគ្មានលទ្ធភាពនោះទេ ព្រោះការសម្រាលកូននេះមិនគ្រប់ខែ (០៧ខែ) មិនមានទឹកដោះ ដើម្បីចិញ្ចឹមកូននោះទេ។ ខណៈរហូតមកដល់ថ្ងៃនេះ គម្រប់០៤ថ្ងៃហើយ សាលាសង្កាត់ស្ងត់ឈឹង។
ជាចុងក្រោយនេះគាត់បានសំណូមពរដល់ខាងសាលាសង្កាត់លេខ១ ជួយពន្លឿនអោយគាត់ផងព្រោះគាត់មិនអាចធ្វើការរោងចក្រចិញ្ចឹមកូនបានទៀតទេ គាត់បានសុំច្បាប់ដើម្បីនាំកូនទៅស្រុកកំណើតឆាប់ៗនេះហើយមិនងាយបានមកទៀតទេ សូមជួយផង៕ ដោយ៖ (ទុយ ហួត)




ផ្ដល់សិទ្ធិដោយ៖VD7News