
ចំណេះដឹង៖ បើទោះជាការនិយាយអំពីរឿងរ៉ាវសុខភាពផ្លូវភេទ ឬអាថ៌កំបាំង នៃការរួមភេទរបស់មនុស្សប្រុសស្រី បានក្លាយទៅជាប្រយោគហៅដ៏សាមញ្ញសម្រាប់មនុស្សទូទៅទៅហើយក្ដី ប៉ុន្តែការចូលទិញរបស់ការពារខ្លួន «ស្រោមអនាម័យ» នៅបណ្ដាហ្វាម៉ាស៊ី ឬនៅកន្លែងលក់នានា នៅតែជាឧបសគ្គសម្រាប់អ្នកទិញវាដដែល ខណៈមានអ្នកខ្លះបានប្រើពាក្យសម្ងាត់ផ្សេងៗ សម្រាប់ម៉ូគ្នាជាមួយអ្នកលក់ ដោយមិនប្រើពាក្យចំៗថា «ទិញស្រោមអនាម័យ»នោះទេ។
ស្ត្រីម្នាក់ជាអ្នកលក់ថ្នាំពេទ្យមួយកន្លែងនៅម្ដុំខាងជើងគល់ស្ពានជ្រោយចង្វាប៉ែកខាងលិច និងជាអ្នកលក់ដាក់វត្ថុការពារខ្លួននេះ ដោយសូមរក្សាសិទ្ធលាក់ឈ្មោះបានឲ្យដឹងថា ជាទូទៅពួកគេមិនសូវហ៊ាននិយាយចំៗថា «ទិញស្រោមអនាម័យ»នោះទេ ពេលគេមកដល់ គេប្រាប់ថា ទិញសូមឲ្យលោកជួយមួយប្រអប់មក ឬអ្នកខ្លះទៀតយកដៃចង្អុលចំរបស់ដែលគេចង់បានតែម្ដង ហើយនិយាយថា «ឲ្យអានេះមួយប្រអប់មក» ខណៈនៅមុខកន្លែងលក់ថ្នាំពេទ្យរបស់គាត់ គឺបានដាក់បង្ហាញស្រាប់ ដោយមានប្រភេទផ្សេងៗគ្នា។
យុវជនពីរនាក់ ១.ឈ្មោះ ចិត្ត្រា រីឯម្នាក់ទៀតឈ្មោះ វិចិត្រ ក៏បានលើកឡើងដែរថា ជាទូទៅគឺគេមិននិយាយភាសាចំៗ សម្រាប់ទិញរបស់ការពារខ្លួននេះទេ ព្រោះការប្រើពាក្យចំៗដូច្នេះ ហាក់បីដូចមិនសូវល្អ សម្រាប់ដៃគូរបស់ខ្លួន ដែលមកជាមួយ ហើយពេលខ្លះបណ្ដាលឲ្យនាងមានការអៀនខ្មាសផងដែរ ដូច្នេះហើយ ទើបពួកគេច្រើនជំនួសដោយពាក្យ សូមឲ្យលោកជួយមួយប្រអប់ ឬហៅចំឈ្មោះប្រភេទ ដែលខ្លួនចង់បានតែម្ដង ដូចជា សូមឲ្យ Number One មួយប្រអប់មក ជាដើម។
អ្នករត់ម៉ូតូឌុបម្នាក់មានវ័យជាង៣០ឆ្នាំ និងជាអ្នកមានបទពិសោធន៍ក្នុងវិស័យការពារសុវត្ថិភាពផ្ទាល់ខ្លួននេះប្រមាណជាង១០ឆ្នាំដែរ ដោយបច្ចុប្បន្នបុរសរូបនេះប្រកបមុខរបរខាងលើនៅម្ដុំទំនប់ទួលគោក ផ្លូវ ២៧៣ បានទម្លាយនូវបទពិសោធន៍របស់ខ្លួនដល់គេហទំព័រ news.kqube.net ថា ការចូលទិញស្រោមអនាម័យ វាមិនមែនអ្វីជាឧបសគ្គសម្រាប់លោកឡើយ ព្រោះជារឿងធម្មតាៗ ប៉ុន្តែបើលោកចូលទិញ ហើយជួបអ្នកលក់ជាបុរសដូចគ្នា លោកនិយាយមិចក៏បាន មានន័យថា និយាយប្រាប់អ្នកលក់ត្រង់ៗថា ទិញស្រោមអនាម័យមួយប្រអប់ក៏បាន ព្រោះថា ជាប្រុសដូចតែគ្នា មានអ្វីត្រូវអៀន។
បុរសម៉ូតូឌុបរូបនេះបន្តថា ប៉ុន្តែបើជួបអ្នកលក់ជាស្ត្រីវិញ គឺត្រូវប្រើភាសានិយាយឲ្យបានសមរម្យ ថ្វីតែនាងជាអ្នកលក់របស់នោះពិតមែន ប៉ុន្តែលោកយល់ថា យ៉ាងណាក៏នាងនៅមានការអៀនខ្មាសយើងជាមនុស្សប្រុសដែរ ដូច្នេះតាមបទពិសោធន៍របស់លោក ច្រើនតែនិយាយថា «ទិញលោកជួយមួយប្រអប់» ហើយពេលខ្លះក៏ប្រាប់ថា «ឲ្យរបស់ការពារមួយប្រអប់ ហើយយកអារ៉ូមាតិច និងបានយូរ»។យ៉ាងណាមិញម្ចាស់ហ្វាម៉ាស៊ីមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លវលេខ ៧០ ខាងលិចគល់ស្ពានជ្រោយចង្វាប្រមាណជាង៥០០ម៉ែត្រ មានឈ្មោះថា ស៊ុន ពោង បានឲ្យដឹងថា ជាទូទៅអតិថិជនដែលធ្លាប់ចូលទិញនៅហ្វាម៉ាស៊ីរបស់លោក ច្រើនតែនិយាយថា សុំទិញស្រោមអនាម័យ ចឹងតែម្ដង ប៉ុន្តែក៏មានអ្នកខ្លះទៀត គាត់អត់អញ្ចឹងទេ ជួនកាលគាត់មកដល់ គាត់សួររកទិញនេះទិញនោះសិន ហើយក្រោយមក ទើបប្រាប់ថា ទិញស្រោមអនាម័យមួយប្រអប់ អីអញ្ចឹងទៅ។
លោកក៏បានបន្តទៀតថា អ្នកខ្លះគាត់មកដល់ក៏ចង្អុលលើរបស់នោះតែម្ដង ហើយប្រាប់ថា យកមួយប្រអប់ ប៉ុន្តែពាក្យសម្ងាត់អ្វីផ្សេងទៀតលោក មិនធ្លាប់ជួបនោះទេ។ ចំពោះនៅហ្វាម៉ាស៊ីរបស់លោក ក្នុងមួយថ្ងៃ មានអ្នកចូលទិញរបស់ការពារខ្លួននេះប្រមាណជា ២០ ទៅ៣០នាក់ ទាបបំផុតក៏ត្រឹម ៤-១០នាក់ដែរ ហើយភាគច្រើនពួកគេ ជាបុរស។
សូមបញ្ជាក់ថា បើយោងតាមការផ្ដល់អនុសាសន៍របស់ហ្វាម៉ាស៊ីទាំងអស់នោះ ដែលខេឃ្យូបបានចុះទៅជួបផ្ទាល់ គឺអ្នកទិញរបស់ការពារខ្លួន «ស្រោមអនាម័យ» ទាំងអស់មិនគួរ មានការអៀនខ្មាស ចំពោះការនិយាយក្នុងពេលទិញវានោះទេ ផ្ទុយទៅវិញ គប្បីសួរអំពីវិធីប្រើឲ្យបានច្បាស់លាស់ ខណៈដែលខ្លួនគ្មានបទពិសោធន៍ នោះទើបជាការល្អប្រសើរ ម្យ៉ាងទៀតនឹងធ្វើឲ្យដៃគូរបស់អ្នកកាន់តែមានទំនុកចិត្តលើអ្នកផងដែរ៕
ផ្ដល់សិទ្ធិដោយ៖VD7News