
ប៉ូលិសរបស់ប្រទេស ម៉ាឡេស៊ី បញ្ជាក់ថា នឹងមានការចាប់ខ្លួនមនុស្សច្រើនថែមទៀតក្នុងករណីឃាតកម្មលោក គីម ជុងណាម ដែលជាបងប្រុសឪពុកតែមួយម្ដាយផ្សេងគ្នាជាមួយមេដឹកនាំ កូរ៉េខាងជើង បច្ចុប្បន្ន ។ ឧត្ដមសេនីយ៍ កាលីត អាប៊ូ បាកា (Khalid Abu Bakar) មិនបានបញ្ជាក់ច្បាស់អំពីការចាប់ខ្លួនមនុស្សផ្សេងទៀតឡើយ ប៉ុន្តែនិយាយថា ប្រតិបត្តិការនឹងធ្វើឡើងនៅពេលវេលាមួយដែលសមស្រប ។
ប៉ូលិស ម៉ាឡេស៊ី បានកំណត់អត្តសញ្ញាណជនជាតិ កូរ៉េខាងជើង 8 រូប ដែលត្រូវនាំខ្លួនទៅសាកសួរ ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលោក គីម ជុងណាម ក្នុងនោះមួយចំនួនកំពុងលាក់ខ្លួនក្នុងស្ថានទូត កូរ៉េខាងជើង ប្រចាំទីក្រុង កូឡាឡាំពួរ ។
ដោយឡែកស្ត្រីជនជាតិ វៀតណាម ម្នាក់ និងស្ត្រីជនជាតិ ឥណ្ឌូណេស៊ី ម្នាក់ ត្រូវបានចោទប្រកាន់ចំពោះអំពើឃាតកម្ម ។ លោក គីម ជុងណាម ត្រូវបានគេធ្វើឃាតនៅថ្ងៃទី ១៣ ខែ កុម្ភៈ ក្នុងអាកាសយានដ្ឋានទីក្រុង កូឡាឡាំពួរ ធ្វើឡើងដោយស្ត្រីទាំងពីរនាក់នោះ ដែលប្រើប្រាស់ម្សៅគីមីពុល VX ធ្វើជាអាវុធ ដោយយកម្សៅគីមីពុល ខ្ទប់មុខលោក គីម ជុងណាម ។ ម្សៅ VX ត្រូវបានអង្គការសហប្រជាជាតិសម្រេចដាក់បញ្ចូលក្នុងក្រុមអាវុធមហាប្រល័យ ដែលមានន័យថា គ្មានប្រទេសណាមួយត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឡើយ ។ ប្រភពៈ reuters
ផ្ដល់សិទ្ធិដោយ៖KQUBE