
ជីវពល ISIS ឡើងលើងដំបូលផ្ទះប្រជាជនក្នុងទីក្រុងមូស៊ុលនៅពេលយន្តហោះ អាមេរិក ឬយន្តហោះ អ៊ីរ៉ាក់ ទៅដល់ ដើម្បីបញ្ឆោតឲ្យយន្តហោះទម្លាក់គ្រាប់បែកលើផ្ទះជនស៊ីវិលបំណងធ្វើឲ្យចំនួនជនស៊ីវិលដែលស្លាប់ក្នុងសង្គ្រាមកើនឡើងខ្ពស់ ដោយសង្ឃឹមថារដ្ឋាភិបាលអ៊ីរ៉ាក់នឹងបន្ធូរបន្ថយប្រតិបត្តិការវាយប្រហាររំដោះទីតាំងដែលនៅសល់តែមួយរបស់ក្រុមជីហាត គឺសង្កាត់មូស៊ុលចាស់នៅភាគខាងលិចទីក្រុងមូស៊ុល ។
ទីបំផុតការទម្លាក់គ្រាប់បែកពីយន្តហោះបានសម្លាប់ជនស៊ីវិលយ៉ាងតិច ២០០ នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ។ ចំណែកការប្រយុទ្ធថ្មើរជើងរបស់ទាហាន អ៊ីរ៉ាក់ ជួបនឹងការប្រយុទ្ធទប់ទល់យ៉ាងខ្លាំងពីក្រុម ISIS តាមយុទ្ធសាស្ត្រផ្សេងៗ ដោយទីតាំងខ្លះពោរពេញដោយអ្នកលួចបាញ់កាំភ្លើងស៊ីប ចំណែកកន្លែងខ្លះមានគ្រាប់ផ្ទុះបង្កប់គ្រប់ទីកន្លែង ។ នៅពេល ISIS ព្យាយាមប្រយុទ្ធទប់ទល់ខ្លាំង ទាហាន អីុរ៉ាក់ នឹងត្រូវប្រយុទ្ធពីចន្លោះផ្លូវមួយទៅចន្លោះផ្លូវមួយ និងពីផ្ទះមួយទៅផ្ទះមួយ ដែលជាការប្រយុទ្ធគ្នាដ៏សាហាវ ពេលដែលសមាជិក ISISស្ថិតក្រោមសម្ពាធពីគ្រប់ទិស ។
ពេលនេះ ទាហានពិសេស និងកងកម្លាំងប្រឆាំងភេរវកម្មវាយប្រហារពីទិសខាងកើត ចំណែកទាហានរដ្ឋាភិបាល និងកងកម្លាំងជនជាតិ ខឺត វាយប្រហារពីទិសខាងត្បូង ហើយជីវពលស៊ីអ៊ីត និងកងកម្លាំងមកពី អ៊ីរ៉ង់ វាយប្រហារពីទិសខាងលិច ។ ទាហានប៉ារ៉ារបស់ជីវពលស៊ីអីុត គាំទ្រដោយកងកម្លាំងមកពីប្រទេស អីុរ៉ង់ បន្តវាយសម្រុកឆ្ពោះទៅរកសង្កាត់មូស៊ុលចាស់ ដោយបានដណ្ដើមយកភូមិនានានៅក្បែរទីតាំងចុងក្រោយ ។ កាំភ្លើងយន្ត និងរថពាសដែកជាច្រើនគ្រឿង ត្រូវបានប្រើប្រាស់ដើម្បីវាយប្រហាររុលទៅមុខ តាមបណ្ដោយមហាវិថីដោយមានទង់ជាតិ ជីវពល ស៊ីអ៊ីត និងទង់ជាតិ អីុរ៉ាក់ ។
ផ្ដល់សិទ្ធិដោយ៖KQUBE